បាត់ដំបង៖ អក្ខរកម្ម គឺសំដៅទៅលើសមត្ថភាពនៃការអាន និងសរសេរ។ អង្គការដែលកំពុងលើកកម្ពស់ការអប់រំជឿថាអក្ខរកម្មនេះ ជាប្រទីបបំភ្លឺផ្លូវទៅរកអនាគតល្អប្រសើរមួយ សម្រាប់កុមារនៅតំបន់បឹងទន្លេសាប ខេត្តបាត់ដំបង ដែលជាតំបន់ដាច់ស្រយាល។ ពួកគេក៏សង្ឃឹមដែរថា កុមារគ្រប់រូបនឹងក្លាយជាកោសិកាសង្គមដ៏សំខាន់ ដើម្បីចូលរួមអភភិវឌ្ឍន៍សង្គម តាមរយៈផ្នត់គំនិត «ការអប់រំពេញមួយជីវិត»។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅលើផ្ទៃបឹងទន្លេសាប មានសហគមន៍នេសាទជាច្រើនគ្រួសារ ដែលបានរស់នៅរាប់ជំនាន់មកហើយ។ ខេត្តបាត់ដំបង ជាខេត្តមួយស្ថិតក្នុងចំណោមខេត្ត៤ទៀត នៃបឹងទន្លេសាប ដែលការអប់រំរបស់ពលរដ្ឋ ពិសេសកុមារនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងការអប់រំនៅតំបន់ផ្សេងទៀតនៅក្នុងប្រទេស។
យ៉ាងណាក៏ដោយ កម្រិតអប់រំរបស់កុមារតំបន់នេះ ហាក់មានសញ្ញាកើនឡើងជាវិជ្ជមានបន្តិចម្តងៗ ស្របពេលអាណាព្យាបាលមួយចំនួន ចាប់ផ្ដើមបង្ហាញឆន្ទៈ ក្នុងការជំរុញកូនៗរបស់ពួកគេ រៀនបានខ្ពស់ជាងមុន យ៉ាងហោចណាស់ ត្រឹមកម្រិតអនុវិទ្យាល័យ។
បច្ចុប្បន្នក្រៅពីរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ មានអង្គការក្រៅរដ្ឋាភិបាល ប៉ុណ្ណោះដែលកំពុងជួយដល់ការអប់រំ នៅតំបន់បឹងទន្លេសាបនេះ។ ពួកគេ ជួយលើតម្រូវការមូលដ្ឋានចម្បងៗ ដូចជាការកសាងអគារសិក្សា បណ្ណាល័យ សម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរជាដើម។
មួយក្នុងចំណោមការអប់រំ លើបឹងទន្លេសាប គឺការលើកកម្ពស់ការអាន ដែលជាផ្នែកមួយដ៏សំខាន់ នៃអក្ខរកម្មនៅកម្ពុជា។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ដែលកំពុងដាក់គម្រោងជួយនៅតំបន់នេះ ជឿថាអក្ខរកម្ម ជាផ្លូវបំភ្លឺផ្លូវមួយ សម្រាប់អនាគតរបស់កុមារនៅតំបន់បឹងទន្លេសាប។
អង្គការអុកស្វាម ដែលកំពុងមានសកម្មភាព ជួយទៅដល់វិស័យអប់រំ នៅតាមបណ្ដាខេត្តគោលដៅនៅបឹងទន្លេសាប ក្នុងនោះក៏មានខេត្តបាត់ដំបង តាមរយៈអង្គការអនុវត្តគម្រោងរបស់ខ្លួន។ តាមរយៈកិច្ចការងារកន្លងមក កស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ជឿថា អក្ខរកម្ម គឺមានសារៈសំខាន់គ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាតំបន់បឹងទន្លេសាប ដើម្បីកសាងអនាគត សម្រាប់សហគមន៍នៅទីនេះ ជាពិសេសកុមារ។
អក្ខរកម្ម គឺសំដៅទៅលើសមត្ថភាព នៃការអាន និងសរសេរបាន របស់បុគ្គលម្នាក់ៗ។ «ប្រសិនបើខ្វះអក្ខរកម្ម ខ្ញុំគិតថាការប្រស្រ័យទាក់ទង និងការរស់នៅ នៅក្នុងសង្គមរបស់បងប្អូនយើង នឹងមានការលំបាកជាខ្លាំង។ នៅតំបន់បឹងទន្លេសាបវិញ ឪពុកម្ដាយជាច្រើន មិនអាចអានបាន មិនអាចសរសេរបាន ហើយពួកគាត់មិនអាចបង្រៀនកូនគាត់បានទេ។ (ដូច្នេះ)អក្ខរកម្ម គឺសម្រាប់ជីវភាពរស់នៅ សម្រាប់ឱកាសការងារ និងសម្រាប់បង្រៀនតគ្នា»។ នេះជាការលើកឡើងរបស់អ្នកស្រី ភាណ សោភ័ណ ទៅលើតួនាទីសំខាន់ នៃអក្ខរកម្ម ក្នុងតំបន់បឹងទន្លេសាប។
អ្នកស្រីបង្ហាញសុទិដ្ឋិនិយមថា សមត្ថភាពការអាន និងសរសេរ របស់កុមារនៅបឹងទន្លេសាប ជាផ្លូវមួយ នឹងដឹកនាំកុមារនៅបឹងទន្លេសាប ចៀសឆ្ងាយពីអន្លង់អវិជ្ជា និងជាពន្លឺបំភ្លឺដឹកនាំពួកគេ ទៅកាន់អនាគតមួយល្អប្រសើរ។ ភ្ជាប់ជាមួយនឹងកុមារៗនៅបឹងទន្លេសាប នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជារូបនេះថា អក្ខរកម្ម ក៏សំខាន់សម្រាប់អាណាព្យាបាល ឬពលរដ្ឋក្នុងសហគមន៍បឹងទន្លេសាបដូចគ្នា។ អ្នកស្រីថាអក្ខរកម្ម មិនត្រឹមតែជាឱកាសការងារ និងប្រាក់ចំណូល ទំនាក់ទំនងប៉ុណ្ណោះទេ តែថែមទាំងចូលរួមយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹងពីជំនាន់មុន មកជំនាន់ក្រោយ។
ត្រង់ចំណុចនេះ អ្នកស្រី បានផ្ដល់តម្លៃយ៉ាងខ្លាំងលើ ការផ្ទេរចំណេះដឹងពីអាណាព្យាបាលសិស្ស មកកាន់សិស្ស។ នេះជាការផ្ទេរចំណេះដឹងមួយ ដែលមានប្រសិទ្ធិភាពមួយ ក្រៅពីការអប់រំពីសាលា ដោយលោកគ្រូអ្នកគ្រូ។
អ្នកស្រីបញ្ជាក់៖ «អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការប្រាស្រ័យទាក់ទង និងជីវភាពប្រចាំថ្ងៃ របស់បុគ្គលគ្រប់រូប។ ពិសេសស្ត្រីប្រសិនបើគាត់ចេះអាន និងសរសេរ គាត់អាចបង្រៀនកូនៗបាន ហើយបុរសគាត់ចេះអានចេះសរសេរ គាត់អាចរកការងារធ្វើបាន។ ដូច្នេះអក្ខរកម្ម គឺសម្រាប់ជីវភាពរស់នៅ សម្រាប់ឱកាសការងារ សម្រាប់បង្រៀនតគ្នា ដល់កូនជំនាន់ក្រោយ»។
ដោយមើលឃើញថា អក្ខរកម្ម ដែលជាផ្នែកសំខាន់មួយនៃការអប់រំនេះ បច្ចុប្បន្នអង្គការអុកស្វាម បានសហការជាមួយអង្គការដៃគូចំនួន៣ ក្នុងការលើកបង្កឱ្យមានបរិយាបន្ន លើកកម្ពស់វិស័យអប់រំ នៅបឹងទន្លេសាបនេះ ដើម្បីប្រាកដថា កុមារតូចៗនៅតំបន់បឹងទន្លេសាប អាចមានឱកាសទទួលបានការអប់រំពេញលេញ ដូចកុមារដទៃក្នុងប្រទេសកម្ពុជាដែរ។
តាមរយៈសកម្មភាពកន្លងមក អ្នកស្រីមើលឃើញថា វិស័យអប់រំនៅបឹងទន្លេសាប កំពុងធ្វើដំណើរទៅមុខម្ដងបន្តិចៗ ជាវិជ្ជមាន។ តែទន្ទឹមនឹងការអភិវឌ្ឍ បញ្ហាប្រឈមនៅតែមាន សម្រាប់វិស័យអប់រំ នៅតំបន់បឹងទន្លេសាបនេះ។
អ្នកស្រីពន្យល់៖ «ទី១យើងបានជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធសាលា, យើងផ្ដល់នូវបន្ទប់អនាម័យ, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធសូឡា។ ទន្ទឹមនឹងនោះដែរ ដែគូរបស់យើងបានពង្រឹងសមត្ថភាពគ្រូ ដើម្បីឱ្យសមត្ថភាពពេញលេញ»។
ក្រៅពីការអប់រំក្នុងសាលា អ្នកស្រីក៏មើលឃើញដែរថា កុមារនៅតំបន់នេះ កំពុងប្រឈមនឹងកង្វះលើចំណេះដឹងសុខភាព និងអនាម័យ។ បញ្ហានេះ អង្គការអុកស្វាម ក៏កំពុងអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះក្រោយជំនួយថវិកាពីសហភាពអឺរ៉ុប (EU)។
ដោយឡែក លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការអេដ អេ អាកស្យុង Aide et Action (AEA) ក៏បង្ហាញពីការគាំទ្រលើការលើលើកកម្ពស់ សមត្ថភាពអាន និងសរសេរ សម្រាប់កុមារនៅតំបន់បឹងទន្លេសាបផងដែរ។ លោកថា អក្ខរកម្មជាមូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់ពួកគេផងដែរ។
លោក វន សំភាស់ បន្ថែមដូច្នេះ៖«ការដែលយើងគាំទ្រកុមារឱ្យមានសមត្ថភាព និងចូលចិត្តអាន និងសរសេរ គឺជាការផ្ដល់នូវមូលដ្ឋានគ្រឹះនៃការរៀនសូត្រ និងអនាគត ហើយវាអាចនាំឱ្យផ្លាស់ប្ដូរជីវិត និងអនាគតរបស់ពួកគាត់។»។
ដោយអក្ខរកម្ម នឹងបង្កើតការផ្លាស់ប្ដូរក្រោមរូបភាពធំមួយ សម្រាប់កុមារៗនៅទីនោះ AEA សហការជាមួយអង្គការដែគូផ្សេងទៀត សហការគ្នាបង្កើតសកម្មភាពលើកកម្ពស់ការអប់រំនៅក្នុង និងក្រៅតំបន់បឹងទន្លេសាប ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងបន្ទាយមានជ័យ នៅតាមសាលាចំនួនជាង២០០ នៅកម្រិតថ្នាក់មត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា។
បើតាមលោក សំភាស់ គម្រោងជាច្រើនត្រូវបានអនុវត្ត ទាំងការផ្ដល់ ឬជួសជុសហេដ្ឋារចនាសម្ព័ន្ធសាលា, សម្ភារៈសិក្សា, អាហារូបករណ៍, អាហារពេលព្រឹក, បណ្ដុះបណ្ដាលគ្រូបង្រៀន និងការគាំទ្រដោយផ្ទាល់លើសហគមន៍ផងដែរ។
តាមរយៈការអនុវត្តកន្លងមក នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (AEA) មើលឃើញពីវឌ្ឍនភាព លើកិច្ចការទាំងនោះ។ លោកអះអាងដូច្នេះ៖ «យកមើលឃើញពីវឌ្ឍនភាពប្រែប្រួលជាច្រើន ដូចជាការយកចិត្តទុកដាក់លើការបង្រៀន របស់លោកគ្រូអ្នកគ្រូ, អត្រាចូលរៀនរបស់សិស្សមានការប្រែប្រួលជាវិជ្ជមាន, លទ្ធផលការសិក្សារបស់កុមារមានកំណើន, ការបោះបង់ការសិក្សាបានថយចុះ»។ លោកបន្ត៖«ឯអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើការងារអប់រំច្រើនជាងមុន»។
ទន្ទឹមនឹងការអភិវឌ្ឍទៅមុខ អង្គការ AEA នឹងបន្តគាំទ្រកុមារ និងសាលរៀន នៅតាមសហគមន៍នេសាទ និងសហគមន៍បឹងទន្លេសាប សហគមន៍នេសាទនៅតំបន់ឆ្នេរ និងសហគមន៍នេសាទដទៃទៀត ដើម្បីឱ្យពួកគេទទួលបានកាអប់រំប្រកបដោយសមធម៌ និងគុណភាព។
លោកក៏សង្ឃឹមដែរថា ការចូលរួមចំណែករបស់អង្គការ AEA នៅពេលនេះ នឹងធ្វើឱ្យកុមារកម្ពុជា ក្លាយជា កោសិកាសង្គម និងចូលរួមចំណែកជួយដល់សង្គមជាតិកម្ពុជា ឱ្យក្លាយជាសង្គមមានសេចក្ដីថ្នៃថ្នូ ការចែករំលែក វឌ្ឍនភាព និងជាសង្គមដែពោរពេញដោយផ្នត់គំនិតសិក្សាពេញមួយជីវិត៕
អត្ថបទដោយ៖ ស៊ុល រ៉វី
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤