កុមារ​មាន​ពិការ​ភាព​ផ្នែក​សតិ​បញ្ញា​ជិត ​៨០ ​នាក់​ក្នុង​ខេត្តពោធិ៍​សាត់​ ទទួល​បាន​ការ​សិក្សា​ថ្នាក់​សមាហ​រណ​កម្ម​

ពោធិ៍សា​ត់ៈ កុមារ​មាន​ពិការ​ភាព​ចលករ​ខួ​រក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា​ជិត​ ៨០​ នាក់​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សា​ត់ ទទួល​បាន​ឱកាស​សិក្សា​ថ្នាក់​សមាហ​រណកម្ម​ពី​អង្គការ​សេវាក​ម្ម​អ​ភិវឌ្ឍន៍​ជន​ពិការ ​(DDSP)​ ដើម្បី​ជួយ​ពួក​គេ​ឱ្យមាន​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​ជួយ​សម្រាល​បន្ទុក​អាណា​ព្យា​បាល​ដែល​ភាគ​ច្រើន​ក្រីក្រ​។​

​អង្គការ​សេវា​កម្ម​អភិ​វឌ្ឍន៍​ជន​ពិការ​(DDSP)​បាន​អះ​អាង​ថា ​មាន​កុមារ​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា​យ៉ាង​ហោច​ណាស់​៧៨​នាក់​(​ស្រី​២៧​នាក់​)​ស្ថិត​ក្នុង​ខេត្តពោ​ធិ៍សាត់​កំពុង​ទទួល​បាន​ឱកាស​សិក្សា​ថ្នាក់​សមា​ហរណ​កម្ម​ពី​អង្គ​ការ​សេវា​កម្ម​អភិ​វឌ្ឍន៍​ជន​ពិការ​។​

អង្គការ​នេះ​បាន​បញ្ជាក់​ថា ​ការ​សិក្សា គឺ​ដើម្បី​ជួយ​ដល់​កុមារ​មាន​ពិការ​ភាព​ចលករ​ខួ​រក្បាល​ស្រាល ​និង​ធ្ងន់ធ្ងរ និង​កុមារ​ពិការ​សតិ​បញ្ញា ​បាន​ទទួល​ការ​សិក្សា​អប់រំ ក្នុង​ការ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម ​និង​ជួយ​សម្រាល​បន្ទុក​អាណា​ព្យា​បាល​ដែល​ភាគ​ច្រើន​មាន​ស្ថាន​ភាព​ក្រីក្រ​។

​លោក​ផែង ​សំណាង ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ DDSP បាន​ថ្លែង​ថា ការផ្តល់​ការ​សិក្សា​ដល់​កុមារ​ទាំង​នេះ ​គឺ​ចាប់​ផ្តើម​គម្រោង​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ​ដោយ​មាន​ថ្នាក់​សមា​ហរណ​កម្ម ដែល​មាន​ត្រឹម​តែ១​ថ្នាក់​ប៉ុណ្ណោះ នៅ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​ញី ក្នុង​នោះ​មាន​បង្រៀន​កុមារ​១៥​នាក់​។

លោក​បាន​បន្ត​ថា រហូត​មក​ទល់​ដើមឆ្នាំ​២០២៣ ថ្នាក់​សមា​ហរ​ណកម្ម​ មាន​៧​ថ្នាក់ ​ហើយ​បាន​បង្រៀន​កុមារ​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល និង​កុមារ​ពិការ​សតិ​បញ្ញា​សរុ​បដល់​៧៨​នាក់​តាម​រយៈ​ថ្នាក់​សមា​ហរ​ណកម្ម​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ញី បឹង​ខ្នារ កែវ​សុវណ្ណ និង​សា​លា​បឋម​សិក្សា​តា​លោ ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍​សាត់​។

​លោក​ បាន​បញ្ជាក់ថា​៖«​កុមារ​មាន​ពិការ​ភាព​ខ្លះ ត្រូវបាន​អាណា​ព្យា​បាល​ទុកចោ​ល ឬ​ជួន​កាល​ចង​នៅ​សសរ​ផ្ទះឬ​ជីក​ដាក់​ក្នុង​រណ្តៅ​ក្រោម​ផ្ទះដើ​ម្បី​អាច​ឆ្លៀត​ចេញ​ទៅ​ធ្វើការ​ងារ​រក​ចំណូល​ខាង​ក្រៅ​បាន​។ ដូច្នេះ​កា​រប​ញ្ជូន​

កុមារ​មក​ថ្នាក់​សមា​ហរណ​កម្ម នឹង​ជួយ​មើល​កុមារ​ជំនួស​គ្រួសារ ​ដើម្បី​មាន​ពេល​ទៅរក​ចំណូល​ ព្រម​ទាំង​ជួយ​ពង្រឹង​សមត្ថភា​ព​កុមារ​ពិការ​ចលករ​ខួរ​ក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា ដែល​ពិបាក​ក្នុង​ការ​ចូលរៀ​ន​សា​លា​ចំណេះ​ដឹង​ទូទៅ ​ឱ្យ​ចេះ​ទំនាក់​ទំនង​ក្នុង​គ្រួ​សារ ​ឬ​សង្គម​ឡើង​វិញ​»​។​

​លោក​លោក​ ផែង សំណាង បាន​បន្ថែម​ថា ដោយ​មាន​កិច្ច​អន្ត​រាគមន៍​ពី​ក្រសួង​អប់រំ ​និង​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា ​ខេត្ត​ពោធិ៍​សាត់​នៅ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ សាលា​រៀន​ទាំង​៤បាន​យល់​ព្រម​បញ្ចូល​ឈ្មោះ​កុមារ​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​សិស្ស​របស់​សា​លា​រៀន​ហើយ​។

​ទោះ​ជា​យ៉ាង​ណា លោក​ថា ក្រសួង​អប់រំ​ មិន​ទាន់​គាំទ្រ​ជា​គ្រូ​បង្រៀន​ក្រប​ខ័ណ្ឌ​រដ្ឋ​សម្រាប់​ថ្នាក់​សមាហរណ​កម្ម​ឡើយ ​ខណៈ​គ្រូ​បង្រៀន​ជិត​២០​ឆ្នាំ​មក​នេះ ​ត្រូវ​បាន​ផ្តល់​សេវា​កម្ម​ដោយ​គ្រូប​ង្រៀន​ស្ម័គ្រ​ចិត្ត​ និង​ទទួល​ប្រាក់ឧ​បត្ថម្ភ​ពី​អ​ង្គការ​ក្រៅ​រដ្ឋាភិ​បាល​នៅ​ឡើយ​។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖«​កុមារ​មាន​ពិការ​ភាព​ភាគ​ច្រើន​មកពី​គ្រួសារ​ក្រីក្រ​។ ចង់​មិន​ចង់​ យើង​ត្រូវ​ថែរក្សា​ពួក​គាត់​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​។ ប្រសិន​បើ​គ្រួសារ​គាត់​គ្មាន​លទ្ធ​ភាព​ យើង​ត្រូវ​ស្វះ​ស្វែងរក​ធន​ធាន​ជួយ​ពួកគាត់​តាម​ដែល​អាចធ្វើ​ទៅ​បាន​ដើម្បី​ឱ្យ​កុមារ​មាន​ការ​យល់​ដឹង​អក្សរ​សាស្ត្រ លេខ​គណិត ​ការ​ថែ​ទាំ​អនា​ម័យ​ខ្លួន​ប្រាណ និង​មាន​បំ​ណិ​ន​ជីវិត​ជា​ដើម​»​។

​កម្មវិធី​ដៃគូ​រួមគ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា[​CCOSC] និង​អង្គការ​សេវា​កម្ម​អភិវឌ្ឍន៍​ជន​ពិការ​ ធ្វើការ​រួម​គ្នា ​ដើម្បី​ផ្តល់​សិទ្ធិ​ចូល​រៀន​សាលា​បឋម​សិក្សា​ប្រកប​ដោយ​សម​ធម៌​សម្រាប់​កុមារ​បាត់​បង់​ឱកាស​សិក្សា​។ មាន​សមិទ្ធ​ផល​ជា​ច្រើន​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ផ្នែក​សេដ្ឋ​កិច្ច​រាង​កាយ អាកប្ប​កិរិយា និង​ស្ថា​ប័ន​ដែល​រារាំង​ដល់​ការ​អប់រំ​។ កម្មវិធី​ដៃគូ​រួមគ្នា ​ក៏​លើក​កម្ពស់​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​នៃ​សេវា​អប់រំ​ផង​ដែរ​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើ​រឡើង​នូវ​គុណ​ភាព​បង្រៀន​។ នេះ​បើតាម​ការ​អះអា​ង​របស់​អង្គការ DDSP​។​

​អ្នកស្រី​កាក់​ ស្រីមុំ ជា​គ្រូ​បង្រៀន​កុមារ​ពិសេស​នៅ​សាលា​បឋម​សិក្សា ​កែវ សុវណ្ណ ដែល​មាន​កុមារ​ប្រភេទ​នេះ​ចំនួន​៣០​នាក់​បាន​ថ្លែង​ថា វា​ពិតជា​អស្ចារ្យ​ដែល​អ្នក​ស្រីបា​ន​ជួយ​ឱ្យ​ក្មេងៗ​ទាំង​នេះទទួល​បាន​ភាព​កក់​ក្តៅ និង​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ និង​សង្គម​ឡើង​វិញ​។ តាម​រយៈ​ការ​បង្រៀន​ពួក​គេ​ពីវិធី​សាស្ត្រ​ខុសពី​ការ​បង្រៀន​ក្មេងៗ​ទូទៅ ​អ្នក​ស្រី បាន​អះ​អាង​ថា កុមារ​ដែល​ទទួល​បាន​ការ​សិក្សា គឺ​ពួក​គេ​អាច​ទទួល​បាន​ភាព​ប្រសើ​រ​ជាង​មុន បើ​ប្រៀប​ធៀប​នឹង​កុមារ​ដែល​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល​ និង​កុមារ​ពិការ​សតិ​បញ្ញា ​ដែល​មិន​បាន​ទទួល​ការ​សិក្សា​។​

​អ្នក​ស្រី ​បាន​បញ្ជាក់​ថា​៖«​ដោយ​សារតែ​កុមារ​របស់​យើង​គាត់​មិន​មែន​ជា​កុមារ​ដែល​មាន​សតិ​បញ្ញា​ដូច​កុមារ​ធម្មតា​ អ៊ីចឹ​ង​យើង​បណ្តុះ​បណ្តាល​គាត់​ មាន​លក្ខណៈ​ខុស​គ្នា​ ដោយ​ការ​បង្រៀន​របស់​យើង​ គឺ​ពឹង​ផ្អែក​ទៅលើ​​សម្ភារ​ឧបទេស​ច្រើន​។ កុមារ​ខ្លះ គាត់​អត់​ស្គាល់​អស់​ទេ សម្រាប់​ឧបករណ៍ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​តាម​ការ​បង្រៀន​របស់​យើង គឺមាន​ផលិត​សម្ភារ​ទាំង​អស់​ហ្នឹង ដើម្បី​បង្ហាញ​ពួក​គាត់​»​។

​គ្រូប​ង្រៀន​ដែល​អង្គុយ​នៅលើ​រទេះ​រុញ ដោយ​សារ​ជើង​ទាំង​គូ​ស្វិត​ពី​កំណើត​រូប​នេះ ​បាន​រៀប​រាប់​បន្តថា​៖«​ភាព​វិជ្ជមាន​ដែល​គាត់​ផ្លាស់​ប្តូរ​គឺ​គាត់​ចេះ​គួរ​សម​ ចេះ​ជម្រាប​សួរ​ ចេះ​សំពះ​យើង​។ យើង​ឱ្យ​គាត់​យល់​ដឹង​ពី​អនា​ម័យ សម្លៀក​បំពាក់​ ការ​ញ៉ាំ ​ក្រចក​ដៃជើង​។ គាត់​ព្យា​យាម​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​បាន បើ​ទោះ​មិន​ល្អ តែ​គាត់​អាច​ធ្វើបាន​ខ្លួន​ឯ​ងដោយ​មិន​រំខាន​ដល់​អា​ណាព្យា​បាល​ច្រើន​ដូច​មុន​។ យើង​ក៏​សប្បាយ​ចិត្ត​សូម្បី​អាណា​ព្យា​បាល ក៏​ពួក​គាត់​សប្បាយ​ចិត្ត​នឹង​កូន​ពួក​គាត់​ដែរ»​។​

​ជាមួយ​នឹង​វិជ្ជមាន​នេះ អ្នក​ស្រី កាក់​ ស្រីមុំ ជំរុញ​លើក​ទឹកចិត្ដ និង​អំពាវ​នាវ​ឱ្យ​អាណា​ព្យាបាល​កុមា​រ​ដែលមា​ន​បញ្ហា​បែប​នេះ​យកចិ​ត្តទុ​កដាក់​លើ​ពួកគេ​ និង​កុំ​ទុក​ពួកគេ​ចោល ​ដោយ​ត្រូវ​បញ្ចូល​ពួកគេម​ក​​សាលារៀ​ន​តាម​ដែល​អាច​ធ្វើ​ទៅបា​នដើ​ម្បី​កុំឱ្យ​ពួកគេ​មាន​គម្លាត​ពី​សង្គម​ ហើយ​ក្លាយទៅជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​​៕


អត្ថបទដោយ៖ ឡុង គីមម៉ារីតា

ដកស្រង់ចេញពី គេហទំព័រ ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *