លោក វន សំភាស់៖«ការងារស្ម័គ្រចិត្តមានសារៈសំខាន់សម្រាប់យុវជនព្រោះជាឱកាសរៀនសូត្រនិងជាជំនាញមួយដែលឥតបង់ថ្លៃ»

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង ធ្លាប់ជាយុវជនស័្មគ្រចិត្តបង្រៀនភាសាអង់គ្លេសដល់អ្នកទោសប្រមាណ១៥០នាក់រយៈពេលជិត១ឆ្នាំ នៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដើម្បីបំពេញក្តីស្រម៉ៃដែលចង់ក្លាយជាគ្រូបង្រៀន។ ៥ឆ្នាំក្រោយមកក្តីស្រម៉ៃរបស់លោកបានក្លាយជាការពិតដោយលោកបានក្លាយជាគ្រូមហាវិទ្យាល័យថ្នាក់បរិញ្ញាបត្រ ហើយ៧ឆ្នាំក្រោយលោកក៏បានក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យផ្នែកអនុបណ្ឌិត និងមានឱកាសបន្តការសិក្សានៅក្រៅប្រទេស។ លោកបញ្ជាក់ថា លទ្ធផលនេះគឺកើតចេញពីការងារស្ម័គ្រចិត្តរបស់លោក។ ដូច្នេះហើយទើបលោកចាត់ទុកថា ការងារស្ម័គ្រចិត្តពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដោយជួយពង្រឹងបំណិន ជំនាញទំនាក់ទំនង ដោះស្រាយបញ្ហា កៀរគរធនធាន និងធ្វើការងារជាក្រុម ដែលទាំងនេះគឺជាជំនាញដែលត្រូវការសម្រាប់ការងារ ជីវិតប្រចាំថ្ងៃ និងអនាគតរបស់ពួកគេទាំងមូល។  

 បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥ លោក វន សំភាស់ បានលើកឡើងបន្ថែមថា អង្គការអេដ អេ អាកស្យុង តែងតែបានចូលរួមគាំទ្រចលនាស្ម័គ្រចិត្តទាំងយុវជន និងមនុស្សពេញវ័យ ដោយបន្តគាំទ្រអង្គការដៃគូ និងយុវជនស្ម័គ្រចិត្តនៅតាមសហគមន៍រាប់ពាន់នាក់ទាំងផ្ទាល់ និងប្រយោល។ អង្គការអេដ អេ អាកស្យុង បានផ្តល់ជាកម្មវិធីបណ្តុះបណ្តាល ជាសម្ភារៈ ថវិកា សម្រាប់ពួកគេអនុវត្តកម្មវិធីបរិស្ថាន សិល្បៈ អប់រំ បំណិន និងសេដ្ឋកិច្ច។ គាំទ្រការស្ម័គ្រចិត្តដល់មនុស្សពេញវ័យ សហគមន៍នេសាទ សហគមន៍ទេសចរណ៍ សហគមន៍ព្រៃឈើ សម្រាប់ពាំនាំធនធានធ្វើការងារអភិរក្ស អភិវឌ្ឍន៍អេកូទេសចរណ៍ និងផ្នែកវារីវប្បកម្មជាដើម។  ទន្ទឹមនឹងការបញ្ជាក់ខាងលើនេះ លោកក៏សំណូមពរដល់យុវជន ឬពលរដ្ឋទូទៅសូមចូលរួមការងារស្ម័គ្រចិត្ត ព្រោះវាជាឱកាសរៀនសូត្របំណិនជីវិត និងជាជំនាញមួយដែលឥតបង់ថ្លៃ ព្រមទាំងបានសាងអំពើល្អរបស់ខ្លួន។ យុវជនទាំងអស់ត្រូវគិតថា ខ្លួនអាចរួមចំណែកអ្វីខ្លះជាមួយការងារអភិវឌ្ឍន៍សហគមន៍ សាលារៀន ភូមិ ឃុំ លើវិស័យណាមួយដែលខ្លួនចាប់អារម្មណ៍ ដូចជាវិស័យបរិស្ថាន សំរាម ព្រៃឈើ ការជួយបង្រៀនដល់កុមារ និងវិស័យកសិម្ម ដោយចូលប្រឡូកនិងគួរចាប់ផ្តើមពីពេលនេះទៅ។  យុវសិស្សឈ្មោះ បញ្ញា ម៉ាលិស្សា រៀនថ្នាក់ទី១១ មកពីវិទ្យាល័យតេជោសែនសំរោង នៃខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នាងបានចូលរួមជាយុវជនស្ម័គ្រចិត្តជួយដល់សហគមន៍ ដោយបានបង្កើតជាក្លិបហាត់ប្រាណ ក្លិបសិក្សា បង្រៀនមេរៀនពីសុខភាព និងបង្កើតសៀវភៅអប់រំសុខភាពដល់សិស្សានុសិស្សនិងយុវជន។ នាងបន្តថា ការចូលរួមការងារស្ម័គ្រចិត្តនេះនាងក៏ទទួលបានចំណេះដឹងជាច្រើនផងដែរ។ 

យោងតាមឯកសារទស្សនទានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ អ្នកស្ម័គ្រចិត្តបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែង ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានទុកចោល ជំរុញឱ្យមានសកម្មភាពទប់ស្កាត់ និងការពារការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ការវិនិយោគកាន់តែច្រើនក្នុងការងារស្ម័គ្រចិត្ត គឺជាឱកាសមួយដើម្បីកាត់បន្ថយគម្លាតសង្គម ដោយបង្កើតឱកាសដើម្បីកសាងទំនុកចិត្ត ការយោគយល់គ្នា និងសាមគ្គីភាព ដែលជាដំណោះស្រាយចំពោះបញ្ហាប្រឈមជាក់ស្តែងនៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន និងទៅអនាគត៕ ដោយ៖ថា ចាន់ធី 


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន វាយោ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *