
ភ្នំពេញ៖ សហគមន៍ទេសចរណ៍អូរក្រសារ ជាតំបន់ទេសចរណ៍ថ្មីមួយក្នុងខេត្តកែប ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ អង្គការ អេដ អេ អាកស្យុង បាន និងកំពុងជួយជ្រោមជ្រែងសហគមន៍នេសាទអូរក្រសារ ពង្រីកខ្លួនក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ លើកឡើងថា រយៈពេល២ឆ្នាំហើយ អង្គការ អេដ អេ អាកស្យុង (AEA) បានគាំទ្រសហគមន៍នេសាទអូរក្រសារ តាមរយៈការផ្ដល់វគ្គបណ្តុះបណ្តាលលើជំនាញអាជីវកម្ម ហិរញ្ញវត្ថុ ជំនាញបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ ជាពិសេសផ្ដោតលើការជំរុញទេសចរណ៍សហគមន៍ និងបង្កើនអាជីវកម្មកសិផលនេសាទ។ ប្រធានសហគមន៍នេសាទអូរក្រសាររូបនេះ យល់ថាវត្តមានអង្គការដៃគូ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍ និងពង្រីកខ្លួនលើផ្នែកទេសចរណ៍ ដែលជាគោលដៅចម្បង។

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង ប្រចាំកម្ពុជា
សហគមន៍នេសាទអូរក្រសារ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ប៉ុន្តែដោយសារតំបន់នេះ មានទេសភាពធម្មជាតិដ៏អំណោយផល ទើបប្រជាសហគមន៍ សម្រេចបង្កើតជាតំបន់ទេសចរណ៍ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកែប។
ជាមួយគ្នានេះ ព្រៃកោងកាងដ៏ស្រស់ស្អាតនៅសហគមន៍នេះ បានអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះម្តងហើយម្តងទៀតមិនចេះជិនណាយឡើយ។ នៅទីនេះ ទេសចរ អាចដើរតាមស្ពានឈើ ទស្សនាព្រៃកោងកាង, ជិះទូកទស្សនាទេសភាពក្នុងសហគមន៍ និងផ្ដិតរូបភាពជាដើម។ វត្តមានព្រៃកោង ជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍នេសាទអូរក្រសារ តាមរយៈការមកកម្សាន្តរបស់ទេសចរ។ បន្ថែមពីនេះ ការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បានរួមផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ក្រៅតែពីការនេសាទ និងប្រកបរបរកសិកម្ម។
សហគមន៍នេះ មានផ្ទៃក្រឡាសរុបចំនួន ៤៤៦ ហិកតា ជាតំបន់ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ ធនធានទាំងនេះពិតជាមានសារៈសំខាន់ណាស់ដូចជាជួយបង្កើតអុកស៊ីសែន ជាជម្រករបស់ជីវៈចម្រុះ ការពារឆ្នេរពីការបក់បោករបស់ទឹករលក ជួយកាត់បន្ថយមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗជាដើម។

សហគមន៍នេសាទអូរក្រសារ
លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ បញ្ជាក់ថា៖ «ឆ្នាំ២០២៣ វត្តមានអង្គការ អេដ អេ អាកស្យុង បានចូលមកសហគមន៍ ជួយពង្រឹងលើផ្នែកទេសចរណ៍ មានសកម្មភាពទេសចរណ៍មមាញឹកជាងមុន។ ពលរដ្ឋនៅក្នុងតំបន់នេះ កាលពីមុនភាគច្រើនពឹងផ្អែកលើរបរនេសាទ និងធ្វើស្រែស្ទើរទាំងស្រុង។ បច្ចុប្បពលរដ្ឋមួយចំនួន ងាកមកពឹងអាស្រ័យលើការរកចំណូលពីវិស័យទេសចរណ៍ដើម្បីផ្គត់ផ្គង់ជីវភាព»។
ការណ៍នេះ ប្រជាសហគមន៍រូបនេះ សប្បាយចិត្តដែលមានអង្គការដៃគូជួយជ្រោមជ្រែងសហគមន៍ បង្កើនអាជីវកម្ម ប្រាក់ចំណូល ពិសេសការផ្សព្វផ្សាយពីសក្ដានុពលតំបន់អេកូទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរនៅសហគមន៍នេសាទអូរក្រសារ។
សម្រាប់លោក វន សំភាស់ តាមរយៈការជួយជ្រោមជ្រែងពី អេដ អេ អាកស្យុង និងភាគីពាក់ព័ន្ធ លោករំពឹងចង់ឃើញសហគមន៍នេសាទអូរក្រសារ មានចីរភាពលើគ្រប់ផ្នែកទាំងអេកូទេសចរណ៍ កសិកម្ម ដើម្បីជីវភាពល្អប្រសើរ និងអាចបន្ត អភិរក្សធនធានធម្មជាតិផងដែរ។ លោក សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង អះអាងថា៖«យើងចង់ឃើញសហគមន៍នេសាទអូរក្រសារមានចីរភាព អាចពង្រីកខ្លួនទៅជាតំបន់អេកូទេសចរណ៍ និងជាសហគមន៍រឹងមាំ។ អ៊ីចឹងអង្គការ AEA បន្តគាំទ្រសហគមន៍នេសាទអូរក្រសារ ដោយផ្តល់បណ្ដុះបណ្ដាលជំនាញអាជីវកម្មទេសចរណ៍ និងទុនវិនិយោគនិងវិស័យផ្សេងៗទៀតឱ្យផ្សារភ្ជាប់រវាងសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន»។
យ៉ាងណាមិញ ពលរដ្ឋនៅសហគមន៍នេះ កំពុងផ្តល់ការគាំទ្រដល់ការអនុវត្តបណ្តុះការបណ្តាលដូចជា បដិសណ្ឋារកិច្ច និងសេវាទេសចរណ៍។ លោក សំភាស បញ្ជាក់ថា គោលបំណងនៃបានបណ្តុះបណ្តាលដល់សហគមន៍នេសាទអូរក្រសារ គឺដើម្បីជំរុញសេដ្ឋកិច្ច ពលរដ្ឋក្នុងសហគមន៍ទទួលបាន អាចឱ្យពួកគេពង្រឹង ឬពង្រីកនូវមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
ដើម្បីទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅអូរក្រសារ លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ ចង់ឱ្យអង្គការសហ និងពាក់ព័ន្ធទាំងអស់ ជួយផ្តល់ផ្ទះស្នាក់ បង្គាន់អនាម័យដល់សហគមន៍ និងស្ពានឬស្សី ដើម្បីសុវត្ថិភាពទេសចរផងដែរ។ ទេសចរដែលមកទស្សនានៅទីនេះ តែងតែដើរមើលការរស់នៅរបស់ប្រជាពលរដ្ឋ ជិះទូកតាមព្រៃកោងកាង គយគន់ថ្ងៃលិច និងចាក់បង្គាជាដើម។ ក្រៅពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍នេសាទអូរក្រសារទាំងនេះ ក្រោមការជួយជ្រោមជ្រែងពីអង្គការ អេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត៕
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




