
ក្រោយពីមានសេចក្ដីណែនាំ និងការអំពាវនាវទៅកាន់មន្ទីរអប់រំ រាជធានី-ខេត្ត ជាពិសេស អង្គការដៃគូរអភិវឌ្ឍន៍នានា ក្នុងការចូលរួមលើកកម្ពស់ការសិក្សាកុមារជនភៀសសឹកនៅតាមបណ្ដាខេត្តគោលដៅ ដែលកំពុងតែរងការវាយប្រហារយ៉ាងកម្រោលពីយោធាថៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមខេត្តបាត់ដំបង មានកុមារជនភៀសសឹកប្រមាណជិត ២០០០នាក់ កំពុងស្វែងរកឱកាសការសិក្សានៅក្នុងជំរំជនភៀសសឹក។

លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានត្នោត ឱ្យដឹងនៅថ្ងៃនេះថា មកទល់និងពេលនេះ នៅទូទាំងខេត្តបាត់ដំបង គឺមានស្រុកចំនួន១០ បានរងផលប៉ះពាល់ដោយសារបញ្ហា សង្រ្គាមរវាងកម្ពុជា-ថៃ ខណៈកុមារដែលបាត់បង់ឱកាសត្រូវសិក្សានៅក្នុងសាលារៀនមានចំនួន ២២៤សាលា ស្មើនិងសិស្សចំនួន១៨៨៣នាក់ ស្រីចំនួន១ ០២៩នាក់ ដែលកំពុងសិក្សានៅក្នុងជំរំជនភៀសសឹក។

អនុប្រធានមន្ទីរអប់រំរូបនេះ បានបន្ថែមថា បើទោះបីជាបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃនៅតែបន្តក្ដី ប៉ុន្តែកុមារមិនអាចបញ្ឈប់ការសិក្សារៀនសូត្ររបស់ពួកគេបាននោះទេ ពោល គឺ បច្ចុប្បន្ននេះ លោកស្រីបានកំពុងស្វែងរកការគាំទ្រពីអង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមផ្ដល់ជាសំភារៈ និង ឧបករណ៍ប្រើប្រាស់នានា ដើម្បីអាចឱ្យកុមារតូចៗទាំងនោះបានសិក្សារៀនសូត្រឡើងវិញ។

លោកស្រី មាស ភិរុណ បានលើកឡើងបែបនេះថា ៖ “ បច្ចុប្បន្នយើងឃើញមានអង្គការយូនីសេហ្វ បានចូលរួមផ្ដល់ជាទីតាំងសម្រាប់បង្រៀនកុមារតូច ជាមួយគ្នានេះ អង្គការអេដ អេ អាកស្យុង ក៏បានផ្ដល់នូវសម្លៀកបំពាក់ និងសម្ភារៈសិក្សាជូនតាមសាលារៀន សម្រាប់ផ្ដល់ជូនកុមារភៀសសឹក ដែលបានចុះឈ្មោះចូលរៀនទៀតផង”។

លោកស្រីបានបន្ថែមថា សម្រាប់អង្គការ អេដ អេ អាក់ស្យុង កន្លងមកត្រឹមតែផ្ដល់ជាសំភារៈដល់កុមារក្នុងការសិក្សានោះទេ តែបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៌អំឡុងពេលកម្ពុជាកំពុងតែរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមរវាងកម្ពុជា-ថៃ ពោល គឺអង្គការអេដ អេ អាក់ស្យុង បានចុះមកជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីផ្ដល់ជាសៀវភៅសិក្សា និងអាហារូបត្ថម្ភនានា ដល់កុមារដើម្បីអោយពួកគាត់បានបន្តការរៀនសូត្រថែមទៀតផង។

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាក់ស្យុង (AEA) បានលើកឡើងថា ដើម្បីចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា AEA បានឆ្លើយតបបន្ទាន់ទាក់ទងនឹងការសង្គ្រោះប្រជាជន ដោយរួមចំណែកជាមួយក្រសួង និងអង្គការមួយចំនួន ដើម្បីផ្តល់អាហារដល់កុមារ និងជនភៀសឹក ជាពិសេសការផ្ដល់ថវិការបដិភាគដល់អង្គការជាតិ និងអន្តរជាតិ ដើម្បីជួយដោះស្រាយទុក្ខលំបាកពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំ។

លោក សំភាស់ បានគូសបញ្ជាក់ថា មកទល់និងពេលនេះ នៅខេត្តបាត់ដំបង អង្គការអដ អេ អាក់ស្យុង បានគាំទ្រ និងផ្ដល់សំភារៈចាំបាច់មួយចំនួនទៅកាន់ចំនួន ២០០ សាលារៀន ពោធិ៍សាត់ ជិត ១០០ សាលារៀន បន្ទាយមានជ័យ ចំនួន ៣០សាលារៀន និងយើងគ្រោងទម្លាក់កញ្ចប់ជំនួយមួយចំនួនទៀត នៅខេត្តសៀមរាប ហើយក៏គ្រោងពង្រីកការចុះចែកសំភារៈ និងរបស់របរប្រើប្រាស់ចាំបាច់មួយចំនួនទៅខេត្តកំពង់ធំ និងខេត្តផ្សេងៗទៀត។

គួរបញ្ជាក់ថាអង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយនឹង មូលនិធិ Education Above All Foundation បានបន្តគាំទ្រជំនួយអប់រំសម្រាប់កុមារភៀសសឹក ដែលកំពុងរត់គេចពីតំបន់សង្គ្រាម មកជ្រកកោននៅទីទួលសុវត្ថិភាពក្នុងខេត្តបាត់ដំបង និងខេត្តមួយចំនួនដែលកំពុងរងផលប៉ះពាល់ខ្លាំងពីសង្រ្គាមរវាងកម្ពុជា និងថៃ នឹងនៅតែប្ដេជ្ញាជាមួយរដ្ឋភិបាលចុះជួយកុមារជនភៀសសឹក និងពលរដ្ឋរងគ្រោះដោយផ្ទាល់នៅថវិការ និងសំភារៈចាំបាច់មួយចំនួនផងដែរ៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




