កុមារភៀសសឹកជិត ៦០០នាក់ នៅបន្ទាយមានជ័យ ទទួលបានសម្ភារៈសិក្សា និងការគាំទ្រពី Action Education ខណៈបន្តរស់នៅក្នុងជំរំបណ្ដោះអាសន្ន

បន្ទាយមានជ័យ៖ ទោះបីស្ថានការណ៍តានតឹងតាមព្រំដែនកម្ពុជា-ថៃ បានធូរស្រាលមួយកម្រិតក្ដី ប៉ុន្តែផលប៉ះពាល់ផ្នែកមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ជាពិសេសកុមារ និងសិស្សានុសិស្ស ដែលត្រូវភៀសខ្លួនចេញពីលំនៅឋាននៅតែបន្តកើតមាន។ ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ ការបាត់បង់ឱកាសសិក្សា និងការខ្វះខាតសម្ភារៈសិក្សា កំពុងក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់កុមារភៀសសឹកនៅតាមតំបន់ព្រំដែន។

បន្ទាយមានជ័យ៖ ទោះបីស្ថានការណ៍តានតឹងតាមព្រំដែនកម្ពុជា-ថៃ បានធូរស្រាលមួយកម្រិតក្ដី ប៉ុន្តែផលប៉ះពាល់ផ្នែកមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ជាពិសេសកុមារ និងសិស្សានុសិស្ស ដែលត្រូវភៀសខ្លួនចេញពីលំនៅឋាននៅតែបន្តកើតមាន។ ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ ការបាត់បង់ឱកាសសិក្សា និងការខ្វះខាតសម្ភារៈសិក្សា កំពុងក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់កុមារភៀសសឹកនៅតាមតំបន់ព្រំដែន។

ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” និងក្នុងគោលបំណងមិនឱ្យកុមាររងគ្រោះដោយសារសង្គ្រាមត្រូវបោះបង់ការសិក្សា អង្គការ អាក់សិន អេឌូខេសិន (Action Education) បានបន្តបេសកកម្មមនុស្សធម៌ និងវិស័យអប់រំរបស់ខ្លួន តាមរយៈការផ្ដល់សម្ភារៈសិក្សា និងសម្លៀកបំពាក់កីឡា ជូនដល់កុមារភៀសសឹកប្រមាណជិត ៦០០នាក់ ដែលកំពុងស្នាក់នៅជំរំភៀសសឹកភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយសម្រាលការលំបាករបស់គ្រួសាររងគ្រោះ និងជួយឱ្យកុមារអាចបន្តការសិក្សារបស់ពួកគេបាន ទោះបីកំពុងស្ថិតក្នុងស្ថានភាពលំបាក និងបាត់បង់ទីជម្រកក៏ដោយ។

អង្គការ Action Education បានលើកឡើងថា ការអប់រំ មិនត្រឹមតែជាការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសង្ឃឹម និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់កុមារគ្រប់រូប ជាពិសេសកុមារដែលកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក រ័ត្ន ឬទ្ធីសាអ៊ុន ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ តំណាងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមជាមួយអង្គការ អេដ អេអាក់ស្យុង (Aide et Action) បាននាំយកអំណោយ សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាមួយចំនួន ក្នុងតំបន់រងផលប៉ះពាល់។

សាលាដែលទទួលបានការគាំទ្ររួមមាន សាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ សាលាបឋមសិក្សាបន្ទាយមានរិទ្ធ និងសាលាបឋមសិក្សាសាមគ្គីច្រក។ ក្នុងនោះ លោកគ្រូ អ្នកគ្រូចំនួន ៣០នាក់ និងសិស្សានុសិស្សសរុប ៥៧០នាក់ ទទួលបានសៀវភៅសរសេរ ២ក្បាល និងសម្លៀកបំពាក់កីឡា ១ឈុត ក្នុងម្នាក់ៗ។

ថ្លែងប្រាប់សារព័ត៌មានត្នោត កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក វន សំភាស់ នាយកអង្គការ Action Education បានលើកឡើងថា ការអប់រំ គឺជាកត្តាសំខាន់បំផុតមួយ ក្នុងការផ្លាស់ប្តូរជីវិតមនុស្ស និងការអភិវឌ្ឍសង្គមជាតិ។

លោកបានមានប្រសាសន៍ថា៖“ការអប់រំ មិនត្រឹមតែផ្លាស់ប្តូរជីវិតមនុស្សម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែអាចផ្លាស់ប្តូរសហគមន៍ និងអនាគតប្រទេសជាតិទាំងមូល។ ទោះបីជាកុមារទាំងនោះកំពុងរស់នៅក្នុងជំរំបណ្ដោះអាសន្ន ឬជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេនៅតែមានសិទ្ធិទទួលបានការអប់រំដូចកុមារដទៃទៀត”។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន អាណាព្យាបាល និងកុមារភៀសសឹកជាច្រើននៅខេត្តបន្ទាយមានជ័យ បានបាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិមួយចំនួន ដោយត្រូវផ្លាស់ទីមកស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន ដែលរៀបចំដោយអាជ្ញាធរខេត្ត។

លោក វន សំភាស់ បានបន្ថែមថា៖“យើងមើលឃើញថា ពួកគាត់មិនអាចត្រឡប់ទៅរស់នៅផ្ទះ ឬស្រុកកំណើតរបស់ពួកគេបាននៅឡើយទេ។ ដូច្នេះហើយ ទើបយើងបន្តបេសកកម្មរបស់យើងជាមួយក្រសួងអប់រំ និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រតម្រូវការចាំបាច់នានា និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបន្តបើកថ្នាក់រៀន ដើម្បីផ្ដល់ការអប់រំដល់កុមារភៀសសឹកទាំងនោះ”។

លោកក៏បានអំពាវនាវដល់អាណាព្យាបាលកុមារភៀសសឹកទាំងអស់ បើទោះបីកំពុងជួបវិបត្តិជីវភាព ការបាត់បង់ទ្រព្យសម្បត្តិ និងការលំបាកផ្លូវចិត្តយ៉ាងណាក្ដី ក៏ត្រូវបន្តលើកទឹកចិត្ត និងគាំទ្រឱ្យកូនៗបានចូលរៀន និងបន្តការសិក្សាឱ្យបានជាប់លាប់។

ជាមួយគ្នានេះ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រដល់សាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីធានាថា កុមារគ្រប់រូប ទទួលបានការអប់រំប្រកបដោយសមធម៌ និងគុណភាព។

អង្គការ Action Education បានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយក្រសួងអប់រំ អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាថា កុមារ និងយុវជនគ្រប់រូប ទោះស្ថិតក្នុងស្ថានភាពលំបាក ឬរងគ្រោះដោយសារវិបត្តិណាមួយក៏ដោយ នៅតែទទួលបានឱកាសសិក្សា ប្រកបដោយបរិយាបន្ន សមធម៌ និងគុណភាព៕


ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានត្នោត ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *