កំពត៖ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្តេជ្ញាថា នឹងជួយលើកកម្ពស់អាជីវកម្មនៅក្នុងខេត្តកំពត និងខេត្តកែប ឱ្យមានដំណើរការកាន់តែល្អ ហើយក្នុងរយៈពេល៣ឆ្នាំដំបូងនេះ សមាគមនឹងកៀរគរទុនវិនិយោគយ៉ាងហោចឱ្យបាន ១០លានដុល្លារ ខណៈដែលអង្គការដៃគូ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មគាំទ្រ និងជួយសហការគ្រប់ពេលវេលា។
ក្នុងពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេតកំពត-កែប ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពត-កែប លោក ឃឹម ប៊ុនឡែន បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខេត្តកំពត-កែប ថ្ងៃនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតសាខាថ្មីរបស់ខ្លួន ក្នុងគោលបំណង់ជួយពង្រឹងសមត្ថភាពសមាជិក ផ្តល់ទុនវិនិយោគ ផ្តល់ចំណេះជំនាញបន្លែម ដើម្បីមានចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សានិរន្តរភាពអាជីកម្មរបស់ខ្លួន។ សមាគមបានប្តេជ្ញាចិត្តថា នឹងជួយធ្វើឱ្យអាជីកម្មក្នុងខេត្តកំពត-កែប កាន់តែរីកចម្រើន និងមានភាពល្អប្រសើជាងមុន ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងខិតខំកៀរគរទុនវិនិយោគនៅខេត្តកំពត-កែប ឱ្យបានយ៉ាងហោច១០លានដុល្លារ។
ជាមួយគ្នានេះដែរ លោក ម៉ៅ យ៉េ នាយកកម្មវិធីអង្គការ អេដ អេអាក់ស្យុងកម្ពុជា បង្ហាញការគាំទ្រថា អង្គការបានធ្វើការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រយៈពេល ២ឆ្នាំមកហើយ ដោយផ្តោលើកការងារចំនួន ៥ចំណុចធំៗ ដែលទី១. បង្កើតសាខាសមគមន៍នៅតាមខេត្តតំបន់ឆ្នេរសមុទ្រទាំងបួន ទី២. ការកសាងផែនការវិនិយោគ ទី៣. ការងារណ្តុះបណ្តាលសហគ្រិនខ្នាតតូចនៅខេត្តតំបន់ឆ្នេរ ទី៤. ផ្តល់ទន់វិនិយោគ និងទី៥. ផ្តល់ជំនាញដល់សមាជិកសមាគម ដើម្បីឱ្យអាជីវកម្មដំណើរការទៅដោយជោគជ័យ ហើយលោកបានបន្តថា អង្គការលោកនឹងបន្តគាំទ្រសមាគមនេះជានិច្ច។
ក្នុងពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ដែលបានរៀបចំឡើងនៅសាលសន្និសីទ បូកគោ សាលាខេត្តកំពត កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពតរីករាយ និងគាំទ្រចំពោះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ព្រោះខាងផ្នែករដ្ឋ កន្លងមកបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តដ៏ទាក់ទាញជាច្រើនកន្លែង ធ្វើឱ្យមានកំណើនភ្ញៀវទេសចរហក់ឡើងខ្ពស់ រង់ចាំតែវិស័យឯកជន ពិសេសមាគមនសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការជួយពង្រឹងដល់ក្រុមអាជីវករ សិប្បករ ឬសហគ្រាសខ្នាតតូចឱ្យរឹងមាំ ដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍ ជួយជំរុញសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំពេញការងាររបស់ខ្លួនឱ្យប្រសើរ ដើរតួជាដៃគូអភិវឌ្ឍន៍លើការងារវិនិយោគជាមួយរដ្ឋបាលខេត្តទាំងពីរ។
លោករដ្ឋលេខាធិការ ក៏បានណែនាំដល់សហគ្រិនទាំងអស់ ត្រូវព្យាយាមធ្វើតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើសេដ្ឋកិច្ចមាត្រដ្ឋាន ដែលមានន័យថា ផលិតច្រើន តម្លៃទាប តាមតម្រូវការទីផ្សារ៕
អត្ថបទ៖ វង្ស សុធារម្យ
ដកស្រង់ចេញពី គេហទំព័រ CNC ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤