
លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាក់ស្យុង (Aide et Action) បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមអភិរក្ស និងការពារធនធានជលផលសមុទ្រ នៅតាមតំបន់ឆ្នេរកម្ពុជា ដោយផ្តោតជាពិសេសលើការលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សហគមន៍នេសាទមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោក វន សំភាស់ បានមានប្រសាសន៍ថា៖«ការអភិរក្សធនធានជលផលសមុទ្រ គឺមានសារសំខាន់សម្រាប់សេដ្ឋកិច្ច និងប្រព័ន្ធគ្រប់គ្រប់អេកូទេសចរ ពោលគឺត្រូវការអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ជាពិសេស ពលរដ្ឋសហគមន៍នេសាទមូលដ្ឋាន។ សហគមន៍គឺជាអ្នកថែរក្សាធនធានពិតប្រាកដ ហើយការផ្តល់អំណាច និងឱកាសឲ្យពួកគាត់ គឺថែរក្សាឱ្យបាននូវផ្កាថ្មរ និងជីវចម្រុះផ្សេងៗទៀត »។

លោកបានបន្ថែមថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងទេសចរណ៍បែបអេកូ ជាមធ្យោបាយមួយសំខាន់ក្នុងការបង្កើនចំណូល និងកែលម្អជីវភាពរស់នៅរបស់សហគមន៍នេសាទ ខណៈពេលដែលនៅតែរក្សាបាននូវតុល្យភាពរវាងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក វន សំភាស់ បានបញ្ជាក់បន្ថែមថា៖«តាមរយៈសហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋអាចបង្កើតចំណូលបន្ថែម ដោយមិនប៉ះពាល់ដល់ធនធានធម្មជាតិ។ នេះជាគំរូអភិវឌ្ឍដែលអាចជួយទាំងការការពារបរិស្ថាន និងការលើកកម្ពស់សុខុមាលភាពសហគមន៍ទៅជាមួយគ្នា»។

លោកបានសង្កត់ធ្ងន់ថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍នេសាទ អង្គការ អេដ អេ អាក់ស្យុង បន្តអនុវត្តគម្រោងនានា ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានជលផលប្រកបដោយការទទួលខុសត្រូវ បង្កើតឱកាសសេដ្ឋកិច្ចថ្មី និងគាំទ្រការអភិវឌ្ឍចីរភាពក្នុងតំបន់ឆ្នេរកម្ពុជា។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៥កន្លងទៅនេះ អង្គការ អេដ អេ អាកស្យុង (AEA) បានជួយជ្រោមជ្រែងសហគមន៍ជ្រោយស្វាយ ឱ្យប្រែក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ គម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេងសមធម៌សង្គម (CO-SAVED) ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ អេដ អេ អាកស្យុង បានគាំទ្រសហគមន៍ជ្រោយស្វាយ លើការបណ្ដុះបណ្ដាលជំនាញអាជីវកម្មទេសចរណ៍ និងការផ្តល់ទុនវិនិយោគ ដើម្បីបង្កើតអាជីវកម្ម ដែលរួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ៕



សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




