បាត់ដំបង៖ អង្គការ Action Education និងបណ្ដាសាលានៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង បានរៀបចំយុទ្ធនាការអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងសេដ្ឋកិច្ចបៃតង កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ យុទ្ធនាការនេះ រៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងតាមរយៈអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងជីវភាពរស់នៅតាមតំបន់លិចទឹកនៃបឹងទន្លេសាប ក៏ដូចជាចូលរួមអបអរទិវាអន្តរជាតិសម្រាប់តំបន់ត្រូពិក។

លោក តាត ចាន់រិទ្ធ នាយកសាលាបឋមសិក្សាកំពង់ប្រហុក យល់ថា យុទ្ធនាការនេះពិតជាមានសារៈសំខាន់ ដោយសារការផ្សព្វផ្សាយបានជួយឱ្យសិស្សានុសិស្សមានការយល់ដឹងពីបញ្ហាបរិស្ថាន ជាពិសេសបញ្ហាសំរាមនៅតាមដងស្ទឹង សាលារៀន និងវត្ដអារាម។
ជាមួយគ្នានេះដែរ លោក រី ភារម្យ នាយករងតំបន់រ៉ាមសារព្រែកទាល់ បានមើលឃើញថា នៅតំបន់បឹងទន្លេសាប រងផលប៉ះពាល់ដោយសារបញ្ហាការកាប់ព្រៃឈើ ការចោលសំរាមចូលទៅក្នុងទឹក ដែលបង្ករឱ្យមានការគោកស្ទឹង-ទន្លេ និងប៉ះពាល់ដល់ជីវចម្រុះក្នុងទឹក ដូចជាបាត់បង់ជម្រកជាដើម។ បញ្ហានេះ ត្រូវបានដោះស្រាយខណៈដែលអង្គការ សាលារៀន មន្រ្តីពាក់ព័ន្ធ សហការគ្នាក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។
ចំណែក លោក ម៉ៃ ឡូ ជាពលរដ្ឋនៅភូមិកំពង់ប្រហុក បានរៀបរាប់ថា ចិត្ដជាប្រជាពលរដ្ឋ ចង់ឃើញសហគមន៍មានអនាម័យស្អាត។ ក្នុងនាមជាអ្នកនេសាទ លោកបានបន្តថា បើកាលណាទឹកស្ទឹង-ទន្លេកាន់តែរងការបំពុលដោយសារតែការទុកដាក់សំរាមមិនបានល្អ ការកាប់បំផ្លាញព្រៃឈើនៅតែបន្ត នោះនឹងបង្ករឱ្យធនធានធម្មជាតិ និងជីវចម្រុះរងផលប៉ះពាល់ ដែលនាំឱ្យប្រជាពលរដ្ឋបាត់បង់ចំណូលពីការនេសាទដែលជាប្រពៃណីរបស់ពួកគេ។
ចំពោះកុមារី ចន្ធូ ណាវី ជាសិស្សថ្នាក់ទី៦នៅសាលាបឋមសិក្សាកោះជីវាំង បានសំណូមពរឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមថែរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានល្អ និងចូលរួមការដាំដើមឈើឡើងវិញ ចៀសវាងការកាប់បំផ្លាញ។


«ពលរដ្ឋម្នាក់ត្រូវដាំដើមឈើយ៉ាងហោចណាស់មួយដើមក្នុងមួយឆ្នាំ» នេះជាសាររបស់លោក វន សំភាស់ ប្រធានអង្គការ Action Education បានថ្លែងក្នុងកម្មពិធីបើកយុទ្ធនាការអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងសេដ្ឋកិច្ចបៃតង យ៉ាងដូច្នេះ។ ក្នុងនោះប្រធានអង្គការ Action Education ក៏បានចែករំលែកនូវចំណេះដឹងចំនួន៣ដែរ ដល់សិស្សានុសិស្ស ទី១ ការអប់រំ ទី២ បរិស្ថាន និងទី៣ សេដ្ឋកិច្ច។ ទាំងបីនេះគឺមានសារៈសំខាន់ ពីព្រោះដើម្បីកាត់បន្ថយការបំពុលតំបន់បឹងទន្លេសាបដែលពួកគេរស់នៅ ការទទួលបានសិក្សាអប់រំរបស់កុមារ និងការចំណាយរបស់ប្រជាពលរដ្ឋក្នុងការបញ្ចូនកូនទៅសាលារៀន។
ក្នុងយុទ្ធនាការនេះដែរ ក៏មានការចែកសម្ភារៈសិក្សា និងសម្ភារៈមួយចំនួនដល់សិស្សានុសិស្សនៅបណ្ដាសាលាដូចជា សាលាបឋមសិក្សាព្រែកទាល់ សាលាបឋមសិក្សាកោះជីវាំង និងសាលាបឋមសិក្សាកំពង់ប្រហុក ពីអង្គការ Action Education ក៏ដូចជាការដាំ កូនឈើផងដែរ។ យុទ្ធនាការនេះ មានការចូលរួមពី អង្គការ Action Education ប្រធានមន្ទីរ អប់រំខេត្ដបាត់ដំបង តំណាងមន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស៕
អត្ថបទដោយ៖អ៊ិវ ផានិត
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។





