ក្រសួងអប់រំចាប់យក AI ក្នុងការបង្រៀនដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនិងបន្ទប់រៀន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន បានថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំបន្ទាប់នៅថ្ងៃទី២៤ ខែកុម្ភៈនេះថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលនៅថ្ងៃនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI មកលើប្រព័ន្ធអប់រំនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។ លោកថា៖ «ការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងប្រព័ន្ធអប់រំ និងជួយកែលម្អនូវគុណភាពអប់រំនៅកម្ពុជាដើម្បីឱ្យយុវជននៅកម្ពុជាអាចទទួលបាននូវបំនិនឌីជីថល និងបំនិនបញ្ញាសប្បនិមិត្តដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ធដៃដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយនូវការវិនិយោគនូវហេដ្ឋារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់»។ លោកបន្ថែមថាកន្លងទៅក្រសួងបានបញ្ជៀបការបណ្ដុះបណ្ដាលពីការប្រើប្រាស់ AI នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងតាមសាលារៀនជំនាន់ថ្មីរួចហើយ ខណៈកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាល បរិញ្ញាបត្រ AI, Cyber Security និងវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ថែមលើនេះថ្នាលបច្ចេកវិទ្យា AI មួយដែលអាចឱ្យយុវជនកម្ពុជាចូលប្រើប្រាស់ក៏បានរៀបចំហើយផងដែរ។…