World Vision៖ កុមារកម្ពុជាជាង ១ម៉ឺននាក់បានចូលរៀនវិញ ក្រោយខកខានដោយកត្តាមួយចំនួន

តាមអង្គការ អេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក World Vision ដែលធ្វើការរួមគ្នា មានកុមារចំនួន ១៤ ៣៧៨ នាក់បានចុះឈ្មោះចូលរៀនឡើងវិញគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ ក្នុងចំណោមកុមារទាំងនោះ មានខ្លះមិនធ្លាប់បានចូលរៀន ខ្លះមានលទ្ធភាពទៅរៀន តែមិនបានទៅចុះឈ្មោះ ហើយខ្លះទៀតមានលទ្ធភាពទៅរៀន និងបានចុះឈ្មោះ តែបែរជាមិនបានទៅរៀន។ ទន្ទឹមគ្នានេះ និងបើតាម World Vision នៅមានកុមារផ្សេងទៀតស្ថិតក្នុងស្ថានភាពអាសន្ន ឬមានវិបត្តិ និងបោះបង់ការសិក្សា។ ការត្រឡប់ចូលសាលាវិញរបស់កុមារដ៏ច្រើនពេលនេះដោយសារតែមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child។

អ្វីដែលអង្គការទស្សនៈពិភពលោក World Vision បានកត់សម្គាល់ឃើញ គឺកំណើនអត្រាកុមារចុះឈ្មោះចូលរៀនឡើងវិញដែលមានចំនួនច្រើនលើសពីការរំពឹងទុករបស់គម្រោងដល់ ១៦៨% និងដែល World Vision ចាត់ទុកជាជោគជ័យដ៏ធំធេងសម្រាប់យុទ្ធនាការរបស់ខ្លួន។ បើតាម World Vision សមិទ្ធិផលនេះសម្រេចទៅបានដោយសារមានការគាំទ្រសម្ភារៈសិក្សាសំខាន់ ការកសាងសមត្ថភាពជនបង្គោលក្នុងវិស័យអប់រំ យុទ្ធនាការលើកកម្ពស់ការយល់ដឹងនិងចុះឈ្មោះចូលរៀន ការរៀបចំឲ្យមានការជួបប្រជុំជាមួយអាណាព្យាបាលសិស្សនិងគ្រូបង្រៀន ការគាំទ្រសិស្សរៀនមិនទាន់គេ និងការរៀបចំវេទិកាឆ្លុះបញ្ចាំងពីការរៀនសូត្រ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការសិក្សារបស់កុមារនៅកម្រិតបឋមផងដែរ។

លោកម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា កុមារគ្រប់រូបក្នុងតំបន់គោលដៅនៃខេត្តទាំង១០ នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងថា កុមារដែលបានចុះឈ្មោះក៏នឹងទទួលបាននូវជំនួយជាសម្ភារៈសិក្សាដែរ។ ចំណែកលោក វ៉ន សម្ផស្ស នាយកអង្គការ អេដ អេ អាក់ស្យុងប្រចាំកម្ពុជាបានលើកឡើងថា ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក កុមារដែលជួបការលំបាកក្នុងគ្រួសារ និងសហគមន៍អាចទទួលបាននូវអត្ថប្រយោជន៍ពីសេវាកម្មអប់រំ។

ដោយឡែក ភាគីរដ្ឋាភិបាលតាមរយៈលោកស្រី កឹម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្តតាកែវដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាពង្រឹងគុណភាពអប់រំ និងបង្កើនការចុះឈ្មោះចូលរៀននៅទូទាំងប្រទេស។ តាមលោកស្រី កឹម គឹមអាង គម្រោងដែលអង្គការ អេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោកបានធ្វើនេះជាការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអនាគតកុមារកម្ពុជាក្រោមកិច្ចការរួមគ្នារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល៕


អត្ថបទដោយ៖ឡាក់ ច័ន្ទតារា

ដកស្រង់ចេញពី គេហទំព័រ Radio France International ចេញផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *