កំពត៖ ប្រជានេសាទ៨គ្រួសារ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត កំពុងសាកល្បងចិញ្ចឹមអយស្ទ័រតាមធម្មជាតិ។ ការងារនេះគាំទ្រដោយអង្គការ អេដ អេ អាកស្យុង និងអនុវត្តគម្រោងដោយអង្គការ MCC ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប។
លោក កើត ម៉ាត់ត្រហេត ប្រធានថ្នាក់តំបន់របស់អង្គការ អេដ អេ អាកស្យុង បានឱ្យដឹងថា ការចិញ្ចឹមអយស្ទ័រ គឺជាគម្រោងសាងល្បងថ្មីដែលទើបអនុវត្តបានប្រហែល១ឆ្នាំ។ បច្ចុប្បន្ន គម្រោងនេះ មានពលរដ្ឋ៨គ្រួសារកំពុងចិញ្ចឹមអយស្ទ័រ ចំនួន៧បែរ ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញនៃអង្គការ MCC។ អយស្ទ័យ ត្រូវការពេលវេលា១ទៅ២ឆ្នាំ ទើបអាចប្រមូលផលបាន។ ផុតដំណាក់កាលដំបូងនេះ អយស្ទ័រ នឹងបន្តកំណើតហើយហុចផលជាបន្តបន្ទាប់ មិនចាញ់ការនេសាទពីសមុទ្រនោះទេ។
ប្រធានថ្នាក់តំបន់របស់អង្គការ អេដ អេ អាកស្យុងរូបនេះ យល់ថា បើគម្រោងនេះជោគជ័យ វានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ព្រោះការចិញ្ចឹមអយស្ទ័រងាយស្រួល ចំណាយពេលថែទាំ និងដើមទុនតិច និងមិនសូវមានហានិភ័យ ដូចនឹងការនេសាទសមុទ្រ។ លើសពីនេះ វាក៏បានផ្ដល់ប្រាក់ចំណូលសមរម្យដល់ពលរដ្ឋដែលជាសមាជិកផងដែរ។
លោក ប្រាប់ដូច្នេះថា៖«ជាទូទៅពលរដ្ឋតែងតែចេញទៅនេសាទអយស្ទ័រនៅសមុទ្រ ដូច្នេះពួកគាត់ត្រូវចំណាយកម្លាំង និងពេលវេលាយូរ។ ខ្ញុំគិតថា ប្រសិនបើ គម្រោងចិញ្ចឹមអយស្ទ័រនេះបានជោគជ័យ គឺពួកគាត់ងាយស្រួលជាងមុន ដោយសារវានៅជិតផ្ទះ មិនសូវហត់ ចំណាយពេលវេលាតិច ងាយស្រួលមើលថែ ហើយបានប្រាក់ចំណូលទៀត»។
លោក ហង់ មាលី អ្នកចិញ្ចឹមអ័យស្ទ័រម្នាក់ចំណោម៨នាក់ផ្សេងទៀត បានឱ្យដឹងថា ការចិញ្ចឹមអយស្ទ័រមានភាពងាយស្រួល ដោយគ្រាន់តែធ្វើបែរពីឫស្សី ហើយសំបកអយស្ទ័រនៅលើដាក់ខ្សែដាក់ចូលទៅក្នុងទឹកសមុទ្រ។ អយស្ទ័រ នឹងបន្តកំណើតនៅលើខ្សែដែលបានដាក់នោះ។
ពលរដ្ឋក្នុងភូមិព្រែកអំពិល ភាគច្រើនជាអ្នកនេសាទអយស្ទ័រ។ ក្នុងមួយថ្ងៃ ពួកគេអាចរកចំណូលបានប្រមាណ១០ម៉ឺនរៀលពីការងារនេសាទនេះ។
បើតាមលោក ហង់ មាលី ប្រសិនបើការចិញ្ចឹមអយស្ទ័រនេះដំណើរការល្អ លោកអាចផ្អាកកាារងារនេសាទ ហើយផ្លាស់ប្ដូរមកចិញ្ចឹមវិញ។ នេះជាការលើកឡើងរបស់លោក ហង់ មាលី ដោយបន្ថែមដូច្នេះថា៖«ប្រជាជននៅតំបន់នេះ(ព្រែកអំពិល) ភាគច្រើន ប្រកបតែរបរនេសាទអយស្ទ័រ។ ឥឡូវ ខ្ញុំសាកល្បងចិញ្ចឹមថាតើ វាចំណេញ ឬអត់ ដូច្នេះ ប្រសិនបើជោគជ័យ ប្រហែលខ្ញុំឈប់នេសាទ ប្ដូរមកចិញ្ចឹមវិញហើយ ព្រោះវាងាយស្រួលជាង»។
អត្ថបទដោយ៖ ឈុំ ចន្ថា
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤