ភ្នំពេញ៖ អង្គការ Action Education តែងចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីគាំពារដល់កុមារឱ្យទទួលបានចំណេះដឹង ជាពិសេសលើកកម្ពស់កុមារមានពិការភាព កុមារគថ្លង់ផងដែរ។ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងគាំទ្រកុមារ ជាពិសេសកុមារមានតម្រូវការពិសេស។

នាទិវាកុមារអន្តរជាតិ លើកទី៧៧ ឆ្នាំ២០២៦នេះ អង្គការ អាកសិន អេឌូខេសិន (Action Educaion) បានចូលរួមអបអរទិវានេះ ក្រោមប្រធានបទ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងគាំពារសិទ្ធកុមារ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងសិស្សានុសិស្ស មកពីសាលាបឋមសិក្សាឫស្សីស្រស់ ។ វិទ្យាល័យនេះ ជាទីអប់រំសម្រាប់កុមារគថ្លង់ និងកុមារមានពិការផ្នែកសតិបញ្ញា ។
ជាមួយគ្នានេះ លោក ជិន ប្រសិទ្ធិ តំណាងអង្គការ Action Educaion រៀបរាប់ថា អង្គការ អាកសិន អេឌូខេសិន តែងតែចាត់ទុកកុមារគ្រប់រូប ជាពិសេសកុមារមានពិការភាព ថាជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សមិនអាចកាត់ថ្លៃបានរបស់ជាតិ ដែលត្រូវតែទទួលបានឱកាសស្មើៗគ្នា ក្នុងការរៀនសូត្រ ការពារ និងអភិវឌ្ឍ។
ស្របនឹងទស្សនវិស័យនេះហើយ បានជាអង្គការអាកសិន អេឌូខេ សិន តែងតែប្តេជ្ញាចិត្ត ខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ «ការអប់រំបរិយាបន្ន»។ អង្គការ Action Educaion ក៏ជឿជាក់យ៉ាងមុតមាំថា ពិការភាពមិនមែនជាឧបសគ្គដល់ការសិក្សារៀនសូត្រនោះទេ ប៉ុន្តែវា ជាការបំពេញបន្ថែមនូវភាពចម្រុះគ្នា យ៉ាងស្រស់ស្អាតនៅក្នុងសង្គម។

តំណាងអង្គការ អាកសិន អេឌូខេសិន បន្តថា៖ «បទពិសោធន៍ប្រវត្តិសាស្ត្រ បានបង្រៀនយើងច្បាស់ណាស់ថា សន្តិភាពគឺជាកាតាលីករ និងជាអ្វីដែលយើងមិនអាចខ្វះបានសម្រាប់រាល់ការអភិវឌ្ឍ។ បើគ្មានសន្តិភាពទេ សិទ្ធិជាមូលដ្ឋានរបស់យើងទាំងអស់គ្នា ជាពិសេសសិទ្ធិរបស់កុមារ និងកុមារមានពិការភាព នឹងត្រូវគេរំលោភបំពាន ឬបំភ្លេចចោលជាមិនខាន។ ដូចនេះសន្តិភាពដែលយើង មាននៅថ្ងៃនេះ គឺជាពន្លឺដែលអនុញ្ញាតឱ្យកុមារគ្រប់ រូបអាចទៅសាលារៀន អាចលេងកម្សាន្ត និងអាចរស់ នៅក្រោមដំបូលដ៏មានសុវត្ថិភាព»។
អង្គការ អាកសិន អេឌូខេសិន ប្តេជ្ញាបន្តសហការយ៉ាងសកម្ម និងនៅឈរនៅជាមួយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានជាតិអប់រំពិសេស ព្រមទាំងសាលារៀនជានិច្ច ដើម្បីរួមគ្នាកសាងបរិស្ថានសិក្សាមួយដែល «គ្មានកុមារណាម្នាក់ ត្រូវបានបោះបង់ ចោលឡើយ»។
លោក ម៉ែន សុវណ្ណ នាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ លើកឡើងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ មានកុមារគថ្លង់ចំនួន១៥៥ ក្នុងនោះក៏មានសិស្សពិការសតិបញ្ញាចំនួន១០នាក់ផងដែរ។ ការសិក្សាស្របតាមកម្មវិធីក្រសួងអប់រំ ដោយបន្ថែមភាសាសញ្ញា ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់សិស្សនៅទីនេះ ចាប់តាំងពីថ្នាក់ទី១ រហូតដល់ទី១២។ ក្រៅពីថ្នាក់សិក្សាតាមកម្មវិធីក្រសួង វិទ្យាល័យអប់រំពិសេស ក៏បានលើកកម្ពស់លើចំណេះសំខាន់ៗ ដល់សិស្សមានគថ្លង់ ក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។

លោក ម៉ែន សុវណ្ណ បន្ថែមបែបនេះ៖ «យើងបានបង្ហាត់ភាសាអង់គ្លេស កុំព្យួទ័រចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២។ ថ្នាក់សិល្បៈចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១១ និងបង្ហាត់ស្តាប់ដោយឧបករណ៍ជំនួយស្តាប់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំង ២ដងក្នុង១ឆ្នាំ។»
លោកស្រី នាង ផល្លា ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា រៀបរាប់ថា ទិវាកុមារអន្តជាតិ មិនត្រឹមតែរំលឹកមូលដ្ឋានរបស់កុមារទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពិសេសមួយដើម្បីឆ្លុះបញ្ចាំង និងបង្កើនការយកចិត្តទុកដាក់ទ្វេដង ផ្តល់សេចក្តីស្រឡាញ់ លើកទឹកចិត្តចំពោះកុមារមានតម្រូវការពិសេស។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតសំខាន់លើការអប់រំពិសេស បរិយាបន្ន និងថ្នាក់ សមាហរណកម្ម រួមចំណែកដើម្បីឆ្លងតបទៅនឹងគោលដៅប្រកបដោយចីរភាព សិក្សាពេញ មួយជីវិតសម្រាប់ទាំងអស់គ្នា។

ទីប្រឹក្សាក្រសួងអប់រំ បញ្ជាក់ទៀតថា៖«ក្នុងបរិបទថ្មី ដែលវិស័យ អប់រំជាតិ នៃកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលកែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍគ្រប់ផ្នែកលើក កម្ពស់សមធម៌ គុណភាព ប្រសិទ្ធិភាព ចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា។ យើងទំាំងអស់គ្នាកំពុងរួមចំណែកលើកកម្ពស់សិទិ្ធជនមានពិការភាព អប់រំពួកគេឱ្យយល់ដឹង ម្ចាស់ការលើខ្លួនឯង រស់នៅដោយឯករាជ្យ មានអនាគតរុងរឿងសម្រាប់មាតុភូមិយើង។»។
ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុក«ការថែរក្សា និងការពារសុវត្ថិភាពកុមារ» គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យតួអង្គពាក់ព័ន្ធ នៅគ្រប់វិស័យទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហារបស់កុមារ ដែលកំពុងប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញ សេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់អនាគតនៃសេដ្ឋកិច្ច និងធនធានមនុស្ស នៅកម្ពុជាផងដែរ៕
អត្ថបទដោយ៖ហេង ស្រីលីន
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦





