មន្ត្រីអប់រំជិត៥០០នាក់ ទទួលការពង្រឹងសមត្ថភាពបង្រៀនពីសៀវភៅមុខវិជ្ជា«អប់រំសុខភាព»

សៀមរាប៖ គ្រូបង្រៀនកម្រិតបឋមសិក្សាថ្នាក់ទី១ និងទី៤ និងមន្ត្រីអប់រំ ចំនួន៤៤៨នាក់ ទទួលបានការបណ្ដុះបណ្ដាល ពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជា «អប់រំសុខភាព»។ សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាគោល ដោយកំណត់ ១ម៉ោង ក្នុង១សប្តាហ៍ចាប់ពីថ្នាក់ទី១ ដល់ទី១២។ សៀវភៅ «អប់រំសុខភាព» ជាមុខវិជ្ជាមួយដែលសិស្ស នឹងសិក្សាអំពីមូលហេតុ ការបង្ការ ការថែទាំសុខភាព និងការពារពីគ្រោះមហន្តរាយផ្សេងៗ ពោលគឺផ្តោតសំខាន់ទាំងសុខភាព និងសុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។

អង្គការ អេដ អេ អាកស្យុង(AEA) និងគម្រោងសហគមន៍នេសាទបង្កើតការងារជា សេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ ដែលដឹកនាំដោយអង្គការអុកហ្វាម និងអង្គការដៃគូ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ដល់គ្រូបង្រៀនថ្នាក់ទី១ និងទី៤ និងមន្ត្រីអប់រំចំនួន ៤៤៨នាក់។ 

វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះ ត្រូវបានបានធ្វើឡើងរយៈពេល៥ថ្ងៃ តាមប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់ ដោយចាប់ផ្ដើម កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២៤នេះ នៅក្នុងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប។

គ្រូ និមន្ត្រីដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមកពីសាលាចំនួន២២៤ ដែលស្ថិតក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពត កែប កោះកុង និងខេត្ត ព្រះសីហនុ។  

លោក វន់ សំភាស់ ប្រធានអង្គការ AEA បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ AEA ចេញផ្សាយនៅថ្ងៃទី៣០មេសាថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពសំខាន់ៗ នៃការអប់រំសុខភាពតាមសាលារៀន តាមរយៈការពង្រឹងសមត្ថភាពរៀបចំផែនការបង្រៀនជាក់លាក់ ដល់គ្រូបង្រៀន និងការអនុវត្តកម្មវិធីសិក្សា នៅតាមបណ្ដាសាលានីមួយៗ។ 

សម្រាប់ប្រធានអង្គការ AEA  គ្រូបង្រៀនកម្រិតបឋមសិក្សា អាចមានឥទ្ធិពលក្នុងការជំរុញ សិស្សានុសិស្ស ឱ្យធ្វើសេចក្តីសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីសុខភាព និងអនាម័យរបស់ពួកគេ បណ្ដុះទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ពួកគេពេញមួយជីវិត។ «ខ្ញុំសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីឱ្យលោកគ្រូ មន្ត្រីអប់រំ យល់កាន់តែច្បាស់ ដើម្បីកៀងគរ សហការគ្នាធ្វើឱ្យសេវាទឹកស្អាត និង អនាម័យ និងការអប់រំបំណិនជីវិត កាន់តែប្រសើរសម្រាប់ទាំងអស់គ្នា»។ លោក វន់ សំភាស់ បញ្ជាក់បន្ថែមដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AEA ដែលចេញផ្សាយ នៅថ្ងៃទី៣០ ខែមេសា។ 

ទាក់ទងនឹងការរៀបចំកាលវិភាគវិញ លោក ជា ចន្ទ័តារ៉ា ប្រធានប្រតិបត្តិការ និងធនធានមនុស្ស នៃអង្គការ AEA បានប្រាប់សារព័ត៌មានថ្មីៗថា វគ្គបណ្ដុះបណ្ដាលនេះ បែងចែកជាបីវគ្គ (២ថ្ងៃ+២ថ្ងៃ+១ថ្ងៃ) សម្រាប់កម្រិតថ្នាក់ទី១ និងទី៤ ដោយអនុលោមតាមកម្មវិធី ដែលនាយកដ្ឋានជំនាញរៀបចំ។

នាថ្ងៃបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល កាលពីថ្ងៃទី៣០ ខែមេសា នៅសាលាគរុ កោសល្យ និងវិក្រឹតការខេត្តសៀមរាប លោក ជា ចន្ទ័តារ៉ា ថ្លែងប្រាប់សារព័ត៌មានថ្មីៗទៀតថា លោកមានជំនឿថា គ្រូ និងមន្ត្រីអប់រំ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងចេះរៀបចំផែនការបង្រៀន និងរបៀបវាយតម្លៃដំណើរការសិក្សា ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណវុឌ្ឍិបង្រៀនរបស់ខ្លួន។ 

លោក ជា ចន្ទ័តារ៉ា បន្ថែម៖ «យើងរំពឹងថា លោកគ្រូអ្នកគ្រូ ដែលគាត់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គាត់ត្រឡប់ ទៅវិញគាត់អាច ទីមួយធ្វើការរៀបចំផែន ការបង្រៀនតាមសាលាគោលដៅរបស់គាត់ លើ មុខវិជ្ជាអប់រំសុខភាព។ ទីពីរ សិស្សានុ សិស្ស ទទួលបានចំណេះដឹងពីលោកគ្រូអ្នកគ្រូ គាត់ អាចយល់ដឹងពីវិធីសាសាស្ត្រ បង្ការ ការពារ ពីជំងឺផ្សេងៗ»។  

កញ្ញា គង់ រឿននិមល ជាគ្រូបង្រៀនថ្នាក់ទី៤ម្នាក់ នៅសាលាបឋមសិក្សាអារញ្ញសាគរ ក្រុងសៀមរាប ខេត្តសៀមរាប និងជាសិក្ខាកាមម្នាក់ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ អ្នកគ្រូ និមល បានប្រាប់សារព័ត៌មានថ្មីៗថា វគ្គបណ្ដុះបណ្ដាលនេះ បានជួយអ្នកគ្រូយល់ដឹងបន្ថែម ពីវិធីសាស្ត្របង្រៀនថ្មីៗ ដែលធ្វើឱ្យការបង្រៀនកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យសិស្សចាប់អារម្មណ៍លើការសិក្សាមុខវិជ្ជា «អប់រំសុខភាព»។

ក្រៅពីចេះពីការរៀបចំផែនការបង្រៀន, វិធីសាសាស្ត្របង្រៀន និងប្រើប្រាស់សៀវភៅគោល អ្នកគ្រូ កញ្ញា គង់ រឿននិមល អះអាងទៀតថា ខ្លួនក៏បានទទួលបានចំណេះដឹងបន្ថែម ពីការបង្ការ និងការពារពីជំងឺផ្សេងៗ ហើយដែលវាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ 

លោកស្រី ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យរៀបចំ ផែនការ និងកាលវិភាគសម្រាប់បណ្ដុះបណ្ដាលជំនាញនេះបន្ត ក្នុងសាលារៀនរៀងៗខ្លួន ដោយប្រើប្រាស់ប្រធានបទជាអាទិភាពតាមតំបន់ ឬតាមសៀវភៅសិក្សាគោល ដើម្បីលើកកម្ពស់កម្មវិធីសុខភាពសិក្សា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការ AEA ។ 

គួរជម្រាបផងដែរថា  វគ្គបណ្ដុះបណ្ដាលនេះ សហការរៀបចំដោយ អង្គការ អេដ អេ អាកស្យុង និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងកម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ ដឹកនាំដោយអង្គការអុកហ្វាម ក្នុងភាពជាដៃគូជាមួយអង្គការ Education Above All, អង្គការ Educate A Child, សហភាពអឺរ៉ុប (EU), អង្គការដៃគូប្រចាំតំបន់ និងសម្របសម្រួលដោយមន្ត្រីជំនាញនៃនាយកដ្ឋានសុខភាពសិក្សា។ 

គិតចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC)វគ្គពីរ បានដឹកនាំសកម្មភាពបង្កើនសមត្ថភាពអប់រំដល់តួអង្គសំខាន់ៗ ដល់គ្រូបង្រៀនបឋមសិក្សាសរុប ១០ ១០៧នាក់ ក្នុងនោះស្រីចំនួន ៥ ៣១៤នាក់។ សកម្មភាពនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់មន្ត្រីអប់រំ លើ វិធីសាស្ត្របង្រៀនផ្ដោតលើកុមារ, វិន័យជាវិជ្ជមាន, ការគ្រប់គ្រងថ្នាក់រៀន, ការអប់រំបរិយាបន្ន, ការអប់រំពិសេសការការពារពីការរំលោភបំពានកុមារ និងជំនាញបំណិនជីវិត ជាដើម។ ការបណ្ដុះបណ្ដាលទាំងនេះ បានអនុញ្ញាតឱ្យគ្រូបង្រៀន ឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ពួកគេក្នុងការអនុវត្តជំនាញថ្មី ក្នុងថ្នាក់បង្រៀន៕


អត្ថបទដោយ៖ ស៊ុល រ៉វី

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *