
ភ្នំពេញ៖ ដើម្បីជួយដល់កសិករឱ្យមានចំណូលស្ថេរភាព និងបង្កើនទិន្នផលទ្វេដង អង្គការអេដ អេអាក ស្យុង (Aide et Action) បានគាំទ្រវគ្គបណ្ដុះបណ្តាលដាំដុះបន្លែ ក្រោមគម្រោង Co-Saved ។ គម្រោងនេះ ផ្ដោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងថែទាំដំណាំ ជាពិសេសការប្រើប្រាស់គ្រាប់ពូជ ដែលធន់នឹងជំងឺ និងសត្វល្អិតចង្រៃ។
គ្រួសារចំនួន ១៨ ស្ថិតនៅខេត្តនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញដាំដុះបន្លែ ក្រោមគម្រោង Co-Saved។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ប្រជាកសិករ ទទួលបាននូវជំនាញបណ្តុះពូជបន្លែគុណភាព ការគ្រប់គ្រងជំងឺ ឬសត្វល្អិត និងការធ្វើជីធម្មជាតិចិញ្ចឹមដាំដុះប្រកបដោយចីរភាព។
អង្គការ អេដ អេ អាកស្យុង(AEA) និងមន្ទីរកសិកម្មខេត្តព្រះសីហនុ បានសហការគ្នា នាំយកគម្រោងនេះទៅកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងជួយកសិករមូលដ្ឋានអាចប្រើប្រាស់ដីធ្លីដែលមានស្រាប់ បង្កើនផលដំណាំ បង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។ គម្រោង ចង់ឃើញ កសិករប្រើប្រាស់ចំណេះដឹងដែលទទួលបាន ទៅពង្រឹងបន្ថែម ឬបង្កើតជារបរដែលផ្តល់ប្រាក់ចំណូល និងធានានិរន្តរភាពសេដ្ឋកិច្ចក្នុងគ្រួសារ។ បន្ថែមពីនេះ គម្រោង Co-Saved ក៏ផ្តល់ឱកាសឱ្យកសិកររីកចម្រើនជំនាញបច្ចេកទេស និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាថាការដាំដុះគ្រប់គ្រាន់ និងមានប្រសិទ្ធភាពក្នុងការបង្កើនផលិតផលកសិកម្មយ៉ាងស្ថេរភាព។
លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង បានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្នុងគោលបំណងជួយបណ្តុះបណ្តាលកសិករឱ្យអភិវឌ្ឍជំនាញ និងបច្ចេកទេសដាំបន្លែប្រកបដោយចីរភាព ហើយបង្កើតជាចំណូលបន្ថែមដល់ប្រជាកសិករ។ កសិករចំនួន១៨គ្រួសារ ក្នុងចំណោម ១៥០គ្រួសារ បានទទួលគ្រាប់ពូជ និងបច្ចេសទេសដាំដុះបន្លែ ក្រោមគម្រោង Co-Saved។
« ដំបូងឡើយកសិករស្ទាក់ស្ទើរ ដាំដុះបន្លែទាំងនេះ ដោយខ្លាចទីផ្សារទាប និងបញ្ហាប្រឈមដែលបណ្តាលមកពីភ្លៀងធ្លាក់ជាដើម ប៉ុន្តែក្រៅពីរបរនេសាទ ប្រជាកសិករ ក៏ងាកមកទទួលវគ្គបណ្ដុះបណ្ដាលដាំដុះបន្លែ ដើម្បីរកចំណូលបន្ថែម »។ នេះជាការអះអាងរបស់ប្រធានអង្គការ អេដ អេ អាក់ស្យុង ដែលបច្ចុប្បន្ន កសិករលែងជាកង្វល់ទីផ្សារទៀតហើយ ដោយសារមានការកើនឡើងនៃការគាំទ្រពីសាធារណជនចំពោះផលិតផលក្នុងស្រុក ជាពិសេសបន្លែ និងផ្លែឈើ។

ននោងរបស់កសិករដាំដុះនៅខេត្តព្រះសីហនុ
យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃការអនុវត្តគម្រោងបណ្តុះបណ្តាល លោក នួន សំរិទ្ធសុខន ប្រធានសហគមន៍កសិកម្មសុវត្ថិភាពអណ្តូងធ្មារ ក្នុងខេត្តព្រះសីហនុ បានដាំសណ្តែកសៀង និងននោង ដែលអាចបំពេញតម្រូវការទីផ្សារដែលមានស្រាប់បាន។ លោក សុខន ប្រមូលផលសណ្ដែកសៀងពី ៣០ ដល់ ៤០ គីឡូក្រាមក្នុងមួយថ្ងៃ។
ក្រោយពីបានចូលរួមបណ្ដុះបណ្ដាលរបស់គម្រោង Co-Saved លោក នួន សំរិទ្ធសុខន បានផ្លាស់ប្តូរយ៉ាងច្រើនទៅលើវិធីសាស្ត្រដាំដុះបន្លែ ដោយប្រមូលផលបានច្រើនជាងមុនផងដែរ។
លោកបានបញ្ជាក់ថា៖ « កាលពីមុន ខ្ញុំចំណាយប្រាក់ច្រើនទៅលើការទិញជី និងថ្នាំពុល ប៉ុន្តែឥឡូវនេះ ខ្ញុំអាចផលិតជីធម្មជាតិដោយខ្លួនឯង និងធ្វើឱ្យបន្លែរបស់ទទួលបានផលល្អ ជាពិសេសជីវភាពប្រសើរជាងមុន។ ខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រច្រើនជាងនេះ ដើម្បីពង្រីកដីកសិកម្មរបស់យើងឱ្យបានកាន់តែរីកចម្រើន»។

លោក នួន សំរិទ្ធសុខន ប្រធានសហគមន៍កសិកម្មសុវត្ថិភាពអណ្តូងធ្មារ
ដំបូងឡើយ លោក សំរិទ្ធសុខុន មិនទាន់ទុកចិត្តលើវិធីសាស្ត្រកសិកម្មថ្មី ដែលបណ្តុះបណ្តាលដោយគម្រោង Co-Saved ទេ។ ការណ៍នេះ ក៏ព្រោះតែលោកខ្លាចថាការផ្លាស់ប្ដូរគ្រាប់ពូជអាចប៉ះពាល់ដល់ពេលចេញផល។ ប៉ុន្តែបន្ទាប់ពីបានឃើញលទ្ធផលប្រសើរឡើងពីការប្រើបច្ចេកទេស និងគ្រាប់ពូជថ្មីៗ លោកបានជឿទុកចិត្តលើគម្រោងនេះយ៉ាងពេញលេញ។ ក្រៅពីការងារកសិកម្មប្រចាំថ្ងៃហើយនោះ លោក សុខុន ក៏បានចំណាយពេលចែករំលែកចំណេះដឹងអំពីកសិកម្មស្ថាពរជាមួយអ្នកភូមិ ដើម្បីជំរុញកសិកម្មប្រកបដោយចីរភាព និងធន់ពីការប្រែប្រួលអាកាសធាតុ។
បើតាម អង្គការអេដ អេអាកស្យុង គម្រោងនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបង្កើនសុវត្ថិភាពស្បៀងអាហារនៅក្នុងតំបន់ និងកាត់បន្ថយបន្លែនាំចូលផងដែរ។ អង្គការ ចង់ឃើញការអភិវឌ្ឍន៍ដែលមាននិរន្តរភាពចាប់ផ្ដើមពីកសិករតូចៗ និងតំបន់ជនបទ ដើម្បីអភិវឌ្ឍន៍កសិកម្មកម្ពុជាប្រកបដោយចីរភាព៕
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




