
ពេញ៖ សំណេរ គឺជាឯកសារដ៏សំខាន់ សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ យុវជនគួរតែងាកមកចាប់អារម្មណ៍ការសរសេរ ការតែងនិពន្ធ ឲ្យបានច្រើនជាងការអាន។ នេះជាលើកឡើងរបស់លោក ជិន ប្រសិទ្ធ មន្ត្រីកម្មវិធីនៃអង្គការ អេដ អាអាស្យុង នៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញសរសេរ ផលិតសៀវភៅ ទៅសិក្ខាកាមជាង១០រូប ពីក្លិបអ្នកនិពន្ធវ័យក្មេង នៅថ្ងៃទី១២ កក្កដានេះ។
វគ្គបណ្ដុះបណ្ដាលជំនាញសរសេរ ផលិតសៀវភៅ និងការបោះពុម្ព ដល់សិក្ខាកាមជាង១០រូបនេះ ប្រព្រឹត្តទៅនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ជិន ប្រសិទ្ធ មើលឃើញថា បច្ចុប្បន្ន មនុស្សភាគច្រើន ចូលចិត្តយកគំនិតមកជជែក និងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក ប៉ុន្តែមិនសូវចូលចិត្តសរសេរ ចងក្រងទុកជាឯកសារ សម្រាប់មនុស្សជំនាន់ក្រោយឡើយ។ បើតាមលោក ប្រសិទ្ធ មនុស្សជាច្រើនចូលចិត្តនិយាយច្រើនជាងការសរសេរ។
មន្ត្រីកម្មវិធីនៃអង្គការ អេដ អាអាស្យុងរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«បើយើងមានគំនិតហើយយកមកតែជជែកគ្នានោះ វានឹងបាត់បង់នៅពេលក្រោយបញ្ចប់ការជជែកគ្នានោះ។ ប៉ុន្តែបើយើងយកគំនិតនោះ មកសរសេរចងក្រងជាសៀវភៅ និងឯកសារវិញ វានឹងបន្សល់ទុកជាគំនិត និងចំណេះដឹងដល់កូនចៅជំនាន់ក្រោយយើង»។
សម្រាប់លោក ប្រសិទ្ធ ការសរសេរ និងចងក្រងសៀវភៅទុកជាឯកសារច្រើន នោះវានឹងរក្សាទុកគំនិត និងផ្ដល់ចំណេះដឹងដល់យុវជនជំនាន់ក្រោយទៀត។
ដើម្បីលើកកម្ពស់សំណេរ និងការនិពន្ធសៀវភៅឱ្យកាន់តែមានភាពសម្បូរបែបនោះ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) និងអង្គការ អេដ អេ អាកស្យុង រួមទាំងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានផ្ដួចផ្ដើមគំនិត បង្កើតក្លិបបណ្តុះថ្នាលអ្នកនិពន្ធវ័យក្មេង ដើម្បីបណ្តុះពួកគេឲ្យចេះសរសេរ ផលិតសៀវភៅ និងការបោះពុម្ពផ្សាយ។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរបស់ក្លិបអ្នកនិពន្ធវ័យក្មេងនេះ គឺចង់បង្កើតគំនិតច្នៃប្រឌិតឱ្យលើសពីការអានទៅដល់យុវជន ។ មូលហេតុអ្វី? នោះក៏ព្រោះតែយុវជនភាគច្រើនចូលចិត្តអាន តែមិនសូវចូលចិត្តសរសេរ។ មែនទែនទៅ ការអាន ងាយស្រួលជាងការសរសេរ ដូចពាក្យមួយឃ្លាថា «ការអាន គឺជាការទទួល តែការសរសេរ គឺជាការផ្តល់»។
វគ្គបណ្ដុះបណ្ដាលរបស់ក្លិបអ្នកនិពន្ធវ័យក្មេងនេះ អាចដំណើរការទៅបាន ក្រោមការឧបត្ថម្ភគាំទ្រដ៏ធំពីមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នផ្ដល់សេវាប្រាក់កម្ចីដ៏ធំមួយនៅកម្ពុជា ហើយតែងតែចូលរួមលើកកម្ពស់ការអាន និងការសរសេរនៅកម្ពុជា។
កម្មវិធីនេះ ក៏ទទួលបានការគាំទ្រពីអង្គការ អេដ អេ អាកស្យុង ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នដៃគូ នៅក្នុងការលើកកម្ពស់ជំនាញក្នុងការអាន និងការសរសេរ សម្រាប់មនុស្សគ្រប់រូប និងជាពិសេសអ្នករស់នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលនៅកម្ពុជា៕



សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។





