អង្គការ អេដ អេ អាក់ស្យុង (Aide et Action) ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំទីតាំងសិក្សាបណ្ដោះអាសន្ន និងចែកចាយសម្ភារៈសិក្សា ជូនដល់កុមារភៀសសឹក ដែលកំពុងរស់នៅតាមជំរំ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន របស់សិស្សភៀសសឹក នៅជំរំចុងកាល់ និងជំរំបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាតំបន់រងផលប៉ះពាល់ដោយការវាយប្រហារពីយោធាថៃ។

ជាមួយនឹងការចុះពិនិត្យនេះ លោកបណ្ឌិត ប្រធាននាយកដ្ឋាន បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកប្រគល់ជូនដល់ជំរំ រួមមាន សៀវភៅកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឯកសារពាក់ព័ន្ធនឹងការអប់រំបឋមសិក្សា និងសៀវភៅអានបន្ថែមផ្សេងៗទៀត សរុបចំនួន ៣,០០០ក្បាល ព្រមទាំងកុំព្យូទ័រយួរដៃ ២គ្រឿង ម៉ាស៊ីនព្រីនទ័រ ២គ្រឿង ក្រដាសរ៉ាម ២កេស ឧបករណ៍បំពងសំឡេង ២គ្រឿង នំប័ង ៥០០ មីខ្លាឃ្មុំ ៤កេស និងថវិកាចំនួន ៤,៤៤០,០០០រៀល សម្រាប់គាំទ្រដល់ដំណើរការជំរំ។

ជាមួយគ្នានេះផងដែរ សម្រាប់ជំរំភៀសសឹកនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក៏បានទទួលអំណោយពីឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រួមមាន សៀវភៅសរសេរ ២,០០០ក្បាល ប៊ិក ២,០០០ដើម ខ្មៅដៃ ២,០០០ដើម ប្រដាប់ចិតខ្មៅដៃ ១០០ ម៉ាស៊ីនព្រីនទ័រ ១គ្រឿង និងថវិកាចំនួន ៣លានរៀល។

ក្នុងដំណើរចុះពិនិត្យការរៀន និងបង្រៀននៅតាមជំរំទាំងពីរ អង្គការ អេដ អេ អាក់ស្យុង ក៏បានឧបត្ថម្ភបន្ថែមសម្ភារៈសិក្សា ខោអាវកីឡា ទឹកដោះគោ និងនំ ជូនដល់កុមារភៀសសឹក ដើម្បីលើកទឹកចិត្តឱ្យកុមារបន្តស្រឡាញ់ការសិក្សា និងអាចរៀនសូត្រឡើងវិញ អំឡុងពេលប្រទេសកំពុងជួបវិបត្តិសង្គ្រាម។

គួរបញ្ជាក់ថា អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation បច្ចុប្បន្ននេះ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំខេត្ត ស្រុក ដើម្បីធ្វើការផ្ដល់នូវសំភារៈសិក្សាទៅដល់កុមារភៀសសឹកនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ដោយសង្រ្គាមព្រំដែនកម្ពុជា-ថៃ៕

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ត្នោត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




