អង្គការ អេដ អេ អាកស្យុង ជំរុញការអប់រំកុមារ​ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់កុមារ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមអនុវត្តកម្មវិធីថ្នាលបឋម តាមរយៈជំនួយឧបត្ថម្ភ មានទាំងថវិកាគាំទ្រ និងសម្ភារសិក្សា។ ជំនួយទាំងនេះ នឹងធ្វើឱ្យការសិក្សារបស់កុមារកាន់តែមានប្រសិទ្ធភាព និងមានភាពសកម្ម ដែលសមស្រប  នឹងតម្រូវការនៃសង្គមបច្ចេកវិទ្យាសតវត្សទី ២១។

អង្គការ អេដ អេ អាកស្យុង បានសហការជាមួយសាលារៀន និងសហគមន៍ជនបទ ដើម្បីជំរុញការអប់រំតាមរយៈបច្ចេកវិទ្យា។ តាមរយៈគម្រោងនេះ តាមសាលានីមួយៗនឹងទទួលបានកុំព្យូទ័រដើម្បីរៀនពីបច្ចេកវិទ្យា ហើយលោកគ្រូអ្នកគ្រូនឹងទទួលបានការបណ្ដុះបណ្ដាលបច្ចេកវិទ្យាបន្ថែមផងដែរ។

គម្រោងជំរុញការអប់រំបច្ចេកវិទ្យាដល់សិស្សនៅតំបន់ជនបទនេះ នឹងអនុវត្តនៅតាមសាលាបឋមសិក្សាគោលដៅក្នុងខេត្តចំនួន៣ មានខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងការអនុវត្តគម្រោងនេះ អេដ អេ អាកស្យុង ទទួលបានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាសម្រាប់កម្រិតបឋមសិក្សា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការអនុវត្តកម្មវិធីថ្នាលបឋម កាលពីថ្ងៃទី១៣ មិថុនា លោក កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីថ្នាលបឋម ឬគម្រោងជំរុញការអប់រំបច្ចេកវិទ្យាក្នុងកម្រិតបឋមសិក្សានេះ ជាផ្នែកមួយក្នុងប្រព័ន្ធអប់រំជាតិ ដែលផ្តោតលើការផ្តល់អប់រំគុណភាពល្អដល់កុមារចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ លោកបន្តថា ក្នុងបរិបទកម្ពុជា កម្មវិធីថ្នាលបឋមត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់កុមារ ដែលផ្ដោតលើការពង្រឹងសមត្ថភាពភាសា គណិតវិទ្យា ជីវិតប្រចាំថ្ងៃ និងអភិវឌ្ឍស្មារតី និងសីលធម៌ជាដើម។

លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាកស្យុង

ប្រធាននាយកដ្ឋានបឋមសិក្សារូបនេះបញ្ជាក់ដូច្នេះ​៖ «តួនាទីមាតាបិតា និងសហគមន៍នៅតែចាំបាច់ក្នុងការផ្តល់សំឡេងឱ្យកុមារ បានបន្តការសិក្សាដោយគ្មានការលំបាក។ ពិភពលោកកំពុងទៅឌីជីថល តែកុមារជាច្រើននៅកម្ពុជាមិនទាន់បានប៉ះពាល់នឹងសម័យនេះឡើយ។ ដូច្នេះក្រោមជំនួយពី អេដ អេ អាកស្យុង យើងរំពឹងថាការសិក្សារបស់សិស្ស នឹងកាន់តែល្អប្រសើរ ជាពិសេសអាចឱ្យសិស្សបានស្គាល់ និងរៀនកុំព្យូទ័រ បច្ចេកវិទ្យា និងបង្កើនចំណេះដឹង»។ 

យ៉ាងណាមិញ អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមបង្កើនគុណភាពអប់រំផ្សារភ្ជាប់នឹងជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា សម្រាប់កុមារក្នុងកម្រិតបឋមសិក្សាផងដែរ។ លោកស្រី មាស ភារុន ប្រធានមន្ទីរក្រសួងអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអះអាងថា ជំនួយឧបត្ថម្ភកុំព្យូទ័រពីអង្គការ អេដ អេ អាកស្យុង ពិតជាមានសារសំខាន់ អាចឱ្យសិស្សបានស្គាល់ និងរៀនកុំព្យូទ័រ បង្កើនចំណេះដឹងបច្ចេកវិទ្យា ស្របតាមកម្មវិធីថ្នាលបឋមរបស់ក្រសួង។

លោក កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងរូបនេះ បន្តថា ដើម្បីជំរុញការអប់រំមានគុណភាព អង្គការ អេដ អេ អាកស្យុង បានផ្តល់ជំនួយឧបត្ថម្ភកុំព្យូទ័រជាច្រើន​ សម្រាប់សាលានានាក្នុងខេត្តបាត់ដំបង។  លោកស្រី មាស ភារុន លើកឡើងថា៖«សិស្សសាលានៅខេត្ត ឬតំបន់ជនបទ តែងតែខកខានឱកាសប៉ះពាល់បច្ចេកវិទ្យា។ ជំនួយឧបត្ថម្ភនេះ មិនត្រឹមតែជួយជំរុញការសិក្សារបស់សិស្សទេ ប៉ុន្តែជួយអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹងនិងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ»។ 

លោកស្រី មាស ភារុណ សង្ឃឹមថាកម្មវិធីថ្នាលបឋម និងជំនួយឧបត្ថម្ភរបស់អង្គការ អេដ អេ អាកស្យុង នឹងធ្វើឱ្យកុមារកម្ពុជាអាចទទួលបានឱកាសសិក្សាបច្ចេកវិទ្យា ត្រៀមខ្លួនសម្រាប់អនាគតក្នុងសង្គមឌីជីថល និងបង្កើនសមត្ថភាពក្នុងការរៀនសូត្រដោយស្វ័យប្រវត្តិ។ 

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បញ្ជាក់ថា ការគាំទ្រកម្មវិធីថ្នាលបឋម ដែលបង្កើតថ្នាក់កុំព្យូទ័រ គឺចង់ផ្ដល់ជូនកម្មវិធីសិក្សា និងចង់ផ្សាភ្ជាប់សិស្សានុសិស្សតាំងពីកម្រិតបឋមទៅនឹងជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា ដើម្បីធានាថាពួកគេនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងជំនាញនេះនាអនាគត។ ជំនួយទាំងនេះ ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការ ក្នុងការធានាថាកុមារនៅគ្រប់ទីកន្លែង មានឱកាសសិក្សាដូចគ្នា និងមានសិទ្ធិទទួលបានការអប់រំដែលមានគុណភាព ដោយគ្មានការរើសអើង។

ប្រធានអង្គការ អេដ អេ អាកស្យុង លើកឡើងដូច្នេះថា៖ «យើងសង្ឃឹមថា កុមារទាំងអស់គួរតែមានឱកាសសិក្សាដូចគ្នា មិនថាពួកគេរស់នៅទីក្រុង ឬតំបន់ជនបទឡើយ។ ការផ្តល់ជំនួយផ្នែកបច្ចេកវិទ្យា ដូចជា កុំព្យូទ័រ សម្រាប់ថ្នាក់បឋមសិក្សា គឺជាជំហានដ៏សំខាន់ក្នុងការជំរុញការអប់រំគុណភាព និងសមភាព។ យើងរំពឹងថាកម្មវិធីនេះ ជាកត្តាជំរុញលទ្ធផលសិក្សារបស់សិស្ស និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការរៀនសូត្រ។» បើតាមលោក សំភាស់ បច្ចុប្បន្នកម្មវិធីថ្នាលបឋម កំពុងដំណើរទៅកាន់បច្ចេកវិទ្យាដ៏ទំនើប ដោយប្រើកុំព្យូទ័រជាឧបករណ៍ក្នុងការបង្រៀន នឹងជួយសិស្សសិក្សាគ្រប់ជ្រុងជ្រោយ បន្ទាប់ពីចំណេះដឹងក្នុងសៀវភៅ។ 

សូមជម្រាបថា អង្គការ អេដ អេ អាកស្យុង បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថាការគាំទ្រកម្មវិធីថ្នាលបឋមស្របតាមស្តង់ដារ និងជួយបង្កើនសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *