រយៈពេលជិត១០ឆ្នាំ AEA បានផ្ដល់កង់ប្រមាណជាង២៥ ០០០ គ្រឿង ជូនកុមារងាយរងគ្រោះ និងក្រីក្រ នៅទូទាំងរាជធានី-ខេត្ត

ដោយមើលឃើញនៅទុក្ខលំបាកសម្រាប់កុមារតូចៗ ដែលសិក្សានៅកម្រិតបឋមសិក្សានៅតាមបណ្ដាខេត្តគោលដៅ ដែលជួបប្រទះបញ្ហាខ្វះខាតមធ្យោបាយធ្វើដំណើរៀនសូត្រ និង សង្កេតឃើញថា កុមារមួយចំនួនរស់នៅឆ្ងាយពីសាលារៀន ពិបាកក្នុងការធ្វើដំណើរទៅកាន់សាលា អង្គការ អេដ អេ អាក់ស្យុង ក្នុងភាពជាដៃគូជាមួយនិង មូលនិធិ Education Above All Foundation បានផ្ដល់កង់សរុបចំនួនជាង ២៥ ០០០គ្រឿងដល់កុមារដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាតនៅទូទាំង២៥រាជធានី-ខេត្ត ដើម្បីឱ្យពួកគេមានលទ្ធមានមធ្យោបាយគ្រប់គ្រាន់ទៅសិក្សារៀនសូត្រនៅសាលារៀន។

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot អំឡុងពេលទៅចូលរួមពិធីប្រគល់ ទទួលសម្ភារៈសិក្សា កង់ ឡាបូលាងសម្អាតដៃ និងម៉ាស៊ីនចម្រោះទឹកស្អាត ជូនដល់កុមារជួបការលំបាក កាលពីថ្ងៃម្សិលមិញថា AEA តែងតែចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការសិក្សារបស់កុមារ និងផ្ដោតសំខាន់ទៅលើការលម្អបញ្ហាសុខភាព អនាម័យនៅតាមតំបន់សាលារៀនគោលដៅមួយចំនួននៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្ថែមថា រយៈពេលជាង១០ឆ្នាំកន្លងមក តាមរយៈមូលនិធិផ្ទាល់របស់អង្គការ និង តាមរយៈការទម្លាក់កញ្ចប់ថវិការទៅកាន់អង្គការដែលជាដៃគូអភិវឌ្ឍនានា ដែលបានអនុវត្តន៍ទៅលើគម្រោងធ្វើឱ្យប្រសើរឡើងនៅការសិក្សាកុមារតូចនៅកម្រិតបឋមសិក្សា គឺ មកទល់និងពេលនេះ កង់ប្រមាណជា២៥ ២៥០ គ្រឿង គឺ ត្រូវបានចែកជូនកុមារងាយរងគ្រោះ និងជួបទុក្ខលំបាក ដើម្បីជួយឱ្យពួកគេមានកង់ជិះទៅរៀនដូចកុមារដ៏ទៃ។ 

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លង មកនេះ គឺបានធ្វើកិច្ចសហប្រតិបត្តិការសកម្មភាពការអនុវត្តគម្រោងជាច្រើន ក្នុងគោលដៅខេត្តកំពង់ធំ ជាមួយអង្គការដៃគូ អេដ អេ អាក់ ស្យុង(AEA) ដោយទទួល បាននូវសមិទ្ធផលជាច្រើនសម្រាប់ ការអភិវឌ្ឍន៍ ក្នុងខេត្តទាំងមូល។

លោកបានបន្ថែមថា មកទល់និងពេល សមាគមនក្រុមប្រឹក្សាមូលដ្ឋាន គឺ បានជួយកុមារជួបការលំបាកចំនួន៤,៩០០នាក់ ដែលទទួលបានផលពីគម្រោងមួយនេះ នឹងបានផ្ដល់កង់ចំនួន៤០០គ្រឿងទៅកាន់សិស្សនុសិស្សដែលរស់នៅឆ្ងាយពីសាលារៀន និង មានជីវភាពខ្វះខាតផងដែរ។ 

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់អង្គការដៃគូ អេដ អេ អាក់ស្យុង សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, រដ្ឋបាលខេត្ត, រដ្ឋបាលក្រុងស្រុក, មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រ និងកំពុងបន្តការគាំទ្រដល់ដំណើរការលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាននៅកម្ពុជា ជាពិសេស បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងជាមួយសមាគមដើម្បីជួយដល់កុមារ និងការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំទាំងមូល៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *