អង្គការ Action Education បន្តគាំទ្រថ្នាក់បរិយាបន្ន ដើម្បីលើកកម្ពស់ការអប់រំ​ដល់កុមារ​គថ្លង់

ភ្នំពេញ៖ អង្គការ Action Education តែងចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីគាំពារដល់កុមារឱ្យទទួលបានចំណេះដឹង ជាពិសេសលើកកម្ពស់កុមារមានពិការភាព កុមារគថ្លង់ផងដែរ។ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ។ ការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុ​វិ​ស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងគាំទ្រកុមារ ជាពិសេសកុមារមានតម្រូវការពិសេស។

ភ្នំពេញ៖ អង្គការ Action Education តែងចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីគាំពារដល់កុមារឱ្យទទួលបានចំណេះដឹង ជាពិសេសលើកកម្ពស់កុមារមានពិការភាព កុមារគថ្លង់ផងដែរ។ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ។ ការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុ​វិ​ស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងគាំទ្រកុមារ ជាពិសេសកុមារមានតម្រូវការពិសេស។

នាទិវាកុមារអន្តរជាតិ លើកទី៧៧ ឆ្នាំ២០២៦នេះ អង្គការ អាកសិន អេឌូខេសិន (Action Educaion) បានចូលរួមអបអរទិវានេះ ក្រោមប្រធានបទ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងគាំពារសិទ្ធកុមារ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងសិស្សានុសិស្ស មកពីសាលាបឋមសិក្សាឫស្សីស្រស់ ។ វិទ្យាល័យនេះ ជាទីអប់រំសម្រាប់កុមារគថ្លង់ និងកុមារមានពិការផ្នែកសតិបញ្ញា ។

ជាមួយគ្នានេះ លោក ជិន ប្រសិទ្ធិ តំណាងអង្គការ ​Action Educaion រៀបរាប់ថា អង្គការ អាកសិន អេឌូខេសិន តែងតែចាត់ទុកកុមារគ្រប់រូប ជាពិសេសកុមារមានពិការភាព ថាជា​ទំពាំងស្នងឫស្សី និងជាធនធានមនុស្សមិនអាចកាត់ថ្លៃបានរបស់ជាតិ ដែលត្រូវតែទទួល​បានឱកាសស្មើៗគ្នា ក្នុងការរៀនសូត្រ ការពារ និងអភិវឌ្ឍ។

ស្របនឹងទស្សនវិស័យនេះហើយ បានជាអង្គការអាកសិន អេឌូខេ សិន តែងតែប្តេជ្ញាចិត្ត ខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ «ការអប់រំបរិយាបន្ន»។ អង្គការ ​Action Educaion ក៏ជឿជាក់យ៉ាងមុតមាំថា ពិការភាព​មិនមែនជាឧបសគ្គដល់ការ​សិក្សារៀនសូត្រនោះទេ ប៉ុន្តែវា ជាការបំពេញបន្ថែមនូវភាពចម្រុះគ្នា យ៉ាងស្រស់ស្អាត​នៅក្នុងសង្គម។

លោក ជិន ប្រសិទ្ធិ តំណាង អង្គការ អាក់សិន អេឌូខេសិន

តំណាងអង្គការ អាកសិន អេឌូខេសិន បន្តថា​៖ «បទពិសោធន៍ប្រវត្តិសាស្ត្រ បានបង្រៀន​យើងច្បាស់ណាស់ថា សន្តិភាពគឺជាកាតាលីករ និងជាអ្វីដែលយើងមិនអាចខ្វះបាន​សម្រាប់រាល់ការអភិវឌ្ឍ។ បើគ្មានសន្តិភាពទេ សិទ្ធិជាមូលដ្ឋានរបស់យើងទាំងអស់គ្នា ជា​ពិសេសសិទ្ធិរបស់កុមារ និងកុមារមានពិការភាព នឹងត្រូវគេរំលោភបំពាន ឬបំភ្លេចចោលជា​មិនខាន។ ដូចនេះសន្តិភាពដែលយើង មាននៅថ្ងៃនេះ គឺជាពន្លឺដែលអនុញ្ញាតឱ្យកុមារគ្រប់ រូបអាចទៅសាលារៀន អាចលេងកម្សាន្ត និងអាចរស់ នៅក្រោមដំបូលដ៏មានសុវត្ថិភាព»។

អង្គការ អាកសិន អេឌូខេសិន  ប្តេជ្ញាបន្តសហការយ៉ាងសកម្ម និងនៅឈរនៅ​ជាមួយរាជ​រដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានជាតិអប់រំពិសេស ព្រមទាំងសាលារៀន​ជានិច្ច ដើម្បីរួមគ្នាកសាងបរិស្ថានសិក្សាមួយដែល «គ្មានកុមារណាម្នាក់ ត្រូវបានបោះបង់ ចោលឡើយ»។

លោក ម៉ែន សុវណ្ណ នាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ លើកឡើងថា ក្នុងឆ្នាំសិក្សា​២០២៥-២០២៦ មានកុមារគថ្លង់ចំនួន១៥៥ ក្នុងនោះក៏មានសិស្សពិការសតិបញ្ញាចំនួន​១០​នាក់ផងដែរ។ ការសិក្សាស្របតាមកម្មវិធីក្រសួងអប់រំ ដោយបន្ថែមភាសាសញ្ញា ដែលជា​តម្រូវការចាំបាច់បំផុតសម្រាប់សិស្សនៅទីនេះ ចាប់តាំងពីថ្នាក់ទី១ រហូតដល់ទី១២។ ក្រៅពី​ថ្នាក់សិក្សាតាមកម្មវិធីក្រសួង វិទ្យាល័យអប់រំពិសេស ក៏បានលើកកម្ពស់លើចំណេះ​សំខាន់​ៗ ដល់សិស្សមានគថ្លង់ ក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គម​ដោយមិនរើសអើង។

លោក ម៉ែន សុវណ្ណ នាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ

លោក ម៉ែន សុវណ្ណ បន្ថែមបែបនេះ៖ «យើងបានបង្ហាត់ភាសាអង់គ្លេស កុំព្យួទ័រចាប់ពីថ្នាក់ទី​៤ ដល់ថ្នាក់ទី១២។ ថ្នាក់សិល្បៈចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១១ និងបង្ហាត់ស្តាប់ដោយ​ឧបករណ៍​ជំនួយស្តាប់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំង ២ដងក្នុង១ឆ្នាំ។»

លោកស្រី នាង ផល្លា ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា រៀបរាប់ថា ទិវាកុមារអន្តជាតិ មិន​ត្រឹមតែរំលឹកមូលដ្ឋានរបស់កុមារទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពិសេស​មួយដើម្បីឆ្លុះបញ្ចាំង និងបង្កើនការយកចិត្តទុកដាក់ទ្វេដង ផ្តល់សេចក្តីស្រឡាញ់ លើកទឹក​ចិត្តចំពោះកុមារមានតម្រូវការពិសេស។ 

ក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតសំខាន់លើការអប់រំពិសេស បរិយាបន្ន និងថ្នាក់ សមាហរណកម្ម រួមចំណែកដើម្បីឆ្លងតបទៅនឹងគោលដៅប្រកបដោយចីរភាព សិក្សាពេញ មួយជីវិតសម្រាប់ទាំងអស់គ្នា។

លោកស្រី នាង ផល្លា ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា

ទីប្រឹក្សាក្រសួងអប់រំ បញ្ជាក់ទៀតថា​៖«ក្នុងបរិបទថ្មី ដែលវិស័យ អប់រំជាតិ នៃកម្ពុជាកំពុង​ស្ថិតក្នុងដំណាក់កាលកែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍគ្រប់ផ្នែកលើក កម្ពស់សមធម៌ គុណភាព ប្រសិទ្ធិភាព ចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា។ យើងទំាំងអស់គ្នា​កំពុងរួមចំណែកលើកកម្ពស់សិទិ្ធជនមានពិការភាព អប់រំពួកគេឱ្យយល់ដឹង ម្ចាស់ការលើ​ខ្លួនឯង រស់នៅដោយឯករាជ្យ មានអនាគតរុងរឿងសម្រាប់មាតុភូមិយើង។»។

ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុក«ការថែរក្សា និងការពារសុវត្ថិភាពកុ​មារ​» គឺជាកាតព្វកិច្ច​ដែលត្រូវការកិច្ចសហការជាពហុ​វិ​ស័យ។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យតួអង្គពាក់ព័ន្ធ នៅគ្រប់វិស័យទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហារបស់កុមារ ដែលកំពុង​ប្រឈម​នឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ ​អំពើទាំងអស់នេះ មិន​ត្រឹមតែបំផ្លាញ សេចក្តីសុខរបស់​កុមារប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់អនាគតនៃ​សេដ្ឋកិច្ច និងធនធានមនុស្ស នៅកម្ពុជាផងដែរ៕


អត្ថបទដោយ៖ហេង ស្រីលីន

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *