ដើម្បីចូលរួមជាមួយរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតទៅលើការជម្រុញឱ្យកុមារចំនាកស្រុកពីប្រទេសថៃ ត្រលប់មកស្រុកកំណើត មានលទ្ធភាពបានចូលរៀនឡើងវិញ អង្គការ អេដ អេ អាក់ស្យុង គ្រោងនឹងផ្ដល់ជំនួយមនុស្សធម៌ រួមជាមួយសំភារសិក្សាមួយចំនួន ទៅកាន់កុមារជាង២ម៉ឺននាក់នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមការលើកឡើង លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot កាលពីពេលថ្មីៗនេះ។

លោកបានបន្ថែមថា អង្គការ AEA គ្រោងនឹងជួយផ្ដល់ជាមធ្យោបាយធ្វើដំណើរ និង សំភារៈសិក្សាមួយចំនួនទៅដល់កុមារចំនួនជាង២ម៉ឺននាក់ ដែលមានឪពុកម្ដាយធ្វើការនៅប្រទេសថៃ ហើយបានវិលត្រលប់មកកម្ពុជាវិញ ខណៈលោកមើលឃើញថា កុមារភាគច្រើន គឺមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រពីគ្រប់សមភាគី និងអង្គការដៃគូរអភិវឌ្ឍនានចូលរួមជួយទៅកាន់ពួកគេ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “តាមពិតទៅ! យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ កុមារដែលត្រលប់មកជាមួយឪពុកម្ដាយដែលជាពលករចំនាកស្រុកពីប្រទេសថៃមកវិញមានចំនួនប៉ុន្មាននាក់ ដើម្បីយើងបានរួមចំណែកជាមួយក្រសួងក្នុងការជួយជាសំភារៈសិក្សា ឬរបស់របរប្រើប្រាស់ផ្សេងៗ ដែលជួយឱ្យកុមារទាំងនោះមានលទ្ធភាពសិក្សាពេញលេញដូចទៅនិងកុមារដ៍ទៃ”។
យ៉ាងណាមិញ លោក វន សំភាស់ បាទទូចស្នើសុំទៅស្ថាប័នអន្តរជាតិ ដើម្បីបន្តចូលរួមតាមដាននៅសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យប្រទេសទាំងពីរឈានទៅរកកិច្ចចរចារសន្តិភាពពេញលេញ ពិព្រោះបើបញ្ហាជម្លោះនេះ នៅតែបន្តកើតមានឡើង សម្រាប់អ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺ កុមារ ស្រ្តីមានផ្ទៃពោះ និង មនុស្សចាស់ជរា ហេតុដូច្នេះ លោកនៅតែសង្កេតឃើញថា មានតែដំណោះស្រាយការទូតដោយ យកតុលាការយុត្តិធម៌ជាមធ្យោបាយ សម្រាប់បញ្ចប់សង្រ្គាម គឺជាផ្លូវដោះស្រាយដ៏ល្អបំផុត ដើម្បីកាពារនៅឧត្តមប្រយោជន៍កុមារកម្ពុជាផងដែរ។

ទាក់ទងនិងបញ្ហាកុមារចំនាកស្រុកពីប្រទេសចូលមកកម្ពុជា លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន គឺ បានកំពុងគិតគូរអំពីបញ្ហាក្នុងការស្វែងរកដំណោះស្រាយកុមារចំនាកស្រុកពីប្រទេសថៃ អាចចូលទៅសិក្សានៅសាលាបឋមសិក្សាដែលជាស្រុកកំណើតពួកគេកំពុងរស់នៅ ហើយបើសិនកុមារដែលជួបប្រទះបញ្ហាខ្វះខាតសំភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀន គឺ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នឹងអន្តរាគមន៍ជួយពួកគេភ្លាមៗ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៤ សីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ធ្វើការសម្របសម្រួលលក្ខខណ្ឌ នីតិវិធី ឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ទទួលកុមារចំណូលស្រុកពីប្រទេសថៃ ឱ្យចូលរៀន កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នេះជាឆ្នាំសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ/សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត៕
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




