រយៈពេល២០ឆ្នាំ អង្គការ Aide et Action ចំណាយថវិកា ៥៦លានដុល្លារ ជួយដល់វិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ អង្គការ អេដ អេ អាក់ស្យុង (Aide et Action) បានធ្វើពិធីខួបអនុស្សាវរីយ៍ លើកទី២០ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អង្គការនេះ បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួននៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ ដោយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធផ្សេងទៀត រហូតមកដល់ឆ្នាំ២០២៣។ អង្គការបាននិងកំពុងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំនួន ៥៦ ដើម្បីចូលរួមចំណែកសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

តាមរយៈរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំមកនេះ អង្គការបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន រួមមាន ការអនុវត្តគម្រោងទូទាំង ២៥រាជធានី-ខេត្ត ក្នុងនោះគ្របដណ្តប់ចំនួន ១០០ក្រុង ស្រុក ខណ្ឌ ៨០០ឃុំ/សង្កាត់ និងនៅតាមសាលាមត្តេយ្យសិក្សាចំនួន៤០០ បឋមសិក្សាចំនួន ២ ០០០ និងមធ្យមសិក្សាចំនួន ១០០ ដោយចំណាយថវិកាប្រមាណ ៥៦លានដុល្លារ។ ក្រុមគោលដៅដែលបានទទួលផលពីគម្រោងនានារបស់អង្គការ អេដ អេ អាក់ស្យុង និងអង្គការសហការ រួមមាន កុមារមានពិការភាព កុមារអនាថា និងងាយរងគ្រោះ កុមារជនជាតិភាគតិច កុមារក្រៅសាលា ដោយផ្តោតទាំងលើបរិមាណ និងគុណភាពអប់រំ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ការអប់រំ កម្រិតមូលដ្ឋាន។

ដើម្បីធានាបានគុណភាព ប្រសិទ្ធភាព គម្រោងបានធ្វើការគាំទ្រដើម្បីឆ្លើយតបនឹងតម្រូវការនៃការសិក្សា រួមមាន ការសាងសង់ និងកែលម្អសាលារៀន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងលើកកម្ពស់ការអនុវត្តនៅក្នុងសាលារៀន និងសហគមន៍ គាំទ្រសម្ភាររៀន និងបង្រៀន ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងក្រុង ស្រុកគោលដៅ ព្រមទាំងសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ។

លោក វន សំភាស់ នាយកប្រចាំប្រទេស នៃអង្គការ អេដ អេ អាកស្យុង បានឱ្យដឹងថា ក្នុងភាពជាដៃគួជាមួយប្រទេសកម្ពុជា អង្គការបាននិងកំពុងពុះពារប្តេជ្ញាក្នុងសកម្មភាពលើកកម្ពស់វិស័យអប់រំ និងការធានាឱ្យបាននូវគុណភាពនៃការអប់រំកម្រិតបឋមសិក្សាសម្រាប់សហគមន៍ និងកុមារដែលជួបការលំបាកនៅទូទាំងប្រទេសកម្ពុជា។ ដើម្បីអបអរសាទរខួប២០ឆ្នាំរបស់ខ្លួន អង្គការ អេដ អេ អាកស្យុង បានរៀបចំនូវព្រឹត្តិការណ៍ជាបន្តបន្ទាប់រួមទាំងពិធីប្រកាស់ឱ្យប្រើប្រាស់នូវសំណង់អគារចំនួន៧ បន្ទប់រៀនចំនួន១១៦ ទូកទេសចរណ៍ និងសាលប្រជុំ ចំនួន៦ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធចម្លោះទឹកចំនួន១២០ និងសម្ភារបរិក្ខាអប់រំជាច្រើនម៉ឺនកញ្ចប់ទៀត។

លោក វន សំភាស់ មានមោទនភាពចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ លោកថា វាជាកិត្តិយសក្នុងការបម្រើសហគមន៍កម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យអប់រំនៅក្នុងប្រទេសនេះ។

លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់អង្គការ អេដ អេ អាក់ស្យុង អង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនាពេលកន្លងមក ក្នុងន័យចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។

ក្នុងនាមក្រសួងអប់រំ លោករដ្ឋលេខាធិការ សង្ឈឹមថា ខួបអនុស្សាវរីយ៍លើកទី២០ ដែលអង្គការអេដ អេ អាក់ស្យុង រៀបចំឡើងនាពេលនេះ ជាការឆ្លុះបញ្ចាំងមើលការអនុវត្តក្នុងរយៈពេលកន្លងមក ព្រមទាំងទាញយកឧត្តមានុវត្តន៍ ទៅពង្រីកការអនុវត្តបន្ថែមទៀតឱកាន់តែមានទំហំធំជាងមុន ធ្វើយ៉ាងណាឱ្យសិស្សានុសិស្សជាអ្នកទទួលផល កាន់តែច្រើនជាងមុន ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕


អត្ថបទដកស្រង់ចេញពី គេហទំព័រ CNC News ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *