អង្គការ អេដ អេ អាកស្យុង ជួយជ្រោមជ្រែងសហគមន៍នេសាទអូរក្រសារ ពង្រីក​ខ្លួន​លើ​ផ្នែក​ទេសចរណ៍

ភ្នំពេញ៖ សហគមន៍ទេសចរណ៍អូរក្រសារ ជាតំបន់ទេសចរណ៍ថ្មីមួយក្នុងខេត្តកែប ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ អង្គការ អេដ អេ អាកស្យុង បាន និងកំពុងជួយជ្រោមជ្រែងសហគមន៍នេសាទអូរក្រសារ ពង្រីកខ្លួនក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ។

លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ លើកឡើងថា រយៈពេល២ឆ្នាំហើយ អង្គការ អេដ អេ អាកស្យុង (AEA) បានគាំទ្រសហគមន៍នេសាទអូរក្រសារ តាមរយៈការផ្ដល់វគ្គ​បណ្តុះ​បណ្តាលលើជំនាញអាជីវកម្ម ហិរញ្ញវត្ថុ ជំនាញបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ ជាពិសេសផ្ដោតលើការជំរុញទេសចរណ៍សហគមន៍ និងបង្កើន​អាជីវកម្មកសិផលនេសាទ។ ប្រធាន​សហគមន៍នេសាទអូរក្រសាររូបនេះ យល់ថាវត្តមានអង្គការដៃគូ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ​សហគមន៍ និងពង្រីកខ្លួនលើផ្នែក​ទេសចរណ៍ ដែលជាគោលដៅចម្បង។

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង ប្រចាំកម្ពុជា

សហគមន៍នេសាទអូរក្រសារ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ប៉ុន្តែដោយសារតំបន់នេះ មានទេសភាពធម្មជាតិដ៏អំណោយផល ទើបប្រជាសហគមន៍ សម្រេចបង្កើតជាតំបន់ទេសចរណ៍ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកែប។

ជាមួយគ្នានេះ ព្រៃកោងកាងដ៏ស្រស់ស្អាតនៅសហគមន៍នេះ បានអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះម្តងហើយម្តងទៀតមិនចេះជិនណាយឡើយ។ នៅទីនេះ ទេសចរ អាចដើរតាមស្ពានឈើ ទស្សនាព្រៃកោងកាង, ជិះទូកទស្សនាទេសភាពក្នុងសហគមន៍ និងផ្ដិតរូបភាពជាដើម។ វត្តមានព្រៃកោង ជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍នេសាទអូរក្រសារ តាមរយៈការមកកម្សាន្តរបស់ទេសចរ។  បន្ថែមពីនេះ ការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បានរួមផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ក្រៅតែពីការនេសាទ និងប្រកបរបរកសិកម្ម។ 

សហគមន៍នេះ មានផ្ទៃក្រឡាសរុបចំនួន ៤៤៦ ហិកតា ជាតំបន់ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ ធនធានទាំងនេះពិតជាមានសារៈសំខាន់ណាស់ដូចជាជួយបង្កើតអុកស៊ីសែន ជាជម្រករបស់ជីវៈចម្រុះ ការពារឆ្នេរពីការបក់បោករបស់ទឹករលក ជួយកាត់បន្ថយមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗជាដើម។

សហគមន៍នេសាទអូរក្រសារ

លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ បញ្ជាក់ថា៖ «ឆ្នាំ២០២៣ វត្តមាន​អង្គការ អេដ អេ អាកស្យុង បានចូលមក​សហគមន៍ ជួយពង្រឹងលើផ្នែកទេសចរណ៍ មានសកម្មភាពទេសចរណ៍មមាញឹកជាងមុន។ ពលរដ្ឋនៅក្នុងតំបន់នេះ កាលពីមុនភាគច្រើនពឹងផ្អែកលើរបរនេសាទ និងធ្វើស្រែស្ទើរទាំងស្រុង។ បច្ចុប្បពលរដ្ឋមួយចំនួន ងាកមកពឹងអាស្រ័យលើការរកចំណូលពីវិស័យទេសចរណ៍ដើម្បីផ្គត់ផ្គង់ជីវភាព»។

ការណ៍នេះ ប្រជាសហគមន៍រូបនេះ សប្បាយចិត្តដែលមានអង្គការដៃគូ​ជួយជ្រោមជ្រែង​សហគមន៍ បង្កើនអាជីវកម្ម ប្រាក់ចំណូល ពិសេសការផ្សព្វផ្សាយពីសក្ដានុពលតំបន់​អេកូ​ទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរ​នៅ​សហគមន៍នេសាទអូរក្រសារ។ 

សម្រាប់លោក វន សំភាស់ តាមរយៈការជួយជ្រោមជ្រែងពី អេដ អេ អាកស្យុង និងភាគីពាក់ព័ន្ធ លោករំពឹងចង់ឃើញសហគមន៍នេសាទអូរក្រសារ មានចីរភាពលើគ្រប់ផ្នែកទាំងអេកូទេសចរណ៍ កសិកម្ម ដើម្បីជីវភាពល្អប្រសើរ និងអាចបន្ត អភិរក្សធនធានធម្មជាតិផងដែរ។ លោក សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង អះអាងថា៖«យើងចង់ឃើញសហគមន៍នេសាទអូរក្រសារមានចីរភាព អាចពង្រីកខ្លួនទៅជាតំបន់អេកូទេសចរណ៍ និងជាសហគមន៍រឹងមាំ។ អ៊ីចឹងអង្គការ AEA បន្តគាំទ្រសហគមន៍​នេសាទអូរក្រសារ ដោយផ្តល់បណ្ដុះបណ្ដាលជំនាញអាជីវកម្មទេសចរណ៍ និងទុនវិនិយោគនិងវិស័យផ្សេងៗទៀតឱ្យផ្សារភ្ជាប់រវាងសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន»។

យ៉ាងណាមិញ ពលរដ្ឋនៅសហគមន៍នេះ កំពុងផ្តល់ការគាំទ្រដល់ការអនុវត្តបណ្តុះ​ការ​បណ្តាលដូចជា បដិសណ្ឋារកិច្ច និងសេវាទេសចរណ៍។ លោក សំភាស  បញ្ជាក់ថា គោល​បំណងនៃបានបណ្តុះបណ្តាល​ដល់សហគមន៍នេសាទ​អូរក្រសារ គឺដើម្បីជំរុញសេដ្ឋកិច្ច ពលរដ្ឋក្នុងសហគមន៍ទទួលបាន អាចឱ្យពួកគេពង្រឹង ឬពង្រីកនូវមុខរបរ និងបង្កើនប្រាក់​ចំណូលសម្រាប់គ្រួសារ​។ 

ដើម្បីទាក់ទាញ​ និង​ផ្ដល់​ភាព​ងាយស្រួលដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​អូរក្រសារ លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ ចង់​ឱ្យអង្គការសហ និងពាក់ព័ន្ធទាំងអស់ ជួយផ្តល់ផ្ទះស្នាក់ បង្គាន់អនាម័យដល់សហគមន៍ និងស្ពានឬស្សី ដើម្បីសុវត្ថិភាព​ទេសចរផងដែរ។ ទេសចរដែល​មក​ទស្សនានៅទីនេះ តែងតែដើរមើល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជិះទូក​តាម​ព្រៃកោងកាង គយគន់​ថ្ងៃលិច និង​ចាក់​បង្គាជាដើម។ ក្រៅពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍នេសាទអូរក្រសារទាំងនេះ ក្រោមការជួយជ្រោមជ្រែងពីអង្គការ អេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *