លោក វន សំភាស់៖ អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ផ្ដោតសំខាន់ទៅលើការអប់រំសម្រាប់កុមារភៀសសឹក នៅជាប់ព្រំដែនជម្លោះរវាងកម្ពុជា-ថៃ

នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា ក្នុងអំឡុងពេលសង្រ្គាម ការអប់រំមិនគួរត្រូវបានមើលរំលង ឬផ្អាកឡើយ ព្រោះការអប់រំជាឧបករណ៍សំខាន់បំផុតមួយ ក្នុងការពារកុមារពីការទទួលរងនៅ វិបត្តិផ្លូវចិត្ត និង អាចឱ្យពួកមានឱកាសសិក្សាពេញលេញដូចទៅនិងកុមារដ៏ទៃ។ លើសពីនេះទៅទៀត សាលារៀន និងកម្មវិធីអប់រំអាចដើរតួជាកន្លែងសុវត្ថិភាព ដែលជួយបង្កើនអារម្មណ៍ស្ថេរភាព និងទំនុកចិត្តផ្លូវចិត្តសម្រាប់កុមារ ក្នុងបរិបទនៃវិបត្តិ និងអស្ថិរភាពនៅក្នុងសង្គម។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា កុមារដែលរស់នៅក្នុងតំបន់ក្រហម ឬតំបន់ដែលងាយនឹងរងផលប៉ះពាល់ពីជម្លោះសង្រ្គាមរវាងកម្ពុជា និងថៃ ដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងកោះកុង គឺជាក្រុមងាយរងគ្រោះជាងគេ ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ជាពិសេស ព្រោះសង្រ្គាមមិនត្រឹមតែបំផ្លាញលំនៅឋាន និងជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានយ៉ាងខ្លាំងដល់ដំណើរការសិក្សា ការអភិវឌ្ឍផ្លូវចិត្ត និងអនាគតរយៈពេលវែងរបស់កុមារ។

លោក វន សំភាស់ បានលើកឡើងយ៉ាងដូច្នេះថា៖ “កុមារជាច្រើនត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីផ្ទះសម្បែង សាលារៀន និងសហគមន៍ដើម ដើម្បីមកស្នាក់នៅតាមមណ្ឌលភៀសសឹក ក្នុងលក្ខខណ្ឌដែលមានការខ្វះខាតទាំងសំភារៈសិក្សា អាហារូបត្ថម្ភ និងបរិយាកាសសិក្សាដែលមានសុវត្ថិភាព។ ស្ថានភាពនេះធ្វើឱ្យកុមារមានហានិភ័យខ្ពស់ក្នុងការផ្អាកការសិក្សា ឬបោះបង់ការរៀនសូត្រដោយសារភាពក្រីក្រ ភាពតានតឹងផ្លូវចិត្ត និងការខ្វះទំនុកចិត្តលើខ្លួនឯង។”

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានលើកឡើងថា ការអប់រំរបស់កុមារនៅក្នុងស្ថានភាពសង្រ្គាម ពិតជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកការសិក្សារៀនសូត្រ សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសមត្ថភាពរយៈពេលវែង។ លោកបានបញ្ជាក់ថា សង្រ្គាម និងជម្លោះប្រដាប់អាវុធ បានធ្វើឱ្យសាលារៀនជាច្រើនត្រូវបិទទ្វារ ឬផ្អាកសកម្មភាពសិក្សា ខណៈគ្រូបង្រៀន និងសិស្សមិនអាចបន្តការបង្រៀន និងរៀនសូត្រ ក្នុងបរិយាកាសដែលមានសុវត្ថិភាពបាន។

លោកបានបន្ថែមថា កុមារជាច្រើនត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីសាលារៀន និងលំនៅឋាន ដើម្បីស្នាក់នៅតាមមណ្ឌលភៀសសឹក ឬតំបន់មានសុវត្ថិភាពជាបណ្ដោះអាសន្ន ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសទទួលបានការអប់រំជាបន្តបន្ទាប់។ ស្ថានភាពនេះ មិនត្រឹមតែធ្វើឱ្យកុមារខកខានមេរៀន និងបាត់បង់ជំនាញមូលដ្ឋានទេ ប៉ុន្តែថែមទាំងបង្កហានិភ័យខ្ពស់ក្នុងការបោះបង់ការសិក្សា និងការចូលរួមក្នុងសកម្មភាពដែលមិនសមស្របផ្សេងៗ។

លោក ឈូ ប៊ុនរឿង បានលើកឡើងថា ការអប់រំអំឡុងសង្រ្គាម មិនគួរត្រូវបានមើលរំលងឡើយ ព្រោះសាលារៀនដើរតួជាកន្លែងសុវត្ថិភាព និងជាគ្រឹះសម្រាប់ការអភិវឌ្ឍបញ្ញា សីលធម៌ និងសង្គមរបស់កុមារ។ លោកបានបញ្ជាក់ថា ការរក្សាការសិក្សា ឲ្យដំណើរការបាន ទោះបីជាស្ថិតក្នុងលក្ខខណ្ឌលំបាកក៏ដោយ។

ប្រធានមន្ទីរអប់រំ រូបនេះ ក៏បានអំពាវនាវឱ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ និងយូរអង្វែង ក្នុងការធានាថា កុមារគ្រប់រូប ទោះបីស្ថិតនៅក្នុងស្ថានភាពសង្រ្គាម ឬវិបត្តិក៏ដោយ នៅតែមានឱកាសទទួលបានការអប់រំដែលមានគុណភាព សុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ ដើម្បីកសាងអនាគតល្អប្រសើរសម្រាប់ខ្លួនឯង និងសង្គមជាតិ។

លោក ឈូ ប៊ុនរឿង បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ អេដ អេ អាក់ស្យុង ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយសំភារៈសិក្សានានា ជូនដល់កុមារ ជាពិសេសកុមារដែលរងផលប៉ះពាល់ពីស្ថានភាពសង្រ្គាម និងត្រូវរស់នៅក្នុងមណ្ឌលភៀសសឹក។”

សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *