សិស្សមត្តេយ្យ និងថ្នាក់ទី៦ នៅក្រុងកែប ៣០០នាក់ ស្លៀកឯកសណ្ឋានទទួលលិខិតសិក្សាដូចសិស្សសាលាឯកជន

ការិយាល័យអប់រំក្រុងកែប បានរៀបចំពិធីប្រគល់លិខិតសិក្សាដល់កុមារដែលបានឆ្លងកាត់មត្តេយ្យសិក្សា និងសិស្សថ្នាក់ទី៦ ដែលមាននិទ្ទេស A សរុប៣០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ កាលពីថ្ងៃទី១៩ ខែកញ្ញា។ សិស្សទាំង៣០០នាក់ សុទ្ធតែស្លៀកសម្លៀកបំពាក់ឯកសណ្ឋានទទួលលិខិតបញ្ជាក់ការសិក្សា ដូចសាលាឯកជន។ ក្នុងចំណោមកុមារទាំង៣០០នាក់ ដែលចូលរួមក្នុងពិធី ប្រគល់លិខិតសិក្សាកាលពី មានសិស្សមត្តេយ្យសហគមន៍ និងមេត្តេយ្យរដ្ឋក្នុងទូទាំងក្រុងកែប ២៧០នាក់ និងសិស្សថ្នាក់ទី៦ ដែលមាននិទ្ទេស A ចំនួន៣០នាក់ ដែលពួកគេ ជាសិស្សនៅបឋមសិក្សាចំនួន៩ ក្នុងក្រុងកែប។

លោក គាត សារ៉ាក់ ប្រធានការិយាល័យអប់រំក្រុងកែប បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មូលហេតុដែលការិយាល័យអប់រំ រៀបចំឯកសណ្ឋាន និងពិធីប្រគល់លិខិតសិក្សាដល់សិស្សនេះ ព្រោះចង់លើកទឹកចិត្តដល់សិស្សានុសិស្សខិតខំសិក្សាឱ្យបានពូកែ និងចង់បង្ហាញពីតម្លៃនៃការសិក្សាថ្នាក់មត្តេយ្យសិក្សា ទៅដល់អាណាព្យាបាលសិស្សនៅទូទាំងក្រុងកែបដែរ។ លើសពីនេះ លោក គាត សារ៉ាក់ ចង់លើកទឹកចិត្តឱ្យវិស័យអប់រំរដ្ឋ ខិតខំពង្រឹងគុណភាពបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយនឹងសាលាឯកជន និងលើកកម្ពស់បរិយាបន្នក្នុងវិស័យអប់រំ។

លោក គាត សារ៉ាក់បន្ថែមដូច្នេះថា៖ «យើងមិនចង់ដើរក្រោយសាលាឯកជនទេ គឺចង់ឱ្យទាំងអស់គ្នា មានការប្រកួតប្រជែងជាមួយសាលាឯកជន ឱ្យឃើញថាយើងក្នុងផ្នែករដ្ឋក៏អាចរៀបចំចែកលិខិតបញ្ចប់ការសិក្សាដល់សិស្ស ដូចដែលសាលាឯកជន សិស្សយើងមានអ្នកពូកែច្រើន។ ជាមួយគ្នាយើងចង់ឱ្យសហគមន៍ និងអាណាព្យាបាលចូលរួម។ ហើយដើម្បីឱ្យសហគមន៍ចូលរួម យើងត្រូវជួយសហគមន៍ជាមុនសិន យើងបង្ហាញឱ្យពួកគាត់បានឃើញថាយើងធ្វើបានល្អសិន។»។

ពាក់ព័ន្ធនឹងការកំណត់និទ្ទេសរបស់ សិស្សនៅកម្រិតបឋមសិក្សាវិញ ប្រធានការិយាល័យអប់រំរូបនេះ បញ្ជាក់ថា រយៈពេល២ឆ្នាំហើយដែលការិយាល័យអប់រំក្រុងកែប តម្រូវឱ្យសាលានីមួយៗ ផ្លាស់ប្តូរ ពីការផ្តល់ចំណាត់ជាលំដាប់ លេខ (១,២,៣,៤…..) មកជាលំដាប់អក្សរឡាតាំងវិញ( A,B,C,D,E,F) ដើម្បីលើកទឹកចិត្តដល់សិស្សដែលរៀនពូកែ ឬមានពិន្ទុខុសគ្នាតែបន្តិចបន្តួច អាចទទួលបាននូវនិទ្ទេសដូចគ្នា។ សម្រាប់លោក គាត សារ៉ាក់ ការធ្វើបែបនេះ គឺអាចចៀសវាងនូវការច្រណែនគ្នារវាងសិស្ស និងសិស្ស និងកុំឱ្យអាណាព្យាបាលសិស្សមួយចំនួនអាក់អន់ចិត្តចំពោះចំណាត់ថ្នាក់របស់កូន។

លោក គាត សារ៉ាក់ ពន្យល់ដូច្នេះថា៖ «ពេលខ្លះពិន្ទុពួកគាត់លើសខ្វះគ្នាតែ១ពិន្ទុ ហើយអ្នកបានពិន្ទុលើសបានលេខ១ ម្នាក់ទៀតបានលេខ២ ពេលខ្លះសិស្សច្រណែនគ្នា។ តែនៅពេលយើងផ្តល់និទ្ទេស A, B វិញ គេនឹងបាននិទ្ទេស A ឬ B ដូចគ្នា ដែលធ្វើឱ្យបន្តប្រឹងប្រែងថែមទៀត។»។ 

នេះជាលើកទី៤ហើយ ការិយាល័យអប់រំក្រុងកែបបានរៀបចំពិធីផ្តល់លិខិតបញ្ជាក់ការសិក្សា ដែលសិស្សស្លៀកពាក់ដូចសិស្សសាលាឯកជន ដល់សិស្សសាលាមត្តេយ្យ និងជាលើកទី២ សម្រាប់សិស្សបញ្ចប់ការសិក្សាថ្នាក់ទី៦ ដែលមាននិទ្ទេស A។ ប្រធានការិយាល័យអប់រំក្រុងកែប សង្ឃឹមថា នៅពេលខាងមុខ ការិយាល័យអប់រំ ក្រុងកែប នឹងមានលទ្ធភាពពង្រីកការចែកលិខិតបន្ថែមដល់សិស្សថ្នាក់ទី៦ ដែលមាននិទ្ទេស B បន្ថែមទៀត ខណៈបច្ចុប្បន្ន សម្លៀកបំពាក់ និងធនធានមួយចំនួននៅមានកម្រិតនៅឡើយ។

ជុំវិញការៀបចំឱ្យសិស្សស្លៀកពាក់ទទួលលិខិតបញ្ជាក់ការសិក្សាដូចសិស្សសាលាឯកជននេះ គឺមានការគាំទ្រពីអង្គការ អេដ អេ អាកស្យុង (Aide et Action) និងសាលា iLEAD International។ បើតាមលោក គាត សារ៉ាក់ អង្គការអេដ អេ អាកស្យុង គឺជាអង្គការដៃគូមួយ ដែលបានជួយជ្រោមជ្រែងវិស័យអប់រំ នៅក្នុងក្រុងកែប  ដោយផ្តោតលើកុមារតូច អស់រយៈពេលជាង១០ឆ្នាំមកហើយ។ 

ការគាំទ្ររបស់អង្គការ អេដ អេ អាកស្យុង មានដូចជាការផ្តល់បណ្តុះបណ្តាល និងបច្ចេកទេស ដល់គ្រូ និងសិស្សមត្តេយ្យសហគមន៍, ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងសាលារៀន,  ការផ្ដល់អាហារូបត្ថម្ភដល់សិស្សមត្តេយ្យសិក្សា និងផ្ដល់សម្ភារសិក្សាដល់សិស្ស ក្រីក្រ ឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ការបណ្ដុះបណ្ដាលសិស្សនៅតាមសហគមន៍ ការផ្ដល់បច្ចេកទេសផ្សេងៗទាក់ទងនឹងការអប់រំ និងជំរុញការលើកកម្ពស់សុខភាព និងអនាម័យនៅតាមសាលារៀនជាដើម។ នេះបើតាមលោកគាត សារ៉ាក់៕


អត្ថបទដោយ៖ ខន ចំប៉ា

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *