
សៀមរាប៖ សាលារៀនទន្សាយ មានវត្តមាននៅក្នុងសាលាបឋមសិក្សា ទៀ បាញ់ គំរូ ចាប់ពីឆ្នាំ២០១៤ មក ដែលបានផ្តល់សេវាអប់រំដល់ នៅក្នុងស្រុកពួក ខេត្តសៀមរាប។ កុមារដែលមានជំងឺអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា កំពុងសិក្សានៅក្នុងសាលានេះ បច្ចុប្បន្នមានចំនួន ១២នាក់។ កុមារជាច្រើន ដែលទទួលបានវគ្គអប់រំពិសេសនេះ មានការរីកចម្រើនផ្នែកបញ្ញា និងអាចចូលរួមជាមួយក្មេងធម្មតាផងដែរ។
អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិសាលាទន្សាយ បានលើកឡើងថា ទស្សននៃអង្គការសាលាទន្សាយ គឺកុមារទាំងអស់មិនត្រូវបានគេទុកចោល ហើយទទួលបានសិទ្ធិក្នុងការចូលដូចកុមារធម្មតា។ តាមរយៈការផ្សព្វផ្សាយ យើងធ្វើដល់គោលដៅច្រើន ពិសេសនៅរាជធានីភ្នំពេញ កុមារកើនពី១០០នាក់ ស្ថិតក្នុងការរង់ចាំចូលរៀន រហូតដល់ជាង២០០រយនាក់។ បញ្ជាក់ថា អាណាព្យាបាល បានយល់ដឹងពីសិទ្ធិកុមារ កូនៗ ទើបឪពុកមា្តយព្យាយាម ស្វែងរកសេវាអប់រំឱ្យកូនៗ ទទួលបានការបណ្តុះបណ្តាលដូចក្មេងដទៃ។
នាយិកាប្រតិបត្តិសាលាទន្សា បញ្ជាក់ដូច្នេះ៖ «កម្មវិធីសិក្សារបស់ កុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា ខុសពីកុមារធម្មតា ខុសទាំងម៉ោងរៀន ខុសទាំងបច្ចេកទេសរៀន និងកម្រិតថ្នាក់។ បើនិយាយពីសាលារដ្ឋ យើងគិតពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ប៉ុន្តែកុមារយើង គឺបែងចែកជាកម្រិត ដោយតាមអាយុ។ អាយុចាប់ពី ៤ឆ្នាំកន្លះ ទៅ៧ឆ្នាំទៅមួយក្រុម ដូច្នេះការបង្រៀនក៏ខុសគ្នា។ ចំពោះកម្មវិធីសិក្សាវិញ យើងតែងរំលេចនូវកម្មវិធីសិក្សាមួយចំនួនឱ្យដូចនឹងសាលារដ្ឋ ប៉ុន្តែយើងបន្ថែមជំនាញចលនាតូចធំ ដើម្បីអភិវឌ្ឍបញ្ញារបស់ពួកគាត់។»

អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិសាលាទន្សាយ
កញ្ញា រៀវ សំអាត ជាគ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា អស់រយៈពេល ១០ឆ្នាំមកហើយ ជាមួយអង្គការសាលាទន្សាយ ក្នុងសាលាបឋមសិក្សា ទៀ បាញ់ គំរូ។ បច្ចុប្បន្ន កុមារ ដែលកំពុងសិក្សាក្នុងថ្នាក់នេះមានចំនួន ១២នាក់ ក្នុងនោះមានសិស្សស្រី ម្នាក់។
មុននឹងក្លាយជាគ្រូបង្រៀន នៅក្នុងអង្គការសាលារៀនទន្សាយ អ្នកគ្រូ សំអាត ក៏បានចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ជំនាញគ្រូលើការអប់រំកុមារ អត្តចរិកសិស្ស និងមានការអត់ធ្មត់ច្រើនជាងសិស្សធម្មតា។

អ្នកគ្រូ រៀវ សំអាត រៀបរាប់ថា កុមារដែលចូលរៀននៅសាលារៀនទន្សាយ ត្រូវធ្វើតេស្តដូចជា ការសរសេរ ស្គាល់របស់ជុំវិញខ្លួន ស្គាល់ពណ៌ ស្រះ និងសញ្ញាជាដើម។ សម្រាប់កុមារ រៀននៅសាលាទន្សាយ ប្តូរទៅសិក្សាកម្មវិធីសិក្សាដូចក្មេងដទៃ លុះត្រាពួកគេ អាចបន្សាំខ្លួនជាមួយកុមារធម្មតា អាចសរសេរ អាន ទើបគ្រូបញ្ជូនឱ្យទៅសិក្សានៅសាលាបឋម ដូចសិស្សដទៃ។ ពិតណាស់ ការបង្រៀនកុមារ កុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា គឺពិបាជាងកុមារធម្មតា ព្រោះគ្រូ ត្រូវគ្រប់គ្រងលើអាប្បកិរិយារបស់សិស្ស។
«ជាដំបូងយើងត្រូវដាក់ចិត្ត ពីព្រោះយើងត្រូវមានការអត់ធ្មត់ច្រើន ប្រសិនបើយើងឆេវឆាវ ក៏យើងមិនអាចគ្រប់គ្រងក្មេងបានដែរ។ ខ្ញុំយល់ថា ការជួយក្មេង ដែលបិការសតិបញ្ញា ទទួលបានចំណេះដឹងទាំងក្នុងសាលា និងសហគមន៍។» គ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា រៀវ សំអាត បន្ថែមបែបនេះ។

កញ្ញា រៀវ សំអាត ជាគ្រូបង្រៀនកុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា
អ្នកស្រី ខាត់ទី ឯកវិសុទ្ធ ប្រធានកម្មវិធីនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា នៅពេលពង្រីកកម្មវិធីសិក្សាតាមខេត្ត ឃើញថា កុមារអូទីស្សឹម ដោនស៊ីនដ្រូន និងកុមារមានពិការភាពសតិបញ្ញា មានច្រើន។ កុមារទាំងនេះ ត្រូវការការរៀនពិសេស ជាក់ស្តែងដូចជានៅសាលាបឋសិក្សា ទៀ បាញ់ គំរូនេះជាដើម។ ក្នុងសេវាអប់រំនេះ អង្គការអេដ អេ អាក់ស្យុង បានចូលរួមគាំទ្រផ្តល់ជាសម្ភារៈសិក្សា និងបណ្តុះបណ្តាលវគ្គបំប៉ន់ពិសេស ដល់គ្រូបង្រៀនផងដែរ។
អ្នកស្រី ខាត់ទី ឯកវិសុទ្ធ បានពន្យល់ដូច្នេះ៖ «ការអប់រំ សម្រាប់ទាំងអស់គ្នា ប៉ុន្តែប្រសិនបើការអប់រំមិនបានដល់កុមារមានពិការភាពសតិបញ្ញា គឺមិនហៅថាទាំងអស់គ្នានោះឡើយ។ បើទោះបីយើងមិនសង្ឃឹមថា កុមារមិនបានអ្វីនោះប៉ុន្តែយ៉ាងហោចណាស់កុមារ អាចគ្រប់គ្រងខ្លួនឯងបាន ថែរក្សាខ្លួន ចាប់ផ្តើមចេះនិយាយ បង្កើតទំនាក់ទនងជាដើម។»

នៅក្នុងឆ្នាំ២០១១ អង្គការ អេដ អេ អាក់ស្យុង(AEA) បានចូលរួមសហការគាំទ្រលើសេវាអប់រំពិសេស សម្រាប់កុមារមានពិការភាពសតិបញ្ញា ដោយមានតែនៅសាលាបឋមសិក្សា ទួលគោក ប៉ុណ្ណោះ។ ក្រោយមកនៅក្នុងឆ្នាំ២០១៤ AEA បានសហការជាមួយអង្គការសាលាទន្សាយ បានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត។ រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងសៀមរាប ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត ក្នុងគោលបំណងជួយគាំទ្រកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ឱ្យអាចរស់នៅក្នុងសង្គមបានដោយគ្មានការរើសអើងពីសង្គម៕

អ្នកស្រី ខាត់ទី ឯកវិសុទ្ធ ប្រធានកម្មវិធីនៃអង្គការ អេដ អេ អាក់ស្យុង
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




