លោក វន សំភាស់៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជួយពង្រឹងកាយសម្បទា និងបញ្ញាស្មារតីកុមារ

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាពកុមារ» នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិចំនួន ១២ ប្រភេទកីឡា។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមសរុបចំនួន ៦៤៧ នាក់ ខណៈកីឡាករ និងកីឡាការិនីមានចំនួន ២,៦៨៩ នាក់ ប្រកួតលើវិញ្ញាសាសរុប ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ ទីតាំង។

ជាមួយគ្នានេះ អង្គការ Action Education ក៏មានមោទនភាពក្នុងការធ្វើជាដៃគូសហការគាំទ្រព្រឹត្តិការណ៍នេះ តាមរយៈការលើកកម្ពស់សកម្មភាពកីឡានៅតាមសាលារៀន ការផ្គត់ផ្គង់សម្ភារៈសិក្សា វត្ថុអនុស្សាវរីយ៍ និងការបំពាក់ឧបករណ៍កុំព្យូទ័រដល់សាលាដែលទទួលបានជ័យលាភី។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Action Education បានមានប្រសាសន៍ថា៖ «កីឡា គឺជាផ្នែកមួយសំខាន់នៃការអប់រំគុណភាព ព្រោះវាជួយលើកកម្ពស់សុខភាព បង្កើនសមត្ថភាពផ្លូវចិត្ត និងការចងចាំរបស់កុមារ។ ការលើកទឹកចិត្តឱ្យកុមារចូលរួមលេងកីឡា ចាប់ពីថ្នាក់រៀន រហូតដល់កម្រិតជាតិ នឹងរួមចំណែកបង្កើតជំនាន់កុមារដែលមានសុខភាពល្អ មានវិន័យ និងមានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិទៅអនាគត»។

បន្ថែមលើនេះ លោកក៏បានបង្ហាញក្តីរំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាចលករសំខាន់មួយ ក្នុងការលើកទឹកចិត្តដល់សាលារៀនទូទាំងប្រទេស បន្តអភិវឌ្ឍសកម្មភាពអប់រំកាយ និងកីឡា ដែលជាផ្នែកមួយនៃការកែលម្អគុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំដល់សិស្ស ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការរៀបចំការប្រកួត និងផ្តល់ឱកាសដល់សិស្សដែលមានទេពកោសល្យកីឡា ចូលរួមក្នុងក្រុមថ្នាល។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មានវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ក្រោម ១២ ប្រភេទកីឡា និងប្រើប្រាស់ទីលានប្រកួតចំនួន ១០ ទីតាំងផ្សេងៗ នៅរាជធានីភ្នំពេញ៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *