កុមាររស់នៅលើបឹងទន្លេសាប ប្រឈមអនាគតមិនច្បាស់លាស់ព្រោះខ្សត់វិទ្យាល័យនៅក្បែរផ្ទះ

ខណៈពេលដែលប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឌីជីថលនីយកម្មនៃការអប់រំដោយបានធ្វើការជាមួយអង្គការពាក់ព័ន្ធផ្សេងៗ កុមារនៅក្នុងភូមិបណ្តែតទឹកលើបឹងទន្លេសាប កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសារតែខ្វះឱកាស និងលទ្ធភាពទទួលបានការអប់រំនៅកម្រិតវិទ្យាល័យ

សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។

យុវតី​​ វ័ន្ត អាលីហ្សា អាយុទើបតែ១៥ឆ្នាំ ធ្វើដំណើរចម្ងាយ១៤គីឡូម៉ែត្រតាមដងទន្លេ ដើម្បីចូលរៀននៅថ្នាក់អនុវិទ្យាល័យព្រៃចាស់ លើបឹងទន្លេសាប ដែលនាងរីករាយនឹងការធ្វើដំណើរទៅរៀន ប៉ុន្តែមិនយូរទៀតទេ នាងនឹងមិនបានទៅរៀនទៀតឡើយ។ ពីរ​បី​ឆ្នាំទៅមុខ​ទៀត នាង​នឹង​ត្រូវ​​ទៅ​បន្តការសិក្សា​នៅថ្នាក់​វិទ្យាល័យ ដែល​នាង​ត្រូវ​បង្ខំ​ចិត្ត​ចាក​​ឆ្ងាយ​ពី​គ្រួសាររបស់ខ្លួន ជារឿងដែលនាងមិនចង់ធ្វើ។

យុវតីវ័យ១៥ឆ្នាំរូបនេះបាននិយាយថា៖«ខ្ញុំគ្មានសង្ឃឹមក្នុងការបន្តការសិក្សារបស់ខ្ញុំទេ»។ នាងនិយាយទាំងមុខស្រពោន។ ទោះបីជាកុមារនៅក្នុងភូមិរបស់នាង ដែលស្ថិតនៅត្រើយខាងលិចនៃបឹង ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ប្រហែលបីម៉ោងពីខេត្តសៀមរាប) ត្រូវតែរៀនជិះទូកទៅសាលារៀន ប៉ុន្តែភាគច្រើនមិនរំពឹងថានឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេឡើយ ហើយស្ថានភាពបែបនេះគឺកាន់តែអាក្រក់សម្រាប់ក្មេងស្រី។

ទោះបីជាមានឱកាសទទួលបានការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាក៏ដោយ ក៏ពួកគេមិនអាចរីកចម្រើនបន្ថែមទៀតក្នុងការសិក្សារបស់ពួកគេបានដែរ ដោយសារតែមិនមានការអប់រំកម្រិតខ្ពស់នៅក្បែរនោះ ហើយជីវិតនៅក្នុងភូមិក៏លំបាក។ ហេតុនេះហើយ ពួកគេពិបាកក្នុងការចាកចេញពីឪពុកម្តាយ ដែលភាគច្រើនជាអ្នកនេសាទ។

«ខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំ ព្រោះខ្ញុំសុបិនចង់ក្លាយជាគ្រូបង្រៀន។ ទោះយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់ខ្ញុំក្រីក្រ ហើយខ្ញុំមានប្អូនតូចៗ ប្រសិនបើខ្ញុំរៀនទៅរៀនថ្នាក់វិទ្យាល័យ ខ្ញុំនឹងត្រូវនៅឆ្ងាយពីផ្ទះ ហើយឪពុកម្តាយរបស់ខ្ញុំមិនមានលទ្ធភាពចិញ្ចឹមខ្ញុំឡើយ»។

គ្រួសារគឺសំខាន់ជាង យុវតី​​ វ័ន្ត អាលីហ្សា អះអាងដោយបន្ថែមថា៖«គ្រួសាររបស់ខ្ញុំគឺជាអាទិភាពដំបូងរបស់ខ្ញុំ ព្រោះខ្ញុំមិនអាចឈរមើលពួកគាត់លំបាកដោយសារខ្ញុំបានទេ»។

សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។​

យុវតី អាត ចរិយា អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨ ពីមុនរៀននៅសាលាបឋមសិក្សាមួយទៀត ប៉ុន្តែឥឡូវជាមិត្តរួមសាលាជាមួយយុវតី​​ វ័ន្ត អាលីហ្សា នៅអនុវិទ្យាល័យព្រៃចាស់។ នាង​ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម និង​ការ​សោកសៅ​លាយឡំគ្នា​ផង​ដែរ។ ទោះបីជានាងមានសង្ឃឹមក្នុងការបន្តការសិក្សារបស់នាងជាមួយនឹងការគាំទ្រពីគ្រួសាររបស់នាងក៏ដោយ ក៏នាងមានអារម្មណ៍សោកស្ដាយចំពោះមិត្តភក្តិរបស់នាងដែលបានបោះបង់ការសិក្សារួចហើយ ព្រោះដើម្បីជួយឪពុកម្តាយរបស់ពួកគេ។

«ម្តាយរបស់ខ្ញុំលើកទឹកចិត្តខ្ញុំឱ្យបន្តការសិក្សា ទោះបីជាគាត់បារម្ភថាសាលារៀននៅឆ្ងាយពីផ្ទះបន្តិចក៏ដោយ។ ប៉ុន្តែខ្ញុំមានអារម្មណ៍សោកស្តាយចំពោះមិត្តភក្តិរបស់ខ្ញុំដែលបានបោះបង់ការសិក្សា ហើយអ្នកខ្លះមិនប្រាកដថាពួកគេនឹងបន្តការសិក្សាឬអត់ទេ»។

សិស្សានុសិស្សភាគច្រើននៅអនុវិទ្យាល័យព្រៃចាស់ មកពីសាលាបឋមសិក្សាចំនួនបួន។ សាលារៀនខ្លះនៅឆ្ងាយ តម្រូវឱ្យធ្វើដំណើរតាមទូក ដូច្នេះហើយ ធ្វើឱ្យសិស្សពិបាកក្នុងការទទួលបានការសិក្សា។

ជាលទ្ធផល សិស្សានុសិស្សស្ទើរតែទាំងអស់នៅសាលាព្រៃចាស់ ត្រូវស្នាក់នៅក្នុងបន្ទប់ស្នាក់នៅសម្រាប់សិស្ស និងប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរ ដោយមានសម្ភារៈសិក្សាខ្លះដែលគាំទ្រដោយអង្គការមួយចំនួន រួមមានអង្គការ Action Education ក្នុងភាពជាដៃគូជាមួយ Education Above All (EAA) រួមជាមួយនឹងអង្គការ Aide et Action (AEA)។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Aide et Action បានពន្យល់ថា សាលាគឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតបន្ទប់ស្នាក់នៅ ដោយអង្គការរបស់លោកដើរតួរនាទីក្នុងការបង្កើតវាឱ្យលេចចេញជារូបរាង។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់បរិយាកាសសុវត្ថិភាព និងផាសុកភាពសម្រាប់កុមារ ជាពិសេសការគិតគូរពីបញ្ហាប្រឈមនៃការធ្វើដំណើរតាមទូក ដែលជាមធ្យោបាយធ្វើដំណើរដ៏សំខាន់។

លោក​បាន​បន្ត​ថា​៖«យើង​គាំទ្រ​គំនិតផ្តួចផ្តើមនេះ ​ព្រោះ​យើង​ចង់​លើក​ទឹកចិត្ត​ដល់​កុមារ​ទាំងអស់​ឲ្យ​បន្ត​ការ​សិក្សា​របស់​ពួកគេ​បន្ទាប់​ពី​ថ្នាក់​បឋម​សិក្សា​»។

EAA បានចាប់ដៃគូជាមួយ AEA តាំងពីឆ្នាំ២០១៤ ដើម្បីគាំទ្រដល់កុមារដែលខ្វះខាតក្នុងប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ ការសាងសង់សាលារៀន ការបណ្តុះបណ្តាលគ្រូ និងការផ្តល់កង់ និងទូកចែវ ដើម្បីបង្កើនការចូលរៀន ដោយសារកុមារចំនួន ៥២៥៦នាក់ប្រឈមនឹងហានិភ័យនៃការបោះបង់ការសិក្សា។

សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។

សុបិន្តចង់ឱ្យមានវិទ្យាល័យក្នុងសហគមន៍

ខណៈពេលដែលសាលារៀននៅឃុំកោះជវាំងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ សិស្សានុសិស្សនៅតែខ្វះឱកាសក្នុងការបន្តក្តីសុបិនរបស់ពួកគេតាមរយៈការអប់រំកម្រិតឧត្តមសិក្សា។

យុវតី វ័ន្ត អាលីហ្សា បានរៀបរាប់ថា ប្រសិនបើវិទ្យាល័យនៅជិតនោះ នាងនឹងជ្រើសរើសបន្តការសិក្សា ព្រោះថាវាមានតម្លៃសមរម្យជាង។

យុវតីរូបនេះបាននិយាយថា៖«ខ្ញុំនឹងមិនចំណាយច្រើនទេ ហើយខ្ញុំក៏អាចជួយឪពុកម្តាយរបស់ខ្ញុំក្នុងអំឡុងពេលចុងសប្តាហ៍ផងដែរ។ យ៉ាងហោចណាស់ខ្ញុំអាចបញ្ចប់ការសិក្សាថ្នាក់ទី១២ របស់ខ្ញុំតាមបំណងរបស់ឪពុកម្តាយ»។

យុវតី វ័ន្ត អាលីហ្សា សង្ឃឹមថានឹងមានការផ្តោតអារម្មណ៍កាន់តែច្រើនលើឱកាសផ្សេងៗសម្រាប់សិស្ស ខណៈដែលក្មេងជាច្រើនមានសង្ឃឹមតិចតួចក្នុងការបន្តការសិក្សា ដោយសារគ្រួសាររបស់ពួកគេពិបាកសូម្បីតែចិញ្ចឹមក្រពះ។

រីឯយុវតី អាត ចរិយា បាននិយាយថា នាងនឹងសប្បាយចិត្តប្រសិនបើមានវិទ្យាល័យនៅក្បែរ ដូច្នេះពួកគេទាំងអស់គ្នាអាចបន្តការសិក្សាបាន។ នាងបានចែករំលែកថា៖«មិត្តភក្តិរបស់ខ្ញុំតែងតែប្រាប់ខ្ញុំថា ពួកគេមិនអាចបន្តការសិក្សាបន្ទាប់ពីថ្នាក់អនុវិទ្យាល័យបានទេ ដោយសារតែឪពុកម្តាយរបស់ពួកគេមិនមានលទ្ធភាព [ដើម្បីបញ្ជូនពួកគេទៅសាលារៀន] ហើយចង់នៅជិតពួកគេ ប៉ុន្តែប្រសិនបើមានវិទ្យាល័យនៅទីនេះ ខ្ញុំគិតថាពួកគេនឹងរៀនបន្ត។ ក្មេងជាច្រើនកំពុងគិតអំពីការបោះបង់ការសិក្សារបស់ពួកគេនៅពេលនេះ»។

មិនសូវមានឱកាសការងារ បង្អាក់សុបិន្តរបស់កុមារ

នៅពេលគិរីផូសសួរថាហេតុអ្វីបានជាក្មេងៗជាច្រើននៅក្នុងតំបន់ សុទ្ធតែប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនដូចៗគ្នា កុមារា ស៊ិញ ប៊ុនលាភ អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សាបាក់ព្រា បានឆ្លើយថា៖«ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ពីព្រោះខ្ញុំចង់ជួយក្មេងៗផ្សេងទៀតឱ្យទទួលបានការអប់រំ»។ កុមារារូបនោះបានពន្យល់ថា ក្រៅពីការនេសាទ ការងារដែលគាត់ឃើញនៅជុំវិញខ្លួនគឺមានទាំងធ្វើជាប៉ូលីស គិលានុបដ្ឋាយិកា ឬគ្រូបង្រៀន។

ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបាន «បំផុសគំនិត» ឱ្យក្លាយជាគ្រូបង្រៀន ដូច្នេះគាត់អាចចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយក្មេងៗនៅក្នុងសហគមន៍របស់គាត់។

យុវតី វ័ន្ត អាលីហ្សា សិស្សអនុវិទ្យាល័យព្រៃចាស់ ត្រៀមចូលស្នាក់នៅក្នុងបន្ទប់ស្នាក់នៅរបស់សាលា។

យុវតី វ័ន្ត អាលីហ្សាក៏បានបង្ហាញពីបំណងប្រាថ្នាស្រដៀងគ្នាក្នុងការក្លាយជាគ្រូបង្រៀនផងដែរ ដោយសារតែគ្រូបង្រៀនភាគច្រើននៅក្នុងសហគមន៍របស់នាងបានជំរុញនាងឱ្យធ្វើដូចពួកគេ ព្រោះថា «ការងារផ្សេងទៀត គឺពិបាកយល់បន្តិចសម្រាប់ពួកគេ»។

នាង​បាន​កត់​សម្គាល់​ថា​៖«ខ្ញុំ​មិន​ដឹង​ច្រើន​ពី​ការងារ​ផ្សេង​ទេ ខ្ញុំ​ដឹង​តែ​បន្តិច​ពី​អ្វី​ដែល​យើង​រៀន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​ដឹង​ថា​ការងារ​ផ្សេង​ទៀតគេធ្វើ​យ៉ាង​ម៉េចឡើយ​»។

យុវតី អាត ចរិយា ក៏បានសុបិន្តក្នុងការក្លាយជាគ្រូបង្រៀនដែរ ដោយនាងបាននិយាយថា ខ្លួនមិនអាចពន្យល់ពីអ្វីដែលជំរុញទឹកចិត្តនាងបានទេ គ្រាន់តែថា «ខ្ញុំដឹងថាខ្ញុំចង់ក្លាយជាគ្រូបង្រៀននៅថ្ងៃអនាគត»។

គិរីផូសបានទាក់ទងលោកស្រី ឃួន វិចិ្ឆកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំព័ត៌មានលម្អិតអំពីផែនការ ឬយន្តការណាមួយ ដើម្បីគាំទ្រសាលាទាំងនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន KIRIPOST កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *