ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងអនុស្សាវរីយ៍ ថ្ងៃអន្តរជាតិការពារការអប់រំពីការវាយប្រហារ ធ្វើឱ្យអន្តរាយ តែងប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកញ្ញា អង្គការ អេដ អេ អាកស្យុង បានចូលរួមអបអរសាទរជាមួយសហគមន៍ និងពិភពលោក ដើម្បីលើកស្ទួយសារៈសំខាន់នៃការការពារសាលារៀន និងការអប់រំជាកន្លែងសុវត្ថិភាពសម្រាប់កុមារ ដែលរងផលប៉ពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងអំឡុងពិធីរាប់បាត្រព្រះសង្ឃចំនួន ១០០០អង្គ ផ្សព្វផ្សាយឧទិសមហាកុសលដល់វីរៈកងទ័ពពលីក្នុងសង្រ្គាមនៅវត្តពោធិ៥០០០ដើម។

យ៉ាងណាមិញ នៅខេត្តព្រះវិហារ ថ្ងៃបិណ្ឌមួយនេះ ព្រះសង្ឃចំនួន ១,០០០អង្គ បានចូលរួមក្នុងពិធីរាប់បាត្រ និងគោចចង្រ្កមចំរើនមេត្តាភាវនាផ្សាយមហាកុសលដើម្បីអនុមោទនាបុណ្យ និងឧទ្ទិសមហាកុសលជូនបុព្វការីគុណ ញាតិសណ្តាន វីវៈកងទ័ពពលី ព្រមទាំងផ្តល់ពរជ័យឲ្យកុមារ និងគ្រួសារកម្ពុជាទូទាំងប្រទេស។

ប្រធានអង្គការ អេដ អេ អាកស្យុង កម្ពុជា លោក វន់ សំភាស់ បានភ្ជាប់សារ គាំទ្ររបស់ខ្លួនជាមួយព្រឹត្តិការណ៍វប្បធម៌នេះ ដោយអំពាវនាវឲ្យសហគមន៍ ក្រសួងអប់រំ និងដៃគូអន្តរជាតិ រួមចំណែកការពារការអប់រំ និងផ្តល់ការគាំទ្រដល់កុមារដែលងាយរងគ្រោះ។ ពិធីនេះបានបង្ហាញពីតម្លៃវប្បធម៌ និងសាសនា ដែលជួយរួមគ្នាបង្កើនការយល់ដឹងសាធារណៈអំពីសារៈសំខាន់នៃសាលារៀនជាតំបន់សន្តិភាព។

លោកមានប្រសាសន៍ថា »សាលារៀនគួរតែជាតំបន់សុវត្ថិភាពសម្រាប់កុមារ ដូចជា វត្តគឺជាតំបន់សន្តិភាពសម្រាប់សហគមន៍។ កុមារ និងគ្រួសាររបស់ពួកគេកំពុងទទួលរងការខាតបង់ធំជាងគេ ពេលមានសង្រ្គាមដែលរំខានដល់ការសិក្សា។ ការពារការអប់រំ គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព និងអនាគតកុមារគ្រប់រូប។ អង្គការ អេដ អេ អាកស្យុង កម្ពុជា រួមជាមួយក្រសួងអប់រំ ដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដោយការគាំទ្រពី មូលនិធិ Education Above All Foundation កំពុងឈរជាមួយគ្រូបង្រៀន និងសហគមន៍ ដើម្បីធានាថា កុមារទាំងអស់—ជាពិសេសកុមារដែលងាយរងគ្រោះបំផុត—អាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព និងគាំទ្រ»។

ការភ្ជាប់រវាងពិធីបុណ្យបែបសាសនាវប្បធម៌ និងយុទ្ធនាការពិភពលោកស្តីពី ការការពារអប់រំពីការវាយប្រហារ បានបង្កើតជាសារៈដ៏មានអត្ថន័យ និងជួយលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍអប់រំ។

អ្នកគ្រូបង្រៀននៅក្នុងជំរំមណ្ឌលភៀសសឹកវត្តពោធិ ៥០០០ដើម ឡាំ កញ្ញា បានប្រាប់សារព័ត៌មានត្នោតញូស៍ ឱ្យដឹងនៅថ្ងៃនេះថា បច្ចុប្បន្ន ស្ថានភាពការសិក្សារបស់កុមារភៀសសឹកនៅក្នុងមណ្ឌលវត្តពោធិ៥០០០ដើម មិនបានសិក្សាពេញលេញ ដូចទៅនិងការរៀននៅក្នុងថ្នាក់រៀផផ្ទាល់នោះទេ។

អ្នកគ្រូរូបនេះ បានលើកឡើងថា បើសិនជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតែអូសបន្លាយបន្តទៅមុខទៀត វាអាចនឹងប៉ះពាល់ដល់ការសិក្សារបស់កុមារនៅក្នុងមណ្ឌលជនភៀសសឹក តែទោះបីជាយ៉ាងណា ក្នុងនាមទឹកចិត្តជាគ្រូបង្រៀន យុវត្តី កញ្ញា នៅតែបន្តលើកទឹកចិត្តកុមារឱ្យមកទទួលបានការអប់រំ និង ឱកាសសិក្សាដូចទៅនិងកុមារដ៍ទៃទៀត។

អ្នកគ្រូ ឡាំ កញ្ញា បានលើកឡើងយ៉ាងដូច្នេះថា៖ “ពីមុននៅក្នុងមណ្ឌលជនភៀសសឹកវត្តពោធិ ៥០០០ ដើម ក្នុងមួយថ្ងៃមានកុមារយ៉ាងហោចពី ៤០នាក់ ទៅ៥០នាក់ ចូលរៀនជាមួយអ្នកគ្រូនៅក្នុងមណ្ឌលជនភៀសសឹក ប៉ុន្តែនៅពេលនេះ គឺមានត្រឹមតែ១០ ទៅ១៥នាក់តែប៉ុណ្ណោះ ដោយសារកុមារមួយចំនួនបានត្រលប់ទៅលំនៅដ្ឋានវិញ ស្របពេលស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ហាក់មានសភាពធូរស្រាលជាងមុន”។

គួររំលឹកថា កាលពីថ្ងៃសុក្រ ទី០៥ ខែកញ្ញា អង្គការ អេដ អេ អាកស្យុង បានប្រារព្ធពិធីអបអរ ទិវាអន្តរជាតិការពារការអប់រំពីការវាយប្រហារ ធ្វើឲ្យអន្តរាយ ជាលើកដំបូងនៅ កម្ពុជា នាវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តព្រះវិហារ ព្រះសង្ឃ គ្រូបង្រៀន ព្រមទាំងសិស្សានុសិស្ស ជាច្រើនផងដែរ។
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ត្នោត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




