អង្គការសាលាទន្សាយ និងAEA ផ្តល់សេវាអប់រំដល់កុមារខ្សោយសតិបញ្ញា ក្នុងស្រុកពួក

សៀមរាប៖​ សាលារៀនទន្សាយ មានវត្តមាននៅក្នុងសាលាបឋមសិក្សា ទៀ បាញ់ គំរូ​ ចាប់ពីឆ្នាំ២០១៤ មក ដែល​បានផ្តល់សេ​វាអប់រំដល់ នៅក្នុងស្រុកពួក ខេត្តសៀមរាប។ កុមារដែលមានជំងឺអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា កំពុងសិក្សានៅក្នុងសាលានេះ បច្ចុប្បន្នមានចំនួន ១២នាក់​។ កុមារជាច្រើន ដែលទទួលបានវគ្គអប់រំពិសេសនេះ​ មានការរីកចម្រើនផ្នែកបញ្ញា និងអាចចូលរួមជាមួយក្មេងធម្មតាផងដែរ។

អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិសាលាទន្សាយ បានលើកឡើងថា ទស្សននៃអង្គការសាលាទន្សាយ  គឺកុមារទាំងអស់មិនត្រូវបានគេទុកចោល ហើយទទួលបានសិទ្ធិក្នុងការចូលដូចកុមារធម្មតា។ តាមរយៈការផ្សព្វផ្សាយ យើងធ្វើដល់គោលដៅច្រើន ពិសេសនៅរាជធានីភ្នំពេញ កុមារកើនពី១០០នាក់ ស្ថិតក្នុងការរង់ចាំចូលរៀន  រហូតដល់ជាង២០០រយនាក់។ បញ្ជាក់ថា អាណាព្យាបាល បានយល់ដឹងពីសិទ្ធិកុមារ កូនៗ ទើបឪពុកមា្តយព្យាយាម ស្វែងរកសេវាអប់រំឱ្យកូនៗ ទទួលបានការបណ្តុះបណ្តាលដូចក្មេងដទៃ។ 

នាយិកាប្រតិបត្តិសាលាទន្សា បញ្ជាក់ដូច្នេះ៖ «កម្មវិធីសិក្សារបស់ កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា ខុសពីកុមារធម្មតា ខុសទាំងម៉ោងរៀន ខុសទាំងបច្ចេកទេសរៀន និងកម្រិតថ្នាក់។ បើនិយាយពីសាលារដ្ឋ យើងគិតពីថ្នាក់ទី១ដល់ថ្នាក់ទី៣  ប៉ុន្តែកុមារយើង គឺបែងចែកជាកម្រិត ដោយតាមអាយុ។ អាយុចាប់ពី ៤ឆ្នាំកន្លះ ទៅ៧ឆ្នាំទៅមួយក្រុម ​ដូច្នេះការបង្រៀនក៏ខុសគ្នា។ ចំពោះកម្មវិធីសិក្សាវិញ យើងតែងរំលេចនូវកម្មវិធីសិក្សាមួយចំនួនឱ្យដូចនឹងសាលារដ្ឋ ប៉ុន្តែយើងបន្ថែមជំនាញចលនាតូចធំ ដើម្បីអភិវឌ្ឍបញ្ញារបស់ពួកគាត់។»

អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិសាលាទន្សាយ 

កញ្ញា រៀវ សំអាត ជាគ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា អស់រយៈពេល ១០ឆ្នាំមកហើយ ជាមួយអង្គការសាលាទន្សាយ ក្នុងសាលាបឋមសិក្សា ទៀ បាញ់ គំរូ។ បច្ចុប្បន្ន កុមារ ដែលកំពុងសិក្សាក្នុងថ្នាក់នេះមានចំនួន ១២នាក់ ក្នុងនោះមានសិស្សស្រី ម្នាក់។

មុននឹងក្លាយជាគ្រូបង្រៀន នៅក្នុងអង្គការសាលារៀនទន្សាយ អ្នកគ្រូ សំអាត ក៏បានចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ជំនាញគ្រូលើការអប់រំកុមារ អត្តចរិកសិស្ស និងមានការអត់ធ្មត់ច្រើនជាងសិស្សធម្មតា។ 

អ្នកគ្រូ រៀវ សំអាត រៀបរាប់ថា កុមារដែលចូលរៀននៅសាលារៀនទន្សាយ ត្រូវធ្វើតេស្តដូចជា ការសរសេរ ស្គាល់របស់ជុំវិញខ្លួន​ ស្គាល់ពណ៌ ស្រះ និងសញ្ញាជាដើម។ សម្រាប់កុមារ​ រៀននៅសាលាទន្សាយ ប្តូរទៅសិក្សាកម្មវិធីសិក្សាដូចក្មេងដទៃ លុះត្រាពួកគេ អាចបន្សាំខ្លួនជាមួយកុមារធម្មតា អាចសរសេរ អាន ទើបគ្រូបញ្ជូនឱ្យទៅសិក្សានៅសាលាបឋម ដូចសិស្សដទៃ។ ពិតណាស់ ​ ការបង្រៀនកុមារ កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា គឺពិបាជាងកុមារធម្មតា ព្រោះគ្រូ ត្រូវគ្រប់គ្រងលើអាប្បកិរិយារបស់សិស្ស។ 

«ជាដំបូងយើងត្រូវដាក់ចិត្ត ពីព្រោះយើងត្រូវមានការអត់ធ្មត់ច្រើន ប្រសិនបើយើងឆេវឆាវ ក៏យើងមិនអាចគ្រប់គ្រងក្មេងបានដែរ។ ខ្ញុំយល់ថា ការជួយក្មេង ដែលបិការសតិបញ្ញា ទទួលបានចំណេះដឹងទាំងក្នុងសាលា និងសហគមន៍។» គ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា រៀវ សំអាត បន្ថែមបែបនេះ។ 

កញ្ញា រៀវ សំអាត ជាគ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា

អ្នកស្រី ខាត់ទី ឯកវិសុទ្ធ ប្រធានកម្មវិធីនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា នៅពេលពង្រីកកម្មវិធីសិក្សាតាមខេត្ត​ ឃើញថា កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញា មានច្រើន។ កុមារទាំងនេះ ត្រូវការការរៀនពិសេស ជាក់ស្តែងដូចជានៅសាលាបឋសិក្សា ទៀ បាញ់ គំរូនេះជាដើម។ ក្នុងសេវាអប់រំនេះ អង្គការអេដ អេ អាក់ស្យុង បានចូលរួមគាំទ្រផ្តល់ជាសម្ភារៈសិក្សា និងបណ្តុះបណ្តាលវគ្គបំប៉ន់ពិសេស ដល់គ្រូបង្រៀនផងដែរ។ 

អ្នកស្រី ខាត់ទី ឯកវិសុទ្ធ បានពន្យល់ដូច្នេះ៖ «ការអប់រំ សម្រាប់ទាំងអស់គ្នា ប៉ុន្តែប្រសិនបើការអប់រំមិនបានដល់កុមារមានពិការភាពសតិបញ្ញា គឺមិនហៅថាទាំងអស់គ្នានោះឡើយ។ បើទោះបីយើងមិនសង្ឃឹមថា កុមារមិនបានអ្វីនោះប៉ុន្តែយ៉ាងហោចណាស់កុមារ អាចគ្រប់គ្រងខ្លួនឯងបាន ថែរក្សាខ្លួន ចាប់ផ្តើមចេះនិយាយ បង្កើតទំនាក់ទនងជាដើម។» 

នៅក្នុងឆ្នាំ២០១១ អង្គការ អេដ អេ អាក់ស្យុង(AEA) បានចូលរួមសហការគាំទ្រលើសេវាអប់រំពិសេស សម្រាប់កុមារមានពិការភាពសតិ​បញ្ញា ដោយមានតែនៅសាលាបឋមសិក្សា ទួលគោក ប៉ុណ្ណោះ។ ក្រោយមកនៅក្នុងឆ្នាំ២០១៤ AEA បានសហការជាមួយអង្គការសាលាទន្សាយ បានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត។ រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងសៀម​រាប ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត ក្នុងគោលបំណងជួយគាំទ្រកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ឱ្យអាចរស់នៅក្នុងសង្គមបានដោយគ្មានការរើសអើងពីសង្គម៕

អ្នកស្រី ខាត់ទី ឯកវិសុទ្ធ ប្រធានកម្មវិធីនៃអង្គការ អេដ អេ អាក់ស្យុង


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *