ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង, Foyer Lataste និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា បានចាប់ផ្តើមយុទ្ធនាការជិះកង់ក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ ដើម្បីអំពាវនាវដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្ដើមនាខែធ្នូ ឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ដើម្បីជំរុញឱ្យកុមារដែលងាយនឹងបាត់បង់ឱកាសក្នុងការរៀនសូត្រ ទទួលនូវលទ្ធភាពតាមរយៈសំភារសិក្សា កាបូប ថ្នាក់បំប៉ន ក៏ដូចជាកង់ និងមធ្យោបាយមួយចំនួនទៀត ដើម្បីជំរុញឱ្យពួកគាត់អាចបន្តការសិក្សាទៅមុខបានដោយមិនបោះបង់ចោល ទោះជួបការលំបាកយ៉ាងណាក៏ដោយ។
លោក ព្រំ សិលា ប្រធានទំនាក់ទំនងទូទៅ របស់អង្គការអេដ អេ អាកស្យុង បានឱ្យដឹងថា យុទ្ធនាការជិះកង់នេះ បានចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយឆ្លងកាត់ខេត្តចំនួន ៥ ជាប់បឹងទន្លេសាប ជាមួយនឹងសិស្សសាលាជាង ៥០០នាក់ តាមការកំណត់ ដោយចាប់ផ្តើមនៅទីក្រុងភ្នំពេញ និងបញ្ចប់នៅខេត្តបន្ទាយមានជ័យ ហើយកម្មវិធីនេះនឹងមានការចូលរួមប្រារព្ធជាមួយនឹងកុមារ និងមានការទទួលស្វាគមន៍ដោយ Foyer Lataste។
លោក ព្រំ សិលា បានបញ្ជាក់ថា កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងការចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក ទៅកាន់ចំណតទីមួយស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយសិស្សានុសិស្សជាងសាម ៣០នាក់ ក្នុងគោលបំណងរៀបចំកិច្ចពិភាក្សារួម ក្រោមប្រធានបទគណនេយ្យភាពសង្គម ទាក់ទងនឹងសុខភាព និងការអប់រំ។ នេះជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងការពារកុមារ និងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនៃការជួបជុំនៅក្នុងចំណតទីមួយ អង្គការ អេដ អេអាកស្យុង ចូលរួមចំណែកលើកទឹកចិត្តដល់ទម្លាប់នៃការអាន ដោយមានការចែកនូវសៀវភៅសរសេរ និងសៀវភៅអំណានទៅកាន់សិស្សានុសិស្ស។ បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុស្ទឹងសែន នៃខេត្តកំពង់ធំ ក៏ដូចជាសាលាដទៃទៀតនៅស្រុកស្ទោង និងខេត្តសៀមរាប ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងសារៈសំខាន់នៃវិស័យអប់រំ លើការអប់រំបរិយាបន្ន យុវជនស្ម័គ្រចិត្តក្នុងវិស័យអប់រំ និងជាចំណែកមួយក្នុងការផ្សព្វផ្សាយឱ្យមាន ការចុះឈ្មោះចូលរៀន ក្នុងបវេសនកាលថ្មីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។
អង្គការ អេដ អេ អាកស្យុង នឹងបន្តចូលរួមជាមួយ កម្មវិធីជិះកង់ដើម្បីការអប់រំ ពីកំពង់ឆ្នាំងទៅកំពង់ធំ និងពីកំពង់ធំទៅសៀមរាប រួមជាមួយនឹងបេសកកម្មក្នុងការបរិច្ចាគសៀវភៅជាង ១០០០ក្បាល ដល់សាលាគោលដៅទាំងអស់ក្នុងខេត្តចំនួនបី និងផ្ទះសំណាញ់មួយខ្នង ដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោកស្រី Elea Beraud តំណាងស្ថានទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា បានលើកឡើងថា សកម្មភាពនេះបានបង្ហាញពីភាពស្វាហាប់នៃកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋបារាំង និងកម្ពុជា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរៀន និងការទទួលបានការអប់រំប្រកបដោយគុណភាព ព្រមទាំងសាមគ្គីភាព និងការចូលរួមលេងកីឡា ដើម្បីសុខភាពល្អ។ សកម្មភាពទាំងនេះ ជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងវប្បធម៌ រវាងសាធារណរដ្ឋបារាំង និងកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា ដំណើរការជិះកង់រយៈពេលជាង១សប្តាហ៍ទៅមុខនេះ នឹងផ្តល់នូវអត្ថន័យយ៉ាងធំធេងដល់ការពលីទាំងឡាយក្នុងវិស័យអប់រំ ព្រោះថាការវិនិយោគក្នុងវិស័យអប់រំ ជាការវិនិយោគដល់ការអភិវឌ្ឍរបស់សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គមទាំងមូល។ កម្មវិធីនេះ ក្រោមថវិការួមគ្នារបស់កម្មវិធីអប់រំកុមារ (EAC) នៃមូលនិធិអប់រំទាំងអស់គ្នា ប្រទេសកាតា និងសហភាពអឺរ៉ុប។ អង្គការអេដ អេ អាកស្យុង បាននិងកំពុងអនុវត្តសកម្មភាពរបស់គម្រោង “ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា-CCOSC” នៅក្នុងក្របខ័ណ្ឌទូទាំង២៥ខេត្ត និងរាជធានី៕
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មាន CNC ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣