កែប៖ សត្វសមុទ្រដែលកំពុងរងគ្រោះថ្នាក់មាន ២៩ប្រភេទ បើមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទអាចរួមគ្នា អភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រទាំងនោះឲ្យបានល្អ ខេត្តកែប នឹងបំពេញគ្រប់លក្ខខណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពលទាំងអស់ ហើយភ្ញៀវទេសចរពិតជានឹងមកលេងច្រើន ជាពិសេសតាមប្រជុំកោះទាំង១៣ ដើម្បីទៅទស្សនា សត្វសមុទ្រកម្រទាំងនោះ មានសត្វផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ផ្កាថ្ម ជាដើម។
នេះជាការលើកឡើង ពីសំណាក់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីអំពីការអភិរក្សប្រទេសសត្វសមុទ្រកំពុងរង់គ្រោះថ្នាក់ ដើម្បីទេសចរណ៍ធម្មជាតិ ដែលបានរៀបចំនៅសាលាក្រុងកែប នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់សមត្ថកិច្ច មន្ត្រីជំនាញ ប្រជានេសាទនោះទេ ប៉ុន្តែប្រជាពលរដ្ឋទូទៅក៏អាចចូលរួមបាន តាមរយៈការលើកទឹកចិត្តមិនឲ្យមានការធ្វើចរាចរសត្វទាំងនោះ ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់របស់ធនធានសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ការផ្សព្វផ្សាយអំពីឧបករណ៍ហាមឃាត់ ឬខុសច្បាប់ និងទោសទណ្ឌនៃបទល្មើសនេសាទផ្សេងៗជាដើម។ បន្ថែមពីនោះ ការចូលរួមអភិរក្សសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ឲ្យមានភាពល្អប្រសើរឡើងវិញ គឺវានឹងជួយដល់ការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត។
កញ្ញា ថាប់ រចនា នាយកប្រតិបត្តិ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឲ្យដឹងថា ខេត្តកែបមានផ្សោតសមុទ្រក្បាលត្រឡោក ៣២ក្បាល ដែលបានធ្វើអត្តសញ្ញាណរួច (Photo ID) ក្នុងចំណោមសត្វផ្សោតសរុប ជាង៧០ក្បាល។ ជ្រូកទឹកសមុទ្រ “Dugong” ៤ក្បាល ល្មិចសមុទ្រ (អណ្តើក) ត្រូវបានជួយសង្គ្រោះជាង ៧០ក្បាល សេះសមុទ្រនៅតំបន់ប្រជុំកោះអាចម៍ សេះមាន ៤ប្រភេទ និងផ្កាថ្មនៅតំបន់អភិរក្ស កោះអាចម៍ សេះដែរមានចំនួន ១៥ អំបូរ។
លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ដែរថា តំបន់អភិរក្សជលផល សមុទ្រ ខេត្តកែបមាន ០៣កន្លែង នៅកោះអង្ក្រង និងកោះអាចម៍សេះ ទំហំ ១០៩ហិកតា សម្រាប់វារីសត្វ ឬ រុក្ខជាតិ ជ្រកពួន ពងកូនធំធាត់ លូតលាស់ និងតំបន់ជម្រកសុវត្ថិភាពក្ដាមសេះ នៅកោះពោធិ៍ មានចំនួន០១កន្លែង ទំហំ ៤១៦ហិកតា សម្រាប់ការពារប្រភេទវារីសត្វក្នុងដំណាក់កាលនៃវដ្ដជីវិតរបស់វា៕
អត្ថបទដោយ៖ ង៉ុង សន់
ដកស្រង់ចេញពី គេហទំព័រ CNC News ចេញផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣