
កាលពីពេលថ្មីៗនេះ អង្គការ អេដ អេ អាកស្យុង (AEA) ក្នុងភាពជាដៃគូជាមួយ មូលនិធិដើម្បីការអប់រំ (Education Above All Foundation) បានរួមដំណើរជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ធ្វើទស្សនៈកិច្ចស្ថានភាព សាលារៀន ចំនួន៨ នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម នាពេលថ្មីៗ កន្លងមកនេះ។

ក្នុងដំណើរទស្សនៈកិច្ចនេះ អង្គការ អេដ អេ អាកស្យុង បានរួមចំណែកជាមួយក្រសួងក្នុងការផ្តល់នូវសម្ភារៈសិក្សា ឌីជីថល ជាកុំព្យូទ័របន្ទះ (iPad) ៦០គ្រឿង និងកុំព្យូទ័រ (All-in-one) ៣គ្រឿង ដល់សាលាបឋមសិក្សាចំនួន ៣ រួមមាន សាលាបឋម សិក្សាអូរស្មាច់ សាលាបឋមសិក្សាអូរស្មាច់១ និងសាលាបឋមសិក្សាគោកមន ព្រមទាំសម្ភារៈសិក្សាផ្សេងទៀត ដូចជា សៀវភៅអាន ក្រដាសផាត់ពណ៌ ឧបករណ៍លេង និង ទឹកដោះគោស្រស់សម្រាប់កុមារ ដល់សាលាទាំងបីនេះ និងសាលា បឋមសិក្សាចន្ទរីខ្នាឬស្សី។

ទន្ទឹមនឹងនេះដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួង និងសហការសម្របសម្រួលពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ អង្គការ អេដ អេ អាកស្យុង នឹងគាំទ្រដល់ការសាងសង់ អាគារសិក្សាពហុបំណង នៅសាលាបឋមសិក្សា តាមន្តសែនជ័យ និងសាលាបឋមសិក្សាមនោរម្យ១និង២ ដែលអាចបម្រើដល់ ការសិក្សារបស់កុមារនៅក្នុងបវេសនកាល ខាងមុខនេះផងដែរ។

ជាមួយគ្នានេះ អង្គការ អេដ អេ អាកស្យុង បានបន្តបេសកម្មរបស់ខ្លួនបន្តទៀតទៅកាន់មណ្ឌលជនភៀសសិកនៅវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រួមនឹងដៃគូផ្សេងទៀត ដោយរៀបចំផ្តល់ជានៅជាសម្ភារៈសិក្សា និងសម្ភារៈឆ្លើយតបចាំបាច់មួយចំនួនផងដែរ ដែលមាន ប្រមាណ ២០មុខ។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំជាស្តង់កន្លែងដែលកុមារអាចមកអានសៀវភៅ និងផាត់ពណ៌ផងដែរ។

អង្គការ អេដ អេ អាកស្យុង ចូលរួមជាមួយរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្តទស្សនៈកិច្ចមណ្ឌលជនភៀសសឹកចំនួន ២ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្នុងនោះមានមណ្ឌលវត្តពោធិ៍៥០០០ដើម ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រួមនឹងដៃគូផ្សេងទៀត ដោយបានរៀបចំផ្តល់ជាសម្ភារៈសិក្សា និងសម្ភារៈឆ្លើយតប ចាំបាច់មួយ ចំនួនផងដែរ ដែលមាន ប្រមាណ ២០មុខ ជាពិសេសបានរៀបចំជាស្តង់កន្លែងដែលកុមារ អាចមកអានសៀវភៅ និងផាត់ ពណ៌ផងដែរ។

ស្របតាមទស្សនៈលើកកម្ពស់ការសិក្សានៅក្នុងជំរំជនភៀសសឹក ដំណើរទស្សនៈកិច្ចនេះ អង្គការ អេដ អេ អាកស្យុង បានផ្តល់នូវកុំព្យូទ័រ (All-in-one) ចំនួន ១ កុំព្យូទ័របន្ទះ (iPad) ចំនួន ៤០គ្រឿង ដល់សាលាបឋមសិក្សាចំនួន២ ក្នុងនោះមានសាលាបឋមសិក្សាគូលែនផងដែរ។
យ៉ាងណាមិញ អង្គការ អេដ អេ អាកស្យុង បានបន្តសកម្មភាពមនុស្សធម៏របស់ខ្លួន ទៅកាន់មណ្ឌលជនភៀសសឹក វត្តថ្នល់បំបែក នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រួមនឹងដៃគូផ្សេងទៀត ដោយបានរៀបចំផ្តល់ជាសម្ភារៈសិក្សា និងសម្ភារៈឆ្លើយតប ចាំបាច់មួយ ចំនួនផងដែរ ដែលមាន ប្រមាណ ២០មុខ ហើយក៏មានការរៀបចំជាស្តង់កន្លែងដែលកុមារ អាចមកអានសៀវភៅ និងផាត់ ពណ៌ផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចនេះ អង្គការ អេដ អេ អាកស្យុង ក៏បានផ្តល់នូវ (iPad) ចំនួន ១៥គ្រឿង ដល់មន្ទីរអប់រំខេត្តព្រះវិហារផងដែរ។

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot នារសៀលថ្ងៃនេះថា AEA បានបន្ថែមជំនួយជាសំភារៈសិក្សា និង អាហារហូបចុកដែលបានផ្ដល់ទៅអោយកុមារដែលជាជនភៀសសឹកខាងលើ គឺធ្វើឡើងដើម្បីចូលរួមគាំទ្រជាមួយក្រសួងអប់រំ ដើម្បីអាចផ្ដល់ឱកាសឱ្យកុមារទាំងនោះបានសិក្សារៀនសូត្រ និង ទទួលបានការគាំពារផ្នែកសុខភាពផ្លូវចិត្តថែមទៀតផង។

លោក វន សំភាស់ បានសង្កត់ធ្ងន់ថា ក្រៅពីជំនួយជាសំភារៈសិក្សា អង្គការ អេដ អេ អាក់ស្យុង ក៏បានគិតគូរទៅលើបញ្ហាកុមារដែលជួបប្រទះនៅបញ្ហាកង្វះអាហាររូបបត្ថម្ភ ការស្នាក់នៅ និង បញ្ហាសុខភាពអនាម័ការផ្ដល់នៅជំនួយការសិក្សារៀនសូត្រនៅក្នុងជំរំជនភៀសសឹកជាដើម។
លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “ កន្លងមកយើងបានធ្វើការសហការជាមួយរដ្ឋបាលខេត្ត ដើម្បីកសាងរោងស្នាក់នៅ និង ប៊ូត ដើម្បីផ្ដល់ជាទីជម្រកសម្រាប់ពលរដ្ឋជនភៀសសឹកស្នាក់នៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ”។

យ៉ាងណាមិញ លោកសង្កេតឃើញថា កុមារទាំងអស់ដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដូចជាខេត្តឧត្តរមានជ័យ និងព្រះវិហារ គឺ ពួកគេទាំងនោះភាគច្រើនបានបាត់បង់ឱកាសនៃការរៀនសូត្រស្ទើរតែទាំងស្រុង ខណៈសាលាមួយចំនួនត្រូវបានបិទ និងតម្រូវត្រូវពួកគេឃ្លាតឆ្ងាយពីផ្ទះសម្បែងទៅរស់នៅក្នុងជំរំជនភៀសសឹកជាមួយឪពុកម្ដាយរបស់ពួកគេ។

លោកបានបញ្ជាក់ថា ទោះបីជាការសិក្សានៅក្នុងជំរំជនភៀសសឹកមិនមានលក្ខណៈពេញលេញដូចទៅនិងការរៀនក្នុងសាលា ក៏ប៉ុន្តែលោកប្រធានអង្គការ AEA រូបនេះ គឺចង់ឃើញក្មេងៗទាំងនោះ គឺ នៅមានសៀវភៅអាន មានទីតាំងសមរម្យសម្រាប់ឱ្យពួកគេបានលេងជុំគ្នាជាមួយមិត្តភក្ដិ និងបានជួបលោកគ្រូ អ្នកគ្រូដើម្បីបានអប់រំផ្លូវចិត្ត និងភាពរឹងមាំតស៊ូរស់នៅក្នុងស្ថានដ៏លំបាកមួយនេះបាន៕
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




