អង្គការ អេដ អេ អាក់ស្យុង បានបន្តផ្ដល់ជំនួយជាកុំព្យូទ័រសម្រាប់សាលាបឋមសិក្សានៅតាមទីជនបទដើម្បីជំរុញការសិក្សាផ្នែកឌីជីថល បន្ទាប់ពីបានជំរុញការបង្កើតថ្នាក់កុំព្យូទ័របែបនេះនៅតាមសាលាបឋមសិក្សាជាង១៥០សាលារួចហើយ។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ អង្គការនេះបានបន្តផ្ដល់កុំព្យូទ័រដល់សាលាចំនួន២ទៀត គឺសាលាបឋមសិក្សាភូមិកណ្ដាល និងសាលាបឋមសិក្សាវាលកន្សែង នៅក្នុងស្រុកឆ្លង ខេត្តក្រចេះ បន្ទាប់ពីបានចុះវាយតម្លៃដោយផ្ទាល់រួច។ សាលានីមួយៗត្រូវបានផ្ដល់កុំព្យូទ័រចំនួន១០គ្រឿងសម្រាប់ការរៀបចំថ្នាក់កុំព្យូទ័រក្នុងសាលា។
នាយកសាលាភូមិកណ្ដាល លោក អន សិទ្ធី បានថ្លែងអំណរគុណចំពោះការផ្ដល់ជូននេះដោយតាមរយៈជំនួយនេះសាលានឹងមានលទ្ធភាពបណ្ដុះបណ្ដាលគ្រូ និងបង្កើតថ្នាក់កុំព្យូទ័រសម្រាប់សិស្សនៅសាលាបឋមលោកតែម្ដង។
លោកថា៖ «បើយើងមានកុំព្យូទ័រហើយយើងនឹងបង្កើតជាកម្មវិធីទៀត អាចថាក្នុងមួយសប្ដាហ៍អាចមាន១ម៉ោង ឬ២ម៉ោង ដើម្បីឱ្យសិស្សបានចូលសិក្សាថ្នាក់កុំព្យូទ័រនេះ។ បន្ទប់នេះរៀបទុកយូរហើយរង់ចាំសំណាងមកដល់ឥឡូវបានមកដល់មែន។ ខ្ញុំត្រេកអរណាស់!»។

ទោះជាយ៉ាងណាដើម្បីធានាដល់ការបង្រៀនថ្នាក់កុំព្យូទ័រសម្រាប់កុមារនៅជនបទនេះក្នុងមួយថ្នាក់តម្រូវយ៉ាងហោច៣០កុំព្យូទ័រ ដោយប្រធានអង្គការ អេដ អេ អាក់ស្យុង ប្រចាំកម្ពុជាលោក វន សំភាស់ បានជំរុញដល់សាលាគួរបង្កើតមូលនិធិសាលា និងសហគមន៍មួយដើម្បីរ៉ៃអង្គាសថវិកាបន្ថែមទិញបន្ថែមដោយមានជំនួយពីអង្គការ ដោយសហគមន៍៥០% និងអង្គការជួយ៥០%។
លោកបានឱ្យអ្នកសារព័ត៌មានដឹងថា៖ «យើងកំពុងនាំកូនគាត់ទៅក្នុងប្រព័ន្ធឌីជីថលដែលកូនគាត់អាចប្រើប្រាស់បច្ចេកវិទ្យាជាផ្លូវវិជ្ជមានជាស្ពានឱ្យមានចំណេះជំនាញមានការងារធ្វើ។ គាត់(ឪពុកម្ដាយ) គាត់មានការទទួលខុសត្រូវមួយដែលគាត់មានចំណែកហើយគាត់ជាម្ចាស់នៃការអភិវឌ្ឍនេះ យើងគ្រាន់តែមានចំណែកដើម្បីជួយពួកគាត់។ អ៊ីចឹងយើងចង់ឃើញថា១០គ្រឿងនេះនឹងក្លាយជា៣០គ្រឿងដោយក្នុងនោះគឺបានពីលោកគ្រូអ្នកគ្រូជួយមួយចំណែក សហគមន៍ឪពុកម្ដាយសហគមន៍ជួយមួយចំណែកអ៊ីចឹងកុំព្យូទ័រយើងនឹងមានអ្វីដែលជារបស់សហគមន៍»។

តាមការបង្ហោះលើគេហទំព័រ អេដ អេ អាក់ស្យុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំតាមប្រព័ន្ធឌីជីថលក្នុងពេលដែលពិភពមានទំនាក់ទំនងកាន់តែខ្លាំងដូចពេលបច្ចុប្បន្ន។ អង្គការនេះបានចុះហត្ថលេខាភាពជាដៃគូជាមួយក្រសួងអប់រំកាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនគុណភាពអប់រំបឋមសិក្សាការរៀនឌីជីថលនៅកម្ពុជា ដោយបង្កើតថ្នាក់បណ្ដុះបណ្ដាលកុំព្យូទ័រនៅតាមសាលាបឋមសិក្សាតែម្ដង ដោយមិនត្រឹមតែផ្ដល់នូវសម្ភារៈទ្រទ្រង់ការសិក្សាប៉ុណ្ណោះទេ អង្គការនេះនឹងបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូពីចំណេះដឹងកុំព្យូទ័រ និងផ្ដល់ការគាំទ្របច្ចេកទេសផងដែរ។
បើតាមលោក វន សំភាស មកដល់បច្ចុប្បន្នអង្គការលោកបានបំពាក់កុំព្យូទ័រដល់សាលាជាង១៥០សាលាក្នុងចំនួនជាង២ពាន់គ្រឿងរួចហើយ និងបច្ចុប្បន្នកំពុងបន្ថែម១ពាន់គ្រឿងបន្ថែមទៀតទៅក្នុងសាលាបឋមតាមជនបទនៅកម្ពុជា។ លោកចង់ឃើញនាថ្ងៃអនាគតសិស្សនៅតាមសាលានៅតាមទីជនបទនឹងមានគុណភាព ហើយតាមទីជនបទមានមូលធនមនុស្សដែលមានគុណភាព និងសហគមន៍មានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនដល់ការអប់រំ និងអនាគតរបស់ក្មេងៗ៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន កម្ពុជាថ្មី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




