កុមារជាង១ម៉ឺន៥ពាន់នាក់ដែលបាត់បង់ឱកាសសិក្សារៀនសូត្រ នឹងទទួលបានឱកាសរៀនត្រឡប់មកវិញ ក្រោមការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលធ្វើការងារទាក់ទងការកម្ពស់សិទ្ធិកុមារនៅកម្ពុជា រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៥។ កុមារទាំងនោះស្ថិតក្នុងខេត្តគោលដៅចំនួន១០ក្នុងប្រទេសកម្ពុជា។
ខេត្តគោលដៅទាំង១០នោះរួមមានៈ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ដែលគ្របដណ្ដប់ក្នុងស្រុកចំនួន៣១ នៃសាលា៦៣៨ទីតាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាងអង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលបានចុះហត្ថលេខាលើគម្រោងនេះ នៅថ្ងៃទី២៦ខែមករាម្សិលមិញ។
បើតាមអង្គការទាំងពីរ គម្រោងផ្ដល់ការអប់រំដល់កុមារបឋមគ្មានលទ្ធភាពរៀនសូត្រ ប្រើប្រាស់មូលនិធិសរុបជាង៥លាន៤ម៉ឺនដុល្លារ។ មូលនិធិនេះនឹងគាំទ្រលើសកម្មភាពមួយចំនួនដូចជាៈ សាងសង់សាលារៀនស្តង់ដាថ្មីចំនួន៨សម្រាប់កុមារបាត់បង់ឱកាសទទួលបានការអប់រំចំនួន១៥ ៩៥០នាក់ ដោយក្នុងនោះ៥០ភាគរយជាក្មេងស្រី ផ្ដល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់សិក្សាចំនួន៩០០០កញ្ចប់ដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងប្រើប្រាស់សម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀននិងតួអង្គអប់រំលើសពី៥០០០នាក់។
លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកថ្លែងថា ការជ្រើសរើសខេត្តទាំង១០ សម្រាប់អនុវត្តគម្រោងរួមគ្នាជាមួយអង្គការអេដ អេ អាក់ស្យុង នាពេលនេះ ដោយសារតែនៅតំបន់ទាំងនោះចំនួនកុមារងាយរងគ្រោះដែលពុំមានឱកាសទទួលបានការសិក្សារៀនសូត្រនៅមានច្រើន ហើយត្រូវការគាំទ្រពីស្ថាប័នដែលពាក់ព័ន្ធ។ ម្យ៉ាងតំបន់គោលដៅស្ថិតក្នុងខេត្តទាំង១០ជាតំបន់ដែលអង្គការទស្សនៈពិភពលោកបាននឹងកំពុងតែអនុវត្តកម្មវិធីឬគម្រោងដែលមានស្រាប់។
បើតាមលោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភព វិស័យអប់រំគឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពដទៃទៀត ដែលអង្គការទស្សនៈពិភពលោក កំពុងយ៉ាងចិត្តទុកដាក់ ជាពិសេសការអប់រំសម្រាប់កុមារតូចៗ។ លោកបន្ថែមថា អង្គការអន្តរជាតិមួយនេះធ្វើការងារជាមួយដៃគូរជុំវិញពិភពលោក ដើម្បីកុមារទទួលបានជិវិតពេញបរិបូរណ៌និងរីករាយពេញមួយជីវិត តាមរយៈការបំពាក់បំប៉នផ្នែកអក្ខរកម្មសម្រាប់ជីវិតរបស់កុមារ ពោលគឺបង្កើនចំនួនកុមារដែលចេះអាននិងសរសេរ៕
អត្ថបទដោយ៖ អេង គីមហុង
ដកស្រង់ចេញពី គេហទំព័រ Radio France International ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣