សហគមន៍អេកូទេសចរកំពង់សាមគ្គី ប្រែក្លាយពីភូមិនេសាទ ទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តកំពត

កំពត៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កំពុងក្លាយជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ បន្ទាប់ពីទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីអង្គការ អាក់សិន អេឌូខេសិន (Action Education) បានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសកម្មភាពទេសចរណ៍នៅក្នុងសហគមន៍បានយ៉ាងច្រើន។

កំពត៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កំពុងក្លាយជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ បន្ទាប់ពីទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីអង្គការ អាក់សិន អេឌូខេសិន (Action Education) បានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសកម្មភាពទេសចរណ៍នៅក្នុងសហគមន៍បានយ៉ាងច្រើន។

បច្ចុប្បន្ន តំបន់អេកូទេសចរណ៍មួយនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា និងកម្សាន្តកាន់តែច្រើន ខណៈប្រជាពលរដ្ឋក្នុងសហគមន៍ ក៏បានផ្លាស់ប្តូរជីវភាពតាមរយៈការបម្រើសេវាកម្មទេសចរណ៍ជំនួសការពឹងផ្អែកតែលើរបរនេសាទ។

អង្គការ អាក់សិន អេឌូខេសិន (Action Education) តាមរយៈគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងសមធម៌សហគមន៍ (CO-SAVED) បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញអាជីវកម្មទេសចរណ៍ ផ្ដល់ទុនវិនិយោគ និងគាំទ្រសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជួយឱ្យសហគមន៍អាចបង្កើតអាជីវកម្ម និងបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ។

លោកស្រី អ៊ុក ណេង អនុប្រធានទី១ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី បានឱ្យដឹងថា ក្រោមការគាំទ្រពីអង្គការ អាក់សិន អេឌូខេសិន សហគមន៍បានសាងសង់ស្ពានឈើ និងស្ពានឫស្សី សម្រាប់ឱ្យភ្ញៀវទេសចរដើរទស្សនាព្រៃកោងកាង និងទេសភាពសមុទ្រដ៏ស្រស់ស្អាត ដែលធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ អាចដើរលេងតាមស្ពានឈើ ទស្សនាព្រៃកោងកាង ជិះទូកមើលទេសភាព សម្រាកលម្ហែកាយក្នុងកញ្ចុះ និងភ្លក់ម្ហូបសមុទ្រស្រស់ៗក្នុងតម្លៃសមរម្យ ព្រមទាំងអាចថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

អនុប្រធានសហគមន៍រូបនេះ បានបន្ថែមថា ការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងសហគមន៍ បានជួយកាត់បន្ថយបទល្មើសធនធានធម្មជាតិ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអភិរក្សព្រៃកោងកាង ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

លោកស្រីថ្លែងថា ប្រជាពលរដ្ឋជាច្រើនដែលធ្លាប់ពឹងផ្អែកតែលើរបរនេសាទ បច្ចុប្បន្នបានងាកមកបម្រើសេវាកម្មទេសចរណ៍ ដូចជា បើកទូកដឹកភ្ញៀវ ធ្វើម្ហូប លក់ផលិតផលកសិកម្ម និងផ្ដល់សេវាស្នាក់នៅ ដែលបានជួយធ្វើឱ្យជីវភាពរបស់សមាជិកសហគមន៍កាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការ អាក់សិន អេឌូខេសិន (Action Education) បានឱ្យដឹងថា គម្រោងរបស់អង្គការមានគោលបំណងជួយឱ្យប្រជាសហគមន៍បង្កើនមុខរបរ និងប្រាក់ចំណូល ព្រមទាំងពង្រឹងការអភិរក្សព្រៃកោងកាង និងធនធានធម្មជាតិ។

លោកបន្តថា ក្រោមការគាំទ្រពីសហគមន៍អឺរ៉ុប អង្គការបានជួយរៀបចំផែនការមេសម្រាប់ការផ្សព្វផ្សាយ និងវិនិយោគលើសេវាកម្មទេសចរណ៍ ដោយបានសាងសង់ស្ពានឈើ ស្ពានឫស្សី កញ្ចុះសម្រាប់សម្រាកលំហែ និងដាំដើមកោងកាងបន្ថែម ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។

លោក វន សំភាស់ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន អង្គការ អាក់សិន អេឌូខេសិន មិនត្រឹមតែគាំទ្រសហគមន៍កំពង់សាមគ្គីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ចំនួន៨ផ្សេងទៀតនៅក្នុងខេត្តកំពត តាមរយៈការសាងសង់ស្ពាន រានលំហែ និងទីតាំងសម្រាប់បោះតង់ផងដែរ។

សូមជម្រាបថា សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី បានពង្រីកសកម្មភាពលើវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០១៩ ដើម្បីបង្កើនចំណូល និងបង្កើតមុខរបរថ្មីដល់ប្រជាពលរដ្ឋ តាមរយៈសេវាកម្មម្ហូបអាហារ ទូកទេសចរណ៍ និងផ្ទះស្នាក់។ ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារធនធានធម្មជាតិ និងក្លាយជាគំរូអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដ៏មានសក្ដានុពលមួយនៅក្នុងខេត្តកំពត៕


ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានត្នោត ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *