
បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកទល់និងពេលនេះ នៅតែបន្តអូសបន្លាយ ដែលបានបន្សល់នៅពលរដ្ឋជនភៀសសឹក និងកុមាររាប់ពាន់នាក់ ត្រូវឃ្លាតឆ្ងាយផ្ទះសម្បែង។

យ៉ាងណាមិញ គេនៅតែសង្កេតឃើញថា អ្នកដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ កុមារដែលជាធនធានទំពាំងស្នងឬស្សី ដែលពួកគេទាំងនោះ ចាំបាច់ត្រូវទទួលបានការរៀនសូត្រពេញលេញ ខណៈបច្ចុប្បន្នក្រសួងអប់រំ បានបញ្ជូនគ្រូ និងសំភារៈសិក្សាមួយចំនួនទៅកាន់ជំរំមណ្ឌលភៀសសឹកបែបណាក្ដី តែកុមារមួយចំនួនហាក់ពុំទាន់បានទទួលបានការអប់រំពេញលេញនៅឡើយ។

កុមារារៀនថ្នាក់ទី០៤ ឃីម វ៉ាន់ឈៀង ដែលកំពុងស្នាក់នៅជំរុំមណ្ឌលភៀសសឹកវត្តពោធិ ៥០០០ ដើម បានលើកឡើងទាំងទឹកមុខស្រពាប់ស្រពោនថា ការស្នាក់នៅក្នុងជំរុំ រូបគេជួបផលលំបាកខ្លាំងនៅពេលមានភ្លៀងម្ដងៗ ហើយការសិក្សាក៏ពុំបានជាប់លាប់ដោយសារតែគ្រួសារខ្វះលទ្ធភាពផ្គត់ផ្គង់ការសិក្សា។
កុមារា ឃីម វ៉ាន់ឈៀង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិនានា ជួយទៅដល់ប្រទេសកម្ពុជា ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាម ហើយរូបគេពិតជាចង់ឃើញប្រទេសកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញឆាប់ ដើម្បីអាចឱ្យពួកគេមានឱកាសបានត្រលប់ទៅផ្ទះ និងបានចូលរៀនពេញលេញដូចកុមារដ៏ទៃ។

យុវត្តីសិស្សថ្នាក់ទី៦ សា រីដា បានលើកឡើងដូចគ្នាដែរថា មកទល់និងពេលនេះ គឺមានរយៈពេលជាង៤ខែហើយ ដែលរូបគេ និងកុមារដ៏ទៃទៀតឃ្លាតចាកឆ្ងាយភូមិស្រុក មកស្នាក់នៅក្នុងជំរុំជនភៀសសឹក យ៉ាងណាមិញ ការឃ្លាតឆ្ងាយផ្ទះសម្បែងរយៈពេលយូរខែបែបនេះ ក៏បានធ្វើឱ្យរីដា ពិតជាមានការនឹករលឹកភូមិ-ស្រុក ជាខ្លាំង ហើយចង់វិលទៅស្រុកកំណើតឆាប់ៗ និងចង់ឃើញប្រទេសជាតិវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

លោក វ៉ន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុងកម្ពុជា បានប្រាប់សារព័ត៌មាន Tnaot នាព្រឹកនេះថា បច្ចុប្បន្នបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយ និងមិនដឹងពេលណាអាចបញ្ចប់ និងវិលទៅរកភាពប្រក្រតីឡើងវិញនោះទេ ដែលបញ្ហាទាំងនេះ បានជះផលប៉ះពាល់ទៅដល់កុមារជាច្រើនទាំងសុខភាពផ្លូវចិត្ត និងកាយ ការអប់រំ និងឱកាសសិក្សារៀនសូត្រពេញលេញដូចកុមារដ៏ទៃ ។

យ៉ាងណាមិញ លោកបានបន្ថែមថា មកទល់និងពេលនេះ ភាគីពាក់ព័ន្ធមិនអាចរង់ចាំមើលថាតើបញ្ហាវិបត្តិជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅពេលណាទើបបានបញ្ចប់នោះទេ តែយើងត្រូវត្រៀមជាទីតាំង សំភារៈ កម្មវិធីសិក្សា ដើម្បីផ្ដល់ការបង្រៀនកុមារនៅជំរុំជនភៀសសឹកបានសិក្សារៀនសូត្រ។

លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “ បើសិនបញ្ហាសង្រ្គាមព្រំដែននៅតែអូសបន្លាយ យើងគាំទ្រឱ្យកុមាររៀននៅក្នុងសាលាក្បែរជំរុំជនភៀសសឹក ហើយអ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការធានាឱ្យមានសេវាអប់រំ និងសេវាផ្សេងទៀតគ្រប់គ្រាន់ដើម្បីផ្ដល់ឱ្យពួកគេទទួលបានការអប់រំពេញលេញទាំងការស្នាក់នៅក្នុងជំរុំ និងត្រលប់ទៅផ្ទះវិញ”។

លោកបានបន្ថែមថា បច្ចុប្បន្ន អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation បានផ្ដល់ការគាំទ្រនៅសកម្មភាពអប់រំនានាជាច្រើនជាមួយក្រសួងអប់រំ យុវជន និងកីឡា មានដូចជា៖ តង់សម្រាប់កុមារសិក្សា ម្ហូបអាហារ ការរក្សាអនាម័យ បណ្ណាល័យ សំភារៈសិក្សា បន្ទប់កុំព្យូទ័រ និង ការបំពាក់ Internet ដើម្បីបំប៉នកុមារនៅក្នុងជំរុំជនភៀសសឹកទទួលបានការសិក្សាគ្រប់គ្រាន់មុនការបើកបវេសនកាលចូល

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនពលរដ្ឋដែលបានជម្លៀសខ្លួនមករស់នៅជំរំសុវត្ថិភាពក្នុងខេត្តចំនួន៤ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានចំនួនប្រមាណ២០ ៦៩១នាក់ ឬស្មើនិង ៦ ២៦២គ្រួសារ ដែលក្នុងចំនោមជនភៀសសឹកទាំងនោះភាគច្រើនជាកុមារ៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




