
ថ្ងៃទី៥ ខែធ្នូ គឺជាទិវាដ៏មានអត្ថន័យដែលអង្គការសហប្រជាជាតិ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ ដើម្បីទទួលស្គាល់ និងអបអរសាទរនូវអំណាច និងសក្តានុពលនៃការងារស្ម័គ្រចិត្តនៅទូទាំងពិភពលោក។ ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូ ក៏ជាឱកាសមួយ ដើម្បីសម្ដែងការដឹងគុណដល់ការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តទូទាំងពិភពលោក និងដើម្បីទទួលស្គាល់គុណតម្លៃរបស់អ្នកស្ម័គ្រចិត្តក្នុងការជំរុញឱ្យមានសន្តិភាព ការអភិវឌ្ឍ និងដោះស្រាយបញ្ហានានាក្នុងសហគមន៍។

យ៉ាងណាមិញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ។ ពិធីនេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ស្មារតីស្ម័គ្រចិត្ត៖ យើងរួមគ្នាកសាងសង្គមឌីជីថល ដែលមានការទទួលខុសត្រូវ និងសាមគ្គីភាព” ដែលមានវត្តមានឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង អង្គការពាក់ព័ន្ធអ្នកស្ម័គ្រចិត្ត បណ្តាញយុវជន តំណាងវិស័យឯកជន ថ្នាក់ដឹកនាំមន្ទីរ និងប្រតិភូយុវជនមកពី ២៥រាជធានីខេត្ត ចំនួនជាង ៤០០នាក់ ។

ឯកឧត្តម សេរី ជំនះ បានមានប្រសាសន៍ថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ ឬ VMC) ជាកម្មវិធីថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រកួតវគ្គផ្ដាច់ព័្រត្ររបស់ខ្លួនចាប់ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរទិវានេះផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូនានា បានលើកកម្ពស់ការងារស្ម័គ្រចិត្តតាមគ្រប់រូបភាពក្នុងចំណោមមហាជន និងយុវជន ក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ដែលពួកគេកំពុងរស់នៅ និងធ្វើឱ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោក វន សំភាស់ ប្រធានអង្គការ អេត អេ អាក់ស្យុង បានលើកឡើងថា តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តនានា គេមើលឃើញថា អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងពិភពលោកបានបំពេញការងារនៅជួរមុខ មិនថាស្ថិតក្នុងវិស័យអប់រំ សុខាភិបាល ការការពារបរិស្ថាន ឬការកសាងសន្តិភាពឡើយ។ ពួកគេបាននាំមកនូវជំនាញ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមទៅកាន់តំបន់ដែលត្រូវការបំផុត។

ជាមួយគ្នានេះដែរ នាយកអង្គការរូបនេះ បានបន្ថែមថា តាមរយៈអង្គការ អេត អេ អាក់ស្យុង កន្លងមក គឺតែងតែផ្ដល់ឱកាសទៅដល់យុវជនគ្រប់ស្រទាប់វណ្ណៈ បានចូលរួមសកម្មភាពស្ម័គ្រចិត្តនានាជាច្រើន ដែលសរុបមកទល់និងពេលនេះ ប្រហែលជាង១០០០នាក់ ដោយផ្ដោតសំខាន់ទៅលើកិច្ចការសកម្មភាពអប់រំ បរិស្ថាន និងកសិកម្មជាដើម។

លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “ការស្ម័គ្រចិត្តមិនត្រឹមតែជាអំពើល្អប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ ក្នុងការកសាងភាពធន់សហគមន៍ និងការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។”

យុវត្តី បញ្ញា ម៉ាលីហ្សា ជាសិស្សមកពីខេត្តឧត្តរមានជ័យ បានលើកឡើងថា យុវជនស្ម័គ្រចិត្ត គឺជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ដោយសារតែយុវជនទាំងនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍកិច្ចការងារសង្គមទាំងជំនាញទន់ និងជំនាញរឹង ជាពិសេសចូលរួមជួយកិច្ចការងារក្នុងសហគមន៍ទាំងប្រយោល និងផ្ទាល់ផងដែរ។

គូសបញ្ជាក់ថា កម្មវិធី ស.ស.ខ មានគោលបំណង បីសំខាន់ៗ ១). ដើម្បីយុវជន, ២). ដើម្បីសហគមន៍ និង ៣). ដើម្បីស្ថាប័ន ជាពិសេស ក្នុងការពង្រឹងសមត្ថភាពបំណិនទន់ ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្តទាំងយុវជនក្នុងសាលា និងយុវជនក្រៅសាលា តាមរយៈការរៀនតាក់តែង និងអនុវត្តគម្រោងសម្រាប់ជួយដល់ការអភិវឌ្ឍសហគមន៍៕




សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




