
ដោយមើលឃើញនៅទង្វើអមនុស្សធម៌ និងភាពព្រៃផ្សៃ ចំពោះសកម្មភាពនៃការឈ្លានពានយ៉ាងកំរោលរបស់យោធាសៀម ដែលធ្វើការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់ទៅលើទីវត្តអារាម សាលារៀន និងលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជាស្លូតត្រង់ លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង ស្នើឱ្យសហគមន៍អន្តរជាតិ គួរតែប្ដឹងទៅកាន់យោធា និងថ្នាក់ដឹកនាំថៃ ទៅកាន់តុលារការអន្តរជាតិ ដើម្បីចាត់ការទៅតាមច្បាប់អន្តរជាតិដែលបានចែងជាធរមាន។

លោក វន សំភាស់ បានប្រាប់សារព័ត៌មានត្នោត កាលពីពេលថ្មីៗនេះលោក វន សំភាស់ថា លោកសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើព្រៃផ្សៃរបស់រដ្ឋាភិបាល និងយោធាថៃ ដែលបានកំពុងរំលោភទៅលើសន្ធិសញ្ញាអន្តរជាតិជាច្រើន ជាពិសេស គឺផ្ដោតសំខាន់ទៅលើការបំផ្លាញទៅលើសិទ្ធការទទួលបានរស់នៅ សិទ្ធទទួលបានការអប់រំ និងសិទ្ធផ្សេងៗទៀតរបស់កុមារ។

លោកបានបន្ថែមថា ទាំងមេដឹកនាំថៃ និង យោធាថៃ គួរតែត្រូវបានប្ដឹងពីសហគមន៍អន្តរជាតិ និងតុលារការអន្តរជាតិគួរតែធ្វើការកាត់ទោសទៅនិងច្បាប់អន្តរជាតិ ដែលបានកំណត់ជាធរមាន។

យ៉ាងណាមិញ ដើម្បីបន្តចូលរួមលើកកម្ពស់ការអប់រំកុមារភៀសសឹក អង្គការអេដ អេ អាក់ស្យុង គ្រោងនឹងបន្តសកម្មភាពផ្ដល់នៅជំនួយជាសំភារៈសិក្សា និង របស់របរប្រើប្រាស់ចាំបាច់មួយចំនួនទៅកាន់ សាលាចំនួនជាង៥០០ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

លោកបានបន្ថែមថា បើទោះបីជាសង្គា្រមរវាងកម្ពុជា និងថៃ នៅតែបន្តអូសបន្លាយរយះពេលយូរយ៉ាងណាក៍ដោយ ក៏ឆន្ទះរបស់ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នៅតែបន្តរួមគ្នាវេញជាធ្លុងមួយ ក្នុងការចូលរួមការការពារកុមារ និងមិនបញ្ឈប់ការអប់រំកុមារត្រឹមពេលនេះនោះទេ។

លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “ ការផ្ដល់នៅសំភារៈសៀវភៅ កាបូប ប៊ិច និងខ្មៅដៃជូនទៅដល់កុមារភៀសសឹក គឺជាការផ្ដល់ទំនុកចិត្តទៅដល់កុមារ ក្នុងការលើកទឹកចិត្តពួកគេឱ្យបន្តការសិក្សា នៅក្នុងអំឡុងពេលដែលប្រទេសជាតិ គឺកំពុងជួបប្រទះបញ្ហាសង្រ្គាមរ៉ាំរ៉ៃ ជាពិសេស ពួកគេហ៊ានចុះឈ្មោះចូលរៀន ហើយអង្គុយរៀនជាមួយកុមារផ្សេងទៀត”។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អង្គការ អេដ អេ អាកស្យុង បានផ្តល់ដោយផ្ទាល់ សៀវភៅអាន ៦០០ក្បាល សៀវភៅគូររូប ៧៥០សន្លឹក គូល័រផាត់ពណ៌ ២០ប្រអប់ អាវកីឡា បាល់ទះ និងតង់មួយចំនួន ដល់កុមារជនភៀសសឹក និងក្រុមគ្រួសារពួកគេនៅ ជំរុំអូរប្រាសាទ ជំរុំតាដោក ជំរុំកំពង់ស្វាយ២ និងសម្ភារៈសម្រាប់ជំរុំទៀត តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យផងដែរ៕

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




