សៀមរាប៖ អាជ្ញាធរស្រុកពួក ក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានធ្វើការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ត្រូវជម្នះក្នុងការបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ព្រោះមានតែការអប់រំទេ ដែលអាចកែប្រែជីវិតពួកគេឲ្យបានប្រសើរឡើង។
ប្រធានកម្មវិធីអប់រំ នៃអង្គការ អេដ អេ អាក់ស្យុង(Aide et Action) លោកយិន សៀងសុមេធ នៅក្នុងកម្មវិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្រកៀត ឃុំមុខប៉ែន ស្រុកពួក នៅថ្ងៃទី០៧មិថុនានេះ លើកឡើងថា អស់រយៈពេលជាង៥ឆ្នាំមកនេះ អង្គការ អេដ អេ អាក់ស្យុង បានជួយគាំទ្រកុមារប្រមាណជាង៤ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់បានទៅសាលារៀន ជាមួយគ្នានេះ ដោយមានកាសហការជួយអង្គការដៃគូ ហើយទទួលបានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលស្រុក និងលោកគ្រូអ្នកគ្រូផងនោះ អង្គការ អេដ អេ អាក់ស្យុង បានដាក់ដំណើរការជួយបង្រៀនបំប៉នដល់កុមារតូចៗដែលរៀនយឺត និងបានជួយឲ្យពួកគាត់ទទួលបាននូវលទ្ធផលល្អប្រសើរ ដែលនេះជាផ្នែកមួយក្នុងការជួយដល់វិស័យអប់រំរបស់កម្ពុជា និងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចិរភាពនៅឆ្នាំ២០៣០ផងដែរ។
លោកសុមេធ បន្តថា ទាំងនេះគ្រាន់តែជាផ្នែកមួយតូចក្នុងការជំរុញដល់ការសិក្សារបស់កុមារ ។ ប៉ុន្តែអ្វីដែលល្អ គឺគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមទាំងអស់គ្នាដើម្បីជួយដល់កុមារកម្ពុជា។
ចំណែកលោក សែន បុរី អភិបាលរងស្រុកពួក ក៏បានលើកឡើងដែរថា ការបញ្ជូនការទៅសាលារៀន ជាការវិនិយោគមួយដ៏ធំសម្រាប់កូនៗ។ លោកថា ពិតណាស់ ប្រជាពលរដ្ឋមួយចំនួនពួកគាត់បានរស់នៅក្នុងតំបន់ដាច់ស្រយាល ប៉ុន្តែពួកគាត់បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការអប់រំ ហើយបានធ្វើគ្រប់យ៉ាងដើម្បីកូនៗបានរៀន បានចេះដឹង និងមានអនាគតល្អ។
បើទោះជាយ៉ាងនេះក្តី ទាំងលោក សែន បុរី និងលោកយិន សៀងសុមេធ នៅតែបន្តជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ត្រូវជំន្នះការលំបាកនានាដើម្បីបញ្ជូនកូនៗទៅរៀនឲ្យបានគ្រប់ៗគ្នា។ ព្រោះថា មានតែការរៀនប៉ុណ្ណោះដែលដឹកនាំអនាគតកូនៗឲ្យបានល្អប្រសើរ៕
អត្ថបទ៖ ជា ស្រស់
ដកស្រង់ចេញពី គេហទំព័រ CNC ចេញផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤