ក្លិបអ្នកនិពន្ធវ័យក្មេង នឹងពង្រឹងសមត្ថភាពយុវជនឱ្យស្រលាញ់សំណេរ និងការនិពន្ធសៀវភៅ

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សំណេរ និងការនិពន្ធសៀវភៅឱ្យកាន់តែមានភាពសម្បូរបែបនោះ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) និងអង្គការ អេដ អេ អាកស្យុង រួមទាំងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានផ្ដួចផ្ដើមគំនិត បង្កើតក្លិបបណ្តុះថ្នាលអ្នកនិពន្ធវ័យក្មេង ដើម្បីបណ្តុះពួកគេឲ្យចេះសរសេរ ផលិតសៀវភៅ និងការបោះពុម្ពផ្សាយ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរបស់ក្លិបអ្នកនិពន្ធវ័យក្មេងនេះ គឺចង់បង្កើតគំនិតច្នៃប្រឌិតឱ្យលើសពីការអានទៅដល់យុវជន ។ មូលហេតុអ្វី? នោះក៏ព្រោះតែយុវជនភាគច្រើនចូលចិត្តអាន តែមិនសូវចូលចិត្តសរសេរ។ មែនទែនទៅ ការអាន ងាយស្រួលជាងការសរសេរ ដូចពាក្យមួយឃ្លាថា «ការអាន គឺជាការទទួល តែការសរសេរ គឺជាការផ្តល់»។ 

ក្នុងន័យនេះ យុវជនដែលនិយមការអាន ពិតជាទទួលបាននូវចំណេះដឹងពីរឿងរ៉ាវនៅក្នុងសៀវភៅ ឬឯកសារនានា ជាពិសេសអារម្មណ៍សប្បាយរីករាយ ទុក្ខសោក មួរមៅ ខឹងសម្បារ ទៅតាមខ្លឹមសាររបស់អ្នកនិពន្ធសៀវភៅនីមួយៗ។ ប៉ុន្តែពួកគេមិនទាន់ដឹងឡើយថា ការរៀបចំសំណេរឱ្យបានល្អ រហូតដល់អ្នកអានជក់ចិត្តនេះ វាមានការលំបាកប៉ុណ្ណា? ត្រូវការចំណេះដឹងផ្នែកអក្សរសាស្រ្តខ្មែរ និងវេយ្យាករណ៍បែបណាខ្លះ? ការតាក់តែងឃ្លាសំណេរពីមួយកថាខណ្ឌ ទៅមួយកថាខណ្ឌទៀត ត្រូវការភាពបត់បែនតាមអត្ថន័យសាច់រឿង យ៉ាងម៉េចខ្លះ? ការចាប់ផ្ដើមឃ្លាពីចំណុចណាទៅចំណុចណាឱ្យបានល្អ យ៉ាងដូចម្ដេច? ទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ និងលំបាកនៅក្នុងការតាក់តែងសំណេរ។ នេះមិនទាន់គិតដល់ការផ្ចង់អារម្មណ៍ និងអត់ធ្មត់ ក្នុងការសរសេរខ្លឹមសារឱ្យបានល្អផង។

ដោយសារតែឃើញយុវជនបច្ចុប្បន្ន មិនសូវចូលចិត្តសរសេរ ហើយប្រើប្រាស់សំណេរមិនទាន់ត្រឹមត្រូវនេះ ទើបក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) និងអង្គការ អេដ អេ អាកស្យុង សម្រេច បង្កើតក្លិបបណ្តុះថ្នាលអ្នកនិពន្ធវ័យក្មេងនេះ ដើម្បជួយតម្រង់ផ្លូវពួកគេឱ្យយល់កាន់តែច្បាស់ពីភាពចាំបាច់ក្នុងការសរសេរឱ្យបានច្រើន និងសរសេរឱ្យបានល្អ ច្រើនជាងការស្ដាប់ និងការអាន។ ម្យ៉ាងទៀតការសរសេរនឹងជួយឱ្យពួកគេរក្សាបាននូវគុណតម្លៃអក្សរសាស្រ្តខ្មែរ ,ចេះប្រើប្រាស់ពាក្យខ្មែរកាន់តែច្រើន និងល្អត្រឹមត្រូវ។ លើសពីនេះ ការចងក្រងសំណេរនៅក្នុងសៀវភៅ ក៏អាចក្លាយជាឯកសារសំខាន់សម្រាប់យុវជនជំនាន់ក្រោយទៀតផង។

សម្រាប់វគ្គបណ្ដុះបណ្ដាលរបស់ក្លិបអ្នកនិពន្ធវ័យក្មេងនេះ មានការគាំទ្រដោយភោជនីយដ្ឋាន ម៉ែ ឌី និងទទួលបានការឧបត្ថម្ភពីមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលតែងតែចូលរួមលើកកម្ពស់ការអាន និងការសរសេរនៅកម្ពុជា៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *