នៅលើផ្ទៃទឹកដ៏ភ្លឺចែងចាំងនៃបឹងទន្លេសាប ជីវិតផ្លាស់ទីដោយចង្វាក់ដ៏ស្ងប់ស្ងាត់ ទូកជាច្រើនកំពុងអណ្តែតឆ្លងកាត់បឹង គ្រួសារជាច្រើនកំពុងកសាងអនាគតនៅលើផ្ទះអណ្តែតទឹក។ យ៉ាងណាក៏ដោយ សម្រាប់ក្មេងស្រីជាច្រើននៅក្នុងសហគមន៍ទាំងនេះ ឱកាសសិក្សាសម្រាប់ពួកគេអាចមានអារម្មណ៍ថា នៅឆ្ងាយ។ ផ្លូវឆ្ងាយ ការលំបាកផ្នែកហិរញ្ញវត្ថុ និងកង្វល់អំពីសុវត្ថិភាព ជារឿយៗតែងបញ្ចប់ការសិក្សាមុនគ្រោងទុក។
ប៉ុន្តែសម្រាប់ ថេង អមរា អាយុ ១៦ឆ្នាំ ដែលជាកូនស្រីរបស់ម្ចាស់ហាងលក់គ្រឿងទេស និងផ្ទះស្នាក់នៅក្នុងសហគមន៍អណ្តែតទឹក ការអប់រំមិនមែនត្រឹមតែជាផ្លូវមួយប៉ុណ្ណោះទេ—វាជាស្ពានឆ្ពោះទៅរកឱកាស។

ក្មេងស្រីម្នាក់មកពីបឹងទន្លេសាប កំពុងឆ្ពោះទៅលើសពីនោះ
នៅក្នុងភូមិអណ្តែតទឹកព្រែកទាល់ ផ្ទះសម្បែងខ្ពស់ទាបតាមរដូវកាលនៃបឹងទន្លេសាប។ សហគមន៍នេះមានភាពរឹងមាំ និងមានធនធានធម្មជាតិជាច្រើន ប៉ុន្តែឱកាសសម្រាប់យុវជនមានដែនកំណត់។ កុមារជាច្រើនជួយគ្រួសាររបស់ពួកគេតាំងពីក្មេងវ័យ ហើយការសិក្សាបន្តលើសពីមធ្យមសិក្សាបឋមភូមិអាចមានអារម្មណ៍ដូចជា សុបិនដែលមិនអាចទៅរួច។
ផ្ទះគ្រួសាររបស់ អមរា គឺជាហាងលក់គ្រឿងទេស និងជាផ្ទះស្នាក់នៅធំល្មមមួយ ដែលស្វាគមន៍អ្នកធ្វើដំណើរមកទស្សនាសហគមន៍អណ្តែតទឹកព្រែកទាល់។ អាជីវកម្មនេះទ្រទ្រង់សមាជិកគ្រួសារចំនួនប្រាំបីនាក់ ហើយបន្ទាប់ពីឪពុកម្តាយរបស់ពួកគេប្រឈមមុខក្នុងការគ្រប់គ្រងវាតែម្នាក់ឯង បងប្អូនស្រីបីនាក់បានបោះជំហានទៅជួយ។ ថេង ធីតា ដែលជាកូនស្រីច្បងក្នុងគ្រួសារ នៅវ័យ ២៣ឆ្នាំ កំពុងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ដោយមានជំនួយពីប្អូនស្រីទាំងពីររបស់នាងដែលមានអាយុ ១៧ឆ្នាំ និង ១៥ឆ្នាំ។ របៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ គឺផ្តោតលើការរក្សាអាជីវកម្មឱ្យដំណើរការ។ ជាការងារដែលជួយគ្រួសារ ប៉ុន្តែក៏មានន័យថា ពួកគេត្រូវបោះបង់ការសិក្សា និងឱកាសដែលធ្លាប់ស្រមៃផងដែរ។
ដូចយុវនារីជាច្រើនផ្សេងទៀតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្មេងស្រីៗទាំងនោះធ្លាប់ស្រមៃមើលអនាគតហួសពីបឹងទន្លេសាប។ ធីតា ធ្លាប់ស្រមៃចង់បន្តការសិក្សាថ្នាក់ខ្ពស់។ ប្អូនស្រីកណ្តាលរបស់នាងសង្ឃឹមថា នឹងស្វែងយល់ពីជំនាញថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ទំនួលខុសត្រូវជីវិតបានបង្ខំឱ្យមានការលះបង់។ ថ្ងៃនេះ មានតែ អមរា ដែលជាប្អូនស្រីពៅ បន្តការសិក្សា ជាមួយប្អូនប្រុសពីរនាក់ទៀត ដោយមានការប្តេជ្ញាចិត្តរក្សាក្តីសង្ឃឹមរបស់គ្រួសារ និងខ្លួនឯង។
អមរា និយាយយ៉ាងស្រងូតស្រងាត់ថា «ខ្ញុំមិនចង់ចំណាយពេលពេញមួយជីវិតរបស់ខ្ញុំត្រឹមតែគ្រប់គ្រងអាជីវកម្ម[នៅលើបឹងទន្លេសាប]នេះទេ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដូច្នេះខ្ញុំអាចជួយកុមារនៅក្នុងភូមិរបស់ខ្ញុំ។»
ម្តាយរបស់នាង គឺអ្នកស្រី ព្រឿន សុភាព យល់ពីក្តីសុបិននេះ។ ឪពុកម្តាយគ្រប់រូបប្រាថ្នាចង់បានអនាគតភ្លឺស្វាងសម្រាប់កូនៗរបស់ពួកគេ។ យ៉ាងណាក៏ដោយ ការអនុញ្ញាតឱ្យពួកគេចាកចេញពីផ្ទះទៅសាលារៀននៅលើដីគោកបានបង្កការព្រួយបារម្ភ។
អ្នកស្រី សុភាព បាននិយាយថា «ពួកគេបានប្រាប់ខ្ញុំថា ពួកគេចង់រៀនបន្ត ប៉ុន្តែខ្ញុំមិនអាចឱ្យពួកគេទៅបានទេ។ នៅលើដីគោកគ្មានញាតិដែលអាចមើលថែពួកគេ។ ការរស់នៅដោយខ្លួនឯងគឺមានគ្រោះថ្នាក់។»

នៅក្នុងផ្ទះអណ្តែតទឹក លិខិតសរសើរ វិញ្ញាបនបត្រសិក្សា និងពានរង្វាន់សាលា នៅតែព្យួរនៅលើជញ្ជាំងឈើ ជាការរំលឹកពីសក្តានុពល និងសមត្ថភាពសិក្សារបស់បងប្អូនស្រីទាំងបី និងក្តីស្រមៃដែលពួកគេធ្លាប់មាន។ ធីតា និងប្អូនស្រីទាំងពីរ ត្រូវបញ្ចប់ការសិក្សាបន្ទាប់ពីថ្នាក់ទី៩ ពេលស្ថានភាពហិរញ្ញវត្ថុគ្រួសារលំបាកខ្លាំង។ នាងបានចូលមកជួយផ្គត់ផ្គង់គ្រួសារ ដោយបោះបង់ក្តីស្រមៃផ្ទាល់ខ្លួនរបស់នាងមួយឡែក។
ឥឡូវនេះ បងប្អូនស្រីទាំងនោះធ្វើការជាក្រុម។ ធីតា គ្រប់គ្រងអាជីវកម្ម និងលក់ទំនិញតាមអ៊ីនធឺណិត។ បងស្រីកណ្តាល កត់ត្រាគណនីចំណូលចំណាយដោយប្រុងប្រយ័ត្នក្នុងសៀវភៅ។ អមរា ពេលត្រឡប់ពីសាលា ជួយការងារផ្ទះ និងជួយហាង។ ការខិតខំរបស់ពួកគេរក្សាគ្រួសារ ប៉ុន្តែក៏បង្ហាញពីអ្វីដែលការអប់រំអាចបើកផ្លូវឱ្យបាន។

ការជ្រើសរើសផ្លូវផ្សេង
បន្ទាប់ពីបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យឃុំកោះជីវាំង អមរា ស្រមៃចង់បន្តការសិក្សានៅវិទ្យាល័យ។ ជម្រើសដែលនៅជិតបំផុតគឺ វិទ្យាល័យស្រុកឯកភ្នំ មានចម្ងាយជិត ៩០គីឡូម៉ែត្រ។ ការធ្វើដំណើរត្រូវការពេលវេលាយូររាប់ម៉ោង ដោយជិះទូក និងឡានតាក់ស៊ី ដែលជាការធ្វើដំណើរដ៏ហត់នឿយជារៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយ អមរា នៅតែបន្តព្យាយាម។ នាងបានសុំការអនុញ្ញាតពីម្តាយរបស់នាងដើម្បីបន្តការសិក្សាម្តងហើយម្តងទៀត។ ម្តាយរបស់នាងបានទៅមើលកន្លែងស្នាក់នៅដែលមានសក្តានុពលនៅជិតវិទ្យាល័យ ហើយបានរកឃើញអន្តេវាសិកដ្ឋានមួយ ដែលផ្តល់លំនៅដ្ឋានមានសុវត្ថិភាព និងគ្រឿងបរិក្ខារជាមូលដ្ឋានសម្រាប់សិស្សមកពីតំបន់ដាច់ស្រយាល។
លោកស្រី សុភាព រំលឹកថា «ពេលខ្ញុំទៅមើលអន្តេវាសិកដ្ឋាន ហើយឃើញសិស្សស្នាក់នៅទីនោះដោយសុវត្ថិភាព ខ្ញុំមានក្តីសង្ឃឹម។ ខ្ញុំដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំអាចរៀនសូត្រដោយសុវត្ថិភាព និងបន្តការសិក្សាដែលនាងសមនឹងទទួលបាន។»

បន្ទាប់ពីការសម្រេចចិត្តនោះ អមរា បានចូលរៀនថ្នាក់ទី១០ នៅ វិទ្យាល័យ ស្រុកឯកភ្នំ ហើយបានផ្លាស់ទៅរស់នៅអន្តេវាសិកដ្ឋាន។ អមរា ត្រូវរក្សាតុល្យភាពការសិក្សារបស់នាងជាមួយនឹងការធ្វើដំណើរទៅលេងផ្ទះនៅបឹងទន្លេសាប ពេលដែលអាចធ្វើទៅបាន។ នៅទីនោះ នាងបានជួបក្មេងស្រី ៤២នាក់ផ្សេងទៀត មកពីសហគមន៍ជនបទ និងភូមិអណ្តែតទឹក (ភូមិបាក់ព្រា និងភូមិព្រែកទាល់) —យុវនារីដែលមានក្តីសង្ឃឹម និងការប្តេជ្ញាចិត្តដូចគ្នា។ ជាលើកដំបូង នាងបានរស់នៅជាមួយមិត្តភក្តិដែលយល់ពីបញ្ហានិងក្តីស្រមៃដូចនាង។

«ការគាំទ្រពីឳពុកម្តាយ និងបងស្រី បានផ្តល់កម្លាំងចិត្តឱ្យខ្ញុំរឹងមាំ និងអាចមករៀនឆ្ងាយពីផ្ទះ» អមរា បានរៀបរាប់។ «ការអប់រំគឺមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់ខ្ញុំ។»
គោលដៅរបស់ អមរា បង្ហាញពីអំណាចនៃការអប់រំក្នុងការបង្កើតឱកាស។ គ្រូបង្រៀនអាចជំរុញមនុស្សជំនាន់ក្រោយ ផ្តល់ការយល់ដឹង និងលើកស្ទួយសហគមន៍។ សម្រាប់ក្មេងស្រីមកពីតំបន់ដែលត្រូវបានទុកចោលឆ្ងាយ ឆន្ទៈបែបនេះបង្ហាញថា ក្តីស្រមៃរបស់ពួកគេសមនឹងទទួលបានកន្លែងដើម្បីរីកចម្រើន។
ការគាំទ្រដែលផ្លាស់ប្តូរជីវិត
រយៈពេលជាងពីរទសវត្សរ៍មកហើយ គម្រោងដែលដឹកនាំដោយ អង្គការ អេដ អេ អាកស្យុង (Aide et Action / Action Education) ជាដៃគូជាមួយកម្មវិធី Education Above All Foundation’s Educate A Child program និង សហភាពអឺរ៉ុប (European Union) បានខិតខំកាត់បន្ថយឧបសគ្គក្នុងការអប់រំ។ អាហារូបករណ៍ សម្ភារៈសិក្សា និងបរិយាកាសសាលាសុវត្ថិភាពជួយឱ្យក្មេងស្រីនៅតែស្ថិតនៅក្នុងសាលា ហើយបន្តអនុវត្តក្តីស្រមៃរបស់ពួកគេ។
កម្មវិធីទាំងនេះមិនត្រឹមផ្តល់ការគាំទ្រផ្នែកធនធានប៉ុណ្ណោះទេ—វាបង្កើតឱកាសថ្មីៗ។ ពេលក្មេងស្រីអាចសិក្សា នាងទទួលបានជំនាញ និងការទំនុកចិត្ត។ ពេលនាងបញ្ចប់ការសិក្សា នាងមានសក្តានុពលក្នុងការគាំទ្រគ្រួសារ និងចូលរួមអភិវឌ្ឍសហគមន៍។

«ការអប់រំសម្រាប់ក្មេងស្រីគឺជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន» លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង បញ្ជាក់។ «ពេលក្មេងស្រីរៀន នាងទទួលបានអំណាចក្នុងការសុបិន បង្ហាញភាពដឹកនាំ និងបង្កើតការផ្លាស់ប្តូរ។»
ដំណើរជីវិតរបស់ អមរា បង្ហាញពីការពិត។ ពីផ្ទះអណ្តែតទឹកមួយនៅលើទន្លេសាប រហូតដល់ថ្នាក់រៀនមួយដែលនៅឆ្ងាយពីបឹងទន្លេសាប អមរា កំពុងបង្ហាញថា ចម្ងាយផ្លូវ និងកាលៈទេសៈមិនអាចកំណត់វាសនាទេ។ មេរៀននីមួយៗដឹកនាំ អមរា ឱ្យខិតទៅជិតគោលដៅរបស់នាង ហើយសមិទ្ធផលនីមួយៗជម្រុញទឹកចិត្តអ្នកដែលនៅជុំវិញនាង។
អមរា និយាយថា «ខ្ញុំដឹងថា វាមិនងាយស្រួលទេ។ ប៉ុន្តែការអប់រំផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹម។»
ម្តាយរបស់ អមរា ដែលធ្លាប់ខ្លាចក្នុងការអនុញ្ញាតឱ្យកូនស្រីរបស់គាត់សិក្សានៅឆ្ងាយពីផ្ទះ ឥឡូវនេះឃើញភាពខុសគ្នា។
អ្នកស្រី ថេង ភាព ទទួលស្គាល់ថា «ខ្ញុំព្រួយបារម្ភ។ ប៉ុន្តែខ្ញុំបានដឹងថា ការអប់រំគឺជាអំណោយដ៏ល្អបំផុតដែលខ្ញុំអាចផ្តល់ឱ្យ អមរា។
ក្នុងគ្រួសារមួយ ដែលឱកាសទទួលបានការអប់រំមានដែនកំណត់ បងប្អូនស្រីៗបានឈរជាមួយគ្នា ដើម្បីធានាថា យ៉ាងហោចណាស់ម្នាក់ក្នុងចំណោមពួកគេអាចបន្តការសិក្សាដល់កម្រិតខ្ពស់។
«ខ្ញុំមិនអាចបន្តការសិក្សាថែមទៀត ប៉ុន្តែខ្ញុំចង់ឲ្យប្អូនស្រីរបស់ខ្ញុំមានឱកាសដែលខ្ញុំបានខកខាន» កញ្ញា ថេង ធីតា បាននិយាយ។ «យើងនឹងខិតខំអស់ពីសមត្ថភាពដើម្បីគាំទ្រ អមរា ដើម្បីឲ្យនាងអាចសម្រេចក្តីសុបិនរបស់នាង។»

រឿងរ៉ាវនៃឱកាស
រឿងរបស់ អមរា មិនមែនជារឿងពិសេសតែមួយទេ។ នៅទូទាំង បឹងទន្លេសាប និងតំបន់ជនបទកម្ពុជា ក្មេងស្រីរាប់ពាន់នាក់កំពុងជួបបញ្ហាប្រហាក់ប្រហែលគ្នា។ ប៉ុន្តែភាពរឹងមាំរបស់ពួកគេគួរឱ្យកោតសរសើរ។ ពួកគេបែងចែកពេលវេលារវាងការទទួលខុសត្រូវ ការជម្នះឧបសគ្គ និងការបន្តព្យាយាមដើម្បីអនាគតល្អប្រសើរ។
ការរីកចម្រើនជាញឹកញាប់ចាប់ផ្តើមពីជំហានតូចៗ—ការសម្រេចចិត្តរបស់គ្រួសារក្នុងការគាំទ្រការអប់រំ ការប្តេជ្ញារបស់សហគមន៍ក្នុងការរៀនសូត្រ ឬការវិនិយោគរបស់ម្ចាស់ជំនួយគាំទ្រឱកាស។ ជំហាននីមួយៗមានសារៈសំខាន់។
ក្នុងឱកាស ទិវាអន្តរជាតិនារី រឿងរបស់ អមរា រំលឹកយើងអំពីអំណាចផ្លាស់ប្តូររបស់ការអប់រំ។ ពេលក្មេងស្រីទទួលបានឱកាសរៀន ពួកគេទទួលបានឧបករណ៍ក្នុងការរៀបចំជីវិត និងចូលរួមបង្កើតពិភពដែលមានសមភាពជាងមុន។
សម្រាប់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ លិខិតអញ្ជើញនៅតែបន្តមាន៖ បន្តវិនិយោគលើសក្តានុពល។ អាហារូបករណ៍ សម្ភារៈ និងកន្លែងសិក្សាសុវត្ថិភាព មិនត្រឹមជាជំនួយទេ—វាជាក្តីសង្ឃឹម។ ជាមួយការគាំទ្រ ក្មេងស្រីដូច អមរា អាចកសាងអនាគតដែលលើសពីបឹង និងបង្កើតការផ្លាស់ប្តូរដល់ជំនាន់ក្រោយ។
ដំណើរពីភូមិអណ្តែតទឹក ទៅថ្នាក់រៀនអាចវែងឆ្ងាយ ប៉ុន្តែវាជាដំណើរដែលមានតម្លៃ។ ហើយជាមួយការប្តេជ្ញា និងឱកាស វានាំទៅរកអនាគតដែលភ្លឺស្វាងជាងមុន៕





