អាគារសិក្សាចំនួន៣ខ្នងស្ថិតក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរខេត្តក្រចេះដែលជាជំនួយរបស់អង្គការទស្សនៈពិភពលោក និងអង្គការអេដ អេ អាកស្យុង ត្រូវបានដាក់សម្ពោធ ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋមន្ត្រីអប់រំ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មកចូលរួមដោយផ្ទាល់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេនសាលាបឋមសិក្សាត្រាំដំ នៅស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថាអំណរគុណចំពោះអង្គការទស្សនៈពិភពលោក និងអង្គការ អេដ អេ អាក់ស្យុង ដែលបានគាំទ្រដល់វិស័យអប់រំ លើកស្ទួយ ការពារកុមារនៅកម្ពុជា។ លោកថាទោះបីទីតាំងសាលានៅឆ្ងាយតែលោកត្រូវតែចូលរួមដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអង្គការសប្បុរសធម៌ទាំងនេះ។
លោកថា៖ «សូមសំដែងនូវការគោរពរបស់លោកគ្រូអ្នកគ្រូដើម្បីអាចឱ្យកូនៗរបស់យើងនេះដែលនៅទីឆ្ងាយបានទទួលនូវការអប់រំ ខ្ញុំសូមអរគុណ។ អ៊ីចឹងហើយបានខ្ញុំសុខចិត្តថាទៅនៅទីឆ្ងាយក៏ត្រូវតែមកដើម្បីឱ្យឃើញនូវសមិទ្ធផលថ្មីៗទៀតនេះ»។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថាជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលពិតជាបានជួយគាំទ្រដល់ការខិតខំរបស់រដ្ឋាភិបាលក្នុងការលើកម្ពស់ធនធានមនុស្សនៅកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានសាលានៅទូទាំងប្រទេសប្រមាណ១ម៉ឺនសាលា ក្នុងនោះជាង ៧ ៣០០សាលាជាបឋមសិក្សា។
នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកលោក ជេណេស អ៊ីម៉ានូអែល ហ្គីនទីញ បានឱ្យដឹងថាបច្ចុប្បន្នអង្គការលោកបានគាំទ្រដល់សាលាបឋមសិក្សាចំនួន៦៥១កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកក្នុងខេត្តក្រចេះ អង្គការបានគាំទ្រដល់សាលា៩៣ ជួយដល់កុមារជិតជិត២ម៉ឺននាក់។ លោកបន្ថែមថាសមិទ្ធផលនៅពេលនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធដើម្បីធានាថាកុមារគ្រប់រូប ជាពិសេសកុមារងាយរងគ្រោះបំផុត ទទួលបានអប់រំ ការការពារ និងផ្ដល់សិទ្ធិអំណាច «ដោយគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។

លោកបន្ថែមថា៖ « ទស្សនៈវិស័យរបស់យើងគឺ ចង់ឃើញ”កុមារគ្រប់រូបមានជីវិត្តពេញបរិបូរណ៍” សេចក្តីអធិដ្ឋានរបស់យើងសូមអោយដួងចិត្តមនុស្សគ្រប់រូប មានឆន្ទៈដើម្បីសម្រេចបំណងនេះ»។
នាយកប្រចាំប្រទេសនៃអង្គការ អេដ អេអាកស្យុង (AEA) លោក វន សំភាស់ បានថ្លែងថាតាមរយៈកិច្ចសហការគ្នាជាមួយអង្គការទស្សនៈវិស័យពិភពលោក បានកែប្រែកន្លែងសិក្សានៅតាមគោលដៅឱ្យក្លាយជាទីមេត្រីមួយសម្រាប់សិស្សានុសិស្ស ប្រកបដោយសុវត្ថិភាព និងលើកកម្ពស់ការចូលរួមដោយស្មើភាពគ្នា។ លោកបន្ថែមថាក្រៅពីជួយដល់ការសាងសង់សាលាទាំង៣នេះហើយអង្គការលោកក៏បានបំពាក់បន្ថែមនូវផ្ទាំងសូឡា និងសម្ភារៈសិក្សាផ្សេងទៀតគាំទ្រដល់សិស្សនៅសាលាបឋមទាំងបីនេះផងដែរ។

លោកបន្ថែមថា៖ «សូមអំពាវនាវឱ្យមានដល់អ្នកពាក់ព័ន្ធ ជាពិសេសគណៈកម្មការគ្រប់គ្រង/ទ្រទ្រង់សាលារៀន និងអាជ្ញាធរមូលដ្ឋាន បន្តជំរុញឱ្យមានការចូលរួម ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យកុមារជួបការលំបាក កុមារនៅក្រៅសាលា (OOSC) បានមករៀន និង ថែរក្សា និងប្រើប្រាស់អាគារសិក្សានេះឱ្យមានប្រសិទ្ធភាព»។
សាលាបឋមសិក្សាទាំង៣នេះមានឈ្មោះសាលាបឋមសិក្សាត្រាំដុំ នៅឃុំវឌ្ឍនៈ សាលាបឋមសិក្សាកំពង់រទេះ ក្នុងឃុំបឹងចារ ស្រុកសំបូរ និងសាលាបឋមសិក្សាស្រែពពេល ក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ដែលត្រូវបានសាងសង់ក្នុងថវិកាជិត២៨ម៉ឺនដុល្លារ៕




សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន កម្ពុជាថ្មី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




