ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញសេចក្ដីរីករាយ ដោយបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា គឺជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានថា “គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ”។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន ដោយអនុញ្ញាតឱ្យកុមារជនជាតិដើមភាគតិចមានឱកាសរៀនសូត្រជាភាសាកំណើតរបស់ខ្លួនក្នុងគោលដៅ ថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស ហើយនឹងបន្តរៀបចំផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងសិស្សពូកែ ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។

ឯកឧត្តមគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយជាផ្លូវការនេះ ជាផ្នែកមួយចូលរួមថែរក្សាភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចបានល្អប្រសើរ។ កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេលើពិភពលោក ដែលអនុវត្តកម្មវិធីអប់រំពហុភាសា ដោយមានភាសាជនជាតិដើមភាគតិចចំនួន ៦ ក្នុងចំណោម ២៤ ដែលមានអក្សរសាស្ត្រប្រើអក្ខរកម្មខ្មែរ រួមមាន៖ ភាសាទំពួន ភាសាគ្រឹង ភាសាព្រៅ ភាសាកាវ៉ែត ភាសាព្នង និងភាសាចារ៉ាយ។

ជាមួយគ្នានេះ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង បានអបអរសាទរ និងចាត់ទុកនេះជាប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការទទួលស្គាល់ និងលើកកម្ពស់ភាសា វប្បធម៌ និងអត្តសញ្ញាណរបស់បងប្អូនជនជាតិចារ៉ាយ ព្រមទាំងបន្តគាំទ្រកម្មវិធីអប់រំពហុភាសា។

លោក បានលើកឡើងយ៉ាងដូច្នេះថា៖ “សម្រាប់សមាគមជនជាតិដើមភាគតិចកម្ពុជា ការប្រកាសប្រើប្រាស់ ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា ជាផ្លូវការ គឺជាការផ្តល់តម្លៃខ្ពស់ដល់ការការពារ និងការអភិរក្សភាសា វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជនជាតិដើម ក្នុងបរិបទវប្បធម៌ទំនើប”។

ប្រធានអង្គការ អេដ អេ អាក់ស្យុងរូបនេះ បានបន្ថែមថា ចាប់ពីថ្ងៃទី ២៧ ខែមករា កុមារនឹងអាចប្រើប្រាស់ភាសានេះនៅក្នុងថ្នាក់រៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ៣ ដែលអាចឱ្យពួកគេបង្កើនជំនាញភាសាដើមកំណើតរបស់ពួកគេតាំងពីក្មេង។

គួរបញ្ជាក់ថា អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation ក្នុងបេសកកម្មរយៈពេលបីឆ្នាំកន្លងមកនេះ អង្គការ AEA បានធ្វើការសហការជាមួយមន្ទីរអប់រំខេត្តចំនួន៥ មានដូចជា៖ ខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ ដើម្បីធ្វើការផ្ដល់នូវសំភារៈសិក្សា និងបំពាក់ឧបករណ៍បច្ចេកទេសិក្សាតាមឌីជីថលទៅដល់សាលារៀនជាង ៥០០ ខណៈក្នុងចំនោមនោះ គឺមានជាង២០០សាលារៀន ដែលអនុវត្តទៅលើកម្មវិធីអប់រំពហុភាសា៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *