សាលាបឋមកំពង់ភ្លុក ទទួលបានកុំព្យូទ័រលើកដំបូងពី AEA ដើម្បីពង្រឹងចំណេះដឹងសិស្សកម្រិតបឋម

សៀមរាប៖ អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមលើកកម្ពស់ការអប់រំកុមារនៅតំបន់ដាច់ស្រយាលលើបឹងទន្លេសាប តាមរយៈជំនួយឧបត្ថម្ភ មានទាំងថវិកាគាំទ្រ និងសម្ភារសិក្សាជាដើម។ ជាក់ស្ដែងដូចជាសាលាបឋមសិក្សាកំពង់ភ្លុក ដែលស្ថិតក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលកុំព្យូទ័រចំនួន១០គ្រឿង និងម៉ូនីទ័រចំនួន១០គ្រឿង ពីអេដ អេ អាកស្យុង។ ជំនួយទាំងនេះ ជាផ្នែកមួយជួយបង្កើនគុណភាពអប់រំផ្សាភ្ជាប់នឹងជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា សម្រាប់កុមារក្នុងកម្រិតបឋម។

លោក ទៀ សាវុធ នាយកសាលាបឋមសិក្សាកំពង់ភ្លុក បានលើកឡើងថា ជំនួយឧបត្ថម្ភកុំព្យូទ័រពីអង្គការ អេដ អេ អាកស្យុង គឺពិតជាមានសារសំខាន់ អាចឱ្យសិស្សបានស្គាល់ និងរៀនកុំព្យូទ័រ បច្ចេកវិទ្យា បង្កើនចំណេះដឹង ហើយក៏ជាគ្រឹះសម្រាប់ពួកគេបន្តទៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផង។ លោក ទៀ សាវុធ​ បញ្ជាក់ថា សាលាធ្លាប់ចង់បង្កើតថ្នាក់កុំព្យូទ័រយូរមកហើយ តែពុំមានលទ្ធភាពនោះទេ ដូច្នេះក្រោមជំនួយពី អេដ អេ អាកស្យុង លោករំពឹងថាការសិក្សារបស់សិស្ស នឹងកាន់តែល្អប្រសើរ។

«ពីមុនយើងបានគិតគូពីរឿងកុំព្យូទ័រដែរ តែយើងអត់មានលទ្ធភាព។ ឥឡូវនេះយើងបានអង្គការ អេដ អេ អាកស្យុងជួយមក យើងអាចមានសម្រាប់បង្រៀនក្មេង ពីព្រោះអីយើងដឹងហើយឥឡូវគឺសម័យបច្ចេកវិទ្យា អ៊ីចឹងក្មេងក៏ត្រូវការចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីតាមទាន់សម័យកាល ឬការងារថ្មីៗ»។ នេះជាការលើកឡើងរបស់លោកនាយកសាលា ទៀ សាវុធ ដែលបន្តថា ជំហានដំបូងលោកគ្រូ-អ្នកគ្រូ នឹងចាប់ផ្ដើមបង្រៀនពីមូលដ្ឋានគ្រឹះជាមុនសិន។ បើតាមលោក ទៀ សាវុធ សាលាកំពង់ភ្លុកមានសិស្សសរុបជាង៦០០នាក់ តាំងពីកម្រិតមត្តេយ្យដល់បឋមសិក្សា។

សាលារៀននៅកំពង់ភ្លុក

អ្នកគ្រូ លាង សុនាត គ្រូបង្រៀនសិស្សថ្នាក់ទី៦ និងបង្រៀនកុំព្យូទ័រ បានបញ្ជាក់ថា ថ្នាក់បង្រៀនកុំព្យូទ័រនេះ គឺថ្មីស្រឡាងសម្រាប់សិស្សសាលាកំពង់ភ្លុក ព្រោះសិស្សមួយចំនួន មិនធ្លាប់ស្គាល់នោះឡើយ។ ឃើញសិស្សចាប់អារម្មណ៍ច្រើន អ្នកគ្រូ សុនាត សប្បាយចិត្ត ហើយក៏រំពឹងថា ថ្នាក់កុំព្យូទ័រនេះ អាចទាក់ទាញឱ្យសិស្សមករៀន និងផ្ដល់ចំណេះដឹងថ្មីបន្ថែមសម្រាប់ពួកគេផងដែរ។

កុំព្យូទ័រ ដែលសាលាទទួលបានពីអង្គការ អេដ អេ អាក់ស្យុង មានចំនួន១០គ្រឿង ប៉ុន្តែចំនួនសិស្សច្រើន អ្នកគ្រូ សុនាត ត្រូវបែងចែងសិស្ស និងម៉ោងបង្រៀនផ្សេងៗគ្នាតាមកាលវិភាគបង្រៀនរបស់សាលា។ សម្រាប់ថ្នាក់កុំព្យូទ័រថ្មីនេះ លោកគ្រូ-អ្នកគ្រូ នឹងបង្រៀនសិស្សចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ប៉ុណ្ណោះ។ «សម្រាប់ខ្ញុំ ដំបូងឱ្យគាត់ស្គាល់ពីឧបករណ៍ប្រើប្រាស់ជាមួយកុំព្យូទ័រ មានឧបករណ៍បញ្ជាកុំព្យូទ័រ (mouse) ឧបករណ៍ចុចអក្សរ (keyboard) និងកុំព្យូទ័រ។ បន្ទាប់មកបង្រៀនគាត់ឱ្យចេះចុចអក្សរអង់គ្លេសសិន។ ពេលគាត់ចុចអក្សរត្រូវ នាំគ្នាសើចសប្បាយចិត្តព្រោះគាត់អាចចុចបាន អ៊ីចឹងគាត់សប្បាយក្នុងការរៀន»។ នេះជាការលើកឡើងរបស់អ្នកគ្រូ សុនាត ដែលបន្តថា ថ្នាក់កុំព្យូទ័រនេះ ផ្ដល់ប្រយោជន៍ច្រើនសម្រាប់សិស្ស អាចស្រាវជ្រាវមេរៀន និងយល់ពីចំណេះដឹងថ្មីៗ។

យុវសិស្ស លីម ម៉ីម៉ី និង ជី​ សុផុន សប្បាយចិត្ត ដែលសាលាមានថ្នាក់កុំព្យូទ័រ។ សុផុន លើកឡើងថា៖ «មានកុំព្យូទ័រអ៊ីចឹង ខ្ញុំចង់មករៀនរាល់ថ្ងៃ។ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំទើបតែធ្លាប់បានចុចកុំព្យូទ័រនេះលើកទី១»។ 

សម្រាប់យុវសិស្ស លីម ម៉ីម៉ី ចង់ឱ្យសាលាមានកុំព្យូទ័រកាន់តែច្រើន ដើម្បីឱ្យសិស្សទាំងអាចរៀនបានគ្រប់គ្នា។

លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បញ្ជាក់ថា ការគាំទ្រសាលានៅតំបន់ដាច់ស្រយាលឱ្យបង្កើតថ្នាក់កុំព្យូទ័រ មានគោលបំណងសំខាន់៣។ ទី១ គឺចង់ផ្ដល់ជូនកម្មវិធីសិក្សា និងមាតិកាដ៏សម្បូរបែប ដូចជាលំហាត់អនុវត្តទាក់ទងនឹងមុខវិជ្ជាភាសាខ្មែរ ឬគណិតវិទ្យា ដែលស្របតាមកម្មវិធីសិក្សាជាតិ។ គោលបំណងទី២ គឺចង់ផ្សាភ្ជាប់សិស្សានុសិស្សតាំងពីកម្រិតបឋមទៅនឹងជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា ដើម្បីធានាថាពួកគេនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងជំនាញនេះទៅថ្ងៃអនាគត។ ចំណែកគោលដៅទី៣ បង្កើតជាទីតាំងសម្រាប់សិស្សអាចសិក្សាស្រាវជ្រាវបន្ថែមលើសពីមេរៀនក្នុងសៀវភៅ។

លោក វន សំភាស់ លើកឡើងថា៖«ការផ្ដល់ជូនកម្មវិធីសិក្សាក្នុងកុំព្យូទ័រគឺដាក់ចេញដោយក្រសួងអប់រំ និងដៃគូរ ដែលមានមាតិការហូតទៅដល់ជាង២ម៉ឺនមាតិកា។ សិស្សានុសិស្សអាចសិក្សាពីមាតិកាដ័សម្បូរបែប និងអនុវត្តការធ្វើលំហាត់។ យើងមើលឃើញថា កម្មវិធីនេះជាកត្តាជំរុញលទ្ធផលសិក្សារបស់សិស្ស និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការរៀនសូត្រ»៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *