អង្គការ អេដ អេ អាកស្យុង នៅក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរជីវិតកុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា

ភ្នំពេញ៖ រយៈពេល២៧ឆ្នាំមកហើយ ដែលអង្គការសាលារៀនទន្សាយ (Rabbit School Organization ) បានផ្ដល់សេវាអប់រំដល់កុមារអូទីស្សឹម ដោនស៊ីនដ្រូន និង​កុមារមានពិការភាពសតិ​បញ្ញានៅកម្ពុជា។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ  បានលើក​ឡើង​ថា ក្នុងដំណើរដ៏វែងឆ្ងាយនេះ សាលារៀនទន្សាយ អាចពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ ក្រសួង​សង្គមកិច្ច អង្គការដៃគូ ជាពិសេសអង្គការអេដ អេ អាកស្យុង។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក វង្ស វុទ្ធី បានចាត់ទុកថា ការ​គាំទ្ររប​ស់អង្គការ អេដ អេ អាកស្យុង ក្នុងរយៈពេលជាង១៣ឆ្នាំមកនេះ ជាផ្នែក​មួយដ៏សំខាន់ដែល​ជួយទៅដល់កុមារអូទីស្សឹម និង​កុមារមានពិការភាពសតិ​បញ្ញា ដើម្បីឱ្យពួកគេទទួលបានការ​អប់រំ​ពេ​ញ​លេញដូចក្មេងដទៃ។ 

លោក វង្ស វុទ្ធី អះអាងដូច្នេះ៖ «អង្គការ អេដ អេ អាកស្យុង បាននៅជាមួយយើង​រយៈ​ពេល​១៣ឆ្នាំ ដើម្បីធ្វើយ៉ាងណា ឱ្យសេវាកម្មអប់រំកុមារដែលមានតម្រូវការពិសេសនេះ ទទួល​បានជោគជ័យ។ ក្រៅពីថវិកា អង្គការ ក៏បានជួយទាំងបច្ចេកទេស ក៏ដូចជាធនធានផ្សេង​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា ពង្រឹងទៅលើធនធានមនុស្ស ដែលកំពុងធ្វើការទៅលើ​ផ្នែកអប់​រំ​ពិសេសនេះដែរ»។

បើតាមប្រធានកម្មវិធីរបស់អង្គការ​សាលារៀនទន្សាយ ក្រោមការគាំទ្រពី អង្គការ អេដ អេ អាកស្យុង អង្គការសាលារៀនទន្សាយ បានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានី​ភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងសៀម​រាប។ ក្នុង​នោះមានកុមារអូទីស្សឹម ដោនស៊ីនដ្រូម និង​កុមារមានពិការភាពសតិ​បញ្ញា ជាង៥០០នាក់ កំពុងទ​ទួលសេវាអប់រំ ដោយមានកុមារជាង២០០នាក់ កំពុងសិក្សានៅក្នុងសាលាបឋមសិក្សា​ទួល​គោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងប្រមាណ៣០០នាក់ទៀត នៅ​តាម​បណ្ដា​ខេត្ត៕


អត្ថបទដោយ៖ អ៊ុត រស្មី

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *