AEA នៅតែបន្តគាំទ្រក្រសួងអប់រំ ក្នុងការលើកកម្ពស់ការសិក្សាសម្រាប់កុមារជួបការលំបាក និងកុមារនៅក្រៅសាលារៀន

ដើម្បីចូលរួមលើកកម្ពស់ការសិក្សា និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយទៅដល់កុមារជួបការលំបាក និង កុមារដែលនៅក្រៅសាលារៀន ឱ្យទទួលបានការសិក្សាពេញលេញ អង្គការ អេដ អេ អាកស្យុង ( AEA) ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ផ្តល់មូលនិធិដោយ Edcuation Above All (EAA) ដែលជាលទ្ធផល គម្រោងនេះបានផ្តល់ឱកាសឱ្យកុមារជួបការលំបាក កុមារនៅក្រៅសាលា (OOSC) ប្រមាណ ១៣០,០០០នាក់ (ស្រី ៤៧%) ទទួលបានការសិក្សា និងបន្តការសិក្សានៅកម្រិតបឋមសិក្សា នៅតាមសាលាចំនួន ១,៧០០ នៅទូទាំងប្រទេសប្រមាណ ធៀបទៅនឹង គោលដៅ ១១៦,០០០នាក់។

ថ្លែងឱ្យដឹងនៅក្នុងពិធីសម្ភោធអគារសិក្សាចំនួន៣ខ្នង ១៣បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ ក្រសួងបាន និងកំពុងអនុវត្តនូវយុទ្ធសាស្ត្រគាំទ្រសិស្សានុសិស្សដ៏សំខាន់ជាច្រើន ដូចជាកម្មវិធីអាហារូបត្ថម្ភតាមសាលារៀន ជាង ១,០០០ កន្លែង និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រជាដើម។ ការបង្កើតថ្នាលឌីជីថល សម្រាប់ការបង្រៀនពីចម្ងាយ ដោយមានការគាំទ្រកុំព្យូទ័ររាប់ពាន់គ្រឿងពីអង្គការដៃគូ កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅរកការអប់រំយុគសម័យថ្មី ដែលអាចឱ្យសិស្សានុសិស្សកម្ពុជាទទួលបានចំណេះដឹង និងជំនាញថ្មីៗ ជាពិសេស ជំនាញឌីជីថល ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាពលរដ្ឋល្អ ប្រកបដោយគុណភាព ចូលរួមចំណែកយ៉ាងពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីរូប ក៏បានថ្លែងអំណរគុណការឧបត្ថម្ភមូលនិធិនិងគាំទ្រ សាងសង់ដោយ អង្គការទស្សនៈពិភពលោក , អង្គការ អេដ អេ អាក់ស្យុង អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំស្រុក សហគមន៍ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍ និងសហគមន៍ ដែលបានរួមគ្នាអភិវឌ្ឍធនធានមនុស្សនៅសហគមន៍របស់យើង ដើម្បីឱកាសទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត ដល់កូនចៅនៅក្នុងខេត្តក្រចេះ ជាមួយនឹងការទទួលបានអារម្មណ៍កក់ក្តៅចេញពីសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះដែរ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលអប់រំនានានៅក្នុងខេត្តក្រចេះ ដែលកិច្ចការទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាង អង្គការ អេដ អេ អាកស្យុង អង្គការទស្សនៈពិភពលោក និង រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់។

ប្រធានអង្គការរូបនេះ បានបន្ថែមថា លោកបានបន្ថែមថា លទ្ធផលសម្រេចបានខាងលើនេះស្តែងចេញពីការចូលរួម ការគាំទ្រពីដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុង កិច្ចអន្តរាគមន៍សំខាន់ៗរួមគ្នាឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវ៖ (១) ការទទួលបានឱកាសអប់រំដោយសមធម៌, (២) គុណភាព សេវាអប់រំ និងភាពពាក់ព័ន្ធ និង (៣) ភាពជាម្ចាស់ និងការទទួលខុសត្រូវចំពោះការអប់រំ។ សមិទ្ធផលសំខាន់ដែលយើងសម្រច បានរួមមាន៖

លោក វន សំភាស់ បានលើកឡើយ៉ាងដូច្នេះថា៖ “ក្នុងកិច្ចសហការជាមួយអង្គការទស្សនៈពិភពលោក យើងបានផ្តល់ការគាំទ្រដល់កុមារជួបការលំបាក កុមារក្រៅ សាលា (OOSC) បម្រាណ ១៩,៤4០ (ស្រី ៩,៦00) នាក់ តាមរយៈកិច្ចអន្តរាគមន៍សំខាន់ៗរបស់ខ្លួន ដូចជាការផ្តល់អាហារូបករណ៍និងសម្ភារៈសិក្សា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការអភិវឌ្ឍន៍សមត្ថភាព គ្រូបង្រៀន និង ការស្វែងរកការគាំទ្រនិងលើកកម្ពស់ការ យល់ដឹង”។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកឆ្លើយតប និងជម្រុញដល់ការអនុវត្តកម្មវិធីថ្នាលបឋម និងការសិក្សាបែបឌីជីថល អង្គការ អេដ អេ អាកស្យុង បានសហការជាមួយនឹងនាយកដ្ឋានបឋមសិក្សា មន្ទីរ/ការិយាល័យ អប់រំ យុវជន និងកីឡា ខេត្ត/ស្រុក និងសាលារៀន ដើម្បីរៀបចំជា PLP Action Lab និង ដោយមានការសហការចូលរួមពីមាតាបិតា អាណាព្យាបាល និងសិស្សនុសិស្ស ដោយបានផ្តល់ការគាំទ្រដល់សាលារៀន មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលអភិវឌ្ឍយុវជន ចំនួនប្រមាណ ១៣៦ និងបំពាក់នូវកុំព្យូទ័រប្រមាណ ២,២៥០គ្រឿង។

យ៉ាងណាមិញ ក្នុងយុទ្ធសាស្រ្តជំហានបន្ទាប់ អង្គការ អេដ អេ អាកស្យុង នឹងបន្តការប្តេជ្ញារបស់ខ្លួន និងពង្រឹងកិច្ចសហការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលគាំទ្រ និងផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំដែលមានគុណភាព សមធម៌ និង បរិយាបន្ន ក្នុងនោះរួមមាន៖(១) ការឆ្លើយតបនឹងគ្រោះមហន្តរាយនិងកសាងភាពធន់, (២) ការកាត់បន្ថយនូវគម្លាតនៃការ អប់រំបែបឌីជីថល, (៣) ការពង្រឹងសុខភាពនិងអនាម័យតាមសាលារៀន, (៤) ការលើកម្ពស់ជីវភាពគ្រួសារផ្សារភ្ជាប់នឹងទីផ្សារ ការងារ និង (៥) ការអភិវឌ្ឍសមត្ថភាព គ្រូបង្រៀនឆ្លើយតប ទៅនឹងកំណែទម្រង់ថ្មីៗរបស់ក្រសួង៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ត្នោត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *