បន្ទាយមានជ័យៈអគារមជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិតនៅក្រុងប៉ោយប៉ែត បានបើកសម្ពោធកាលពីថ្ងៃទី ០២ កញ្ញា ដើម្បីផ្តល់ការអប់រំដល់កុមារតាមចិញ្ចើមផ្លូវ កាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។
ពិធីសម្ពោធបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអង្គការតំណក់ទឹក នាថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា អភិបាលខេត្តបន្ទាយមានជ័យ តំណាងម្ចាស់ជំនួយ និងអង្គការដៃគូមានដូចជាអង្គការ Aide et Action (Action Education)អង្គការ Educate A Child (EAC) និង Manos Unidas។
អគារសិក្សាថ្មី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិតថ្មី នៃអង្គការតំណក់ទឹក នៅទីក្រុងប៉ោយប៉ែតនឹងផ្តល់ការអប់រំដោយប្រើប្រាស់ កម្មវិធីរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា(CCOSC) គឺជាកម្មវិធីអប់រំក្រៅប្រព័ន្ធសម្រាប់កុមារតាមចិញ្ចើមផ្លូវ ដើម្បីកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងការជួញដូរកុមារ និងយុវជននៅតាមព្រំដែនកម្ពុជា-ថៃ។
អគារថ្មីនេះ មានបន្ទប់រៀនចំនួន ៣ ដែលអាចផ្ទុកសិស្សបានចំនួន ៤០ នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដែលអាចបញ្ចូលកុមារចំនួន ៨០ នាក់បន្ថែមទៀត ក្នុងឆ្នាំសិក្សា ២០២៣។
លើសពីនេះទៅទៀត មជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិត នឹងត្រូវប្រើប្រាស់ជាកន្លែងសម្រាប់ធ្វើសកម្មភាពទាក់ទងនឹងយុវជន សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍សហគមន៍។
លើសពីនេះ អគារថ្មីនេះត្រូវបានរចនាឡើង ដើម្បីឱ្យអ្នកមានពិការភាពអាចចូលទៅដល់បាន ដើម្បីជួយសម្រួលដល់ការដាក់បញ្ចូលកុមារដែលមានពិការភាព នៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ ហើយផ្លូវចូល និងថ្នាក់រៀនទាំងអស់ត្រូវបានបំពាក់ដោយផ្លូវជម្រាល។
ការសាងសង់មជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិត បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២២ ហើយត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ ២០២២ ដោយប្រើថវិកាសរុប ១០៧ ៨១២ ដុល្លារ។
ក្នុងនោះ ៥៣ ៩០៦ ដុល្លារ ត្រូវបានសហការផ្តល់មូលនិធិដោយ Educate A Child (EAC) និង Aide et Action (Action Education) ខណៈថវិកាបន្ថែមចំនួន ៥៣ ៩០៦ ដុល្លារផ្ដល់ដោយ Manos Unidas។
សូមជម្រាបដែរថា អគារសិក្សាមួយនេះ ជាផ្នែកមួយនៃគោលនយោបាយជាតិស្តីពីការសិក្សាពេញ ១ ជីវិត ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០១៩។
មជ្ឈមណ្ឌលសិក្សាពេញ ១ ជីវិតថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យទទួលបានការអប់រំសម្រាប់កុមារងាយរងគ្រោះ និងនៅក្រៅសាលា ក្នុងគោលបំណងធ្វើសមាហរណកម្មពួកគេ ទៅក្នុងប្រព័ន្ធសាលារៀនសាធារណៈ៕
អត្ថបទដោយ៖ ហ្វីន ហ្វ្រីដា
ដកស្រង់ចេញពី គេហទំព័រ ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២