
ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលមានរយៈពេលជិតបួនឆ្នាំ និងទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុប បានឈានដល់ចំណុចបញ្ចប់ ដោយនាំមកនូវផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងចំពោះសហគមន៍នេសាទនៅតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប នៅតាមខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។
គម្រោងនេះកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហគមន៍មូលដ្ឋាន និងអាជ្ញាធរដែលពាក់ព័ន្ធ ជាមួយការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន។ ប្រជាជនជាង ២,០០០នាក់ និងសិស្សជាង ៣,២០០នាក់បានចូលរួមទទួលអត្ថប្រយោជន៍ពីការចូលប្រើប្រាស់ទឹកស្អាត និងការកែលម្អអនាម័យ។ ការរៀបចំបរិស្ថានក្នុងសាលារៀនក៏បានធ្វើឱ្យសិស្សជាង ២០,០០០នាក់ទទួលបានបរិយាកាសសិក្សាដែលសមស្រប និងមានសុវត្ថិភាពជាងមុន។
ការជំរុញការផលិតផលិតផលមូលដ្ឋានដូចជា ទឹកឃ្មុំ ការបង្កើនទេសចរណ៍ធម្មជាតិ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏បានជួយបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមនេសាទ ពិសេសក្រុមដែលដឹកនាំដោយស្ត្រី។ គម្រោងបានផ្ដល់សមត្ថភាពថ្មីៗសម្រាប់សហគមន៍ក្នុងការស្វែងរកទីផ្សារកាន់តែធំ និងចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិតាមរយៈវិធីប្រកបដោយនិរន្តរភាព។
គម្រោងនេះក៏បាននាំគំនិតច្នៃប្រឌិតដូចជា “ឥដ្ឋអេកូ” ដែលគឺជាការកែច្នៃប្លាស្ទិកទម្ងន់ ៤,០០០ គីឡូក្រាម ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ រីឯផ្នែកអប់រំនៅក្នុងគម្រោងក៏បានផ្ដល់អាហារ អាហារូបករណ៍ និងសម្ភារៈសិក្សាជូនសិស្សប្រមាណ ១០,០០០នាក់ ដែលជាជំនួយសំខាន់សម្រាប់គ្រួសារ ខណៈដែលក្រុមស្ត្រីដឹកនាំក្នុងសហគមន៍ ក៏ទទួលបានឱកាសចូលរួមលើការផលិត ទេសចរណ៍ និងទីផ្សារ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងក្នុងសិក្ខាសាលាបិទគម្រោង«បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ ដោយលោកស្រីបានបញ្ជាក់ថា “តាមរយៈគម្រោង EU-CAPFISH/FOSTER Lot 1 យើងបានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គំរូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។”
គាត់ក៏បានអំពាវនាវដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍ឱ្យបន្តវិនិយោគលើដំណោះស្រាយដែលគាំទ្រដល់សហគមន៍ និងការពារធនធានធម្មជាតិរួម។
លោក ស្រ៊ុន លឹមសុង អនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤កន្លងមក ប្រទេសកម្ពុជាបានទទួលផលនេសាទ និងវារីវប្បកម្មសរុបចំនួនជាង ៩២៧,០០០ តោន កើនឡើង ៦១,០០០ តោន ឬស្មើនឹង ៧ភាគរយ ធៀបនឹងឆ្នាំ២០២៣»។
ក្នុងនោះ មានផលនេសាទទឹកសាប ៤៦៧,០០០ តោន ផលនេសាទសមុទ្រ ១៣៩,០០០ តោន និងផលវារីវប្បកម្ម ៣២០,០០០ តោន។
សូមបញ្ជាក់ផងដែរថា ការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិនៅតំបន់បឹងទន្លេសាបក៏ទទួលបានលទ្ធផលល្អ ដោយសារបានសង្កេតឃើញកូនផ្សោតកើតថ្មី ៩ក្បាល និងការលេចមុខវិញនៃជ្រូកទឹកបន្ទាប់ពីបាត់ខ្លួនជាង ១០ឆ្នាំ។ ក្នុងចំណោមនេះ ផ្សោតពណ៌ផ្កាឈូក និងផ្សោតក្បាលត្រឡោកក៏បានកើនចំនួនដល់១១១ក្បាលក្នុងឆ្នាំ២០២៥៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រ ឌឹ អុីរ៉ាវាឌី ដូលហ្វីន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




