ភ្នំពេញ៖ សាលារៀនទន្សាយ សហការជាមួយអង្គការអេដ អេ អាក់ស្យុង បានបើកវគ្គបណ្តុះបណ្តាភាសាសញ្ញា ដល់គ្រូបង្រៀនកុមារពិការសតិបញ្ញា និងអាណាព្យាបាល។ វគ្គបណ្តុះបណ្តានេះ គឺដើម្បីផ្សព្វផ្សាយពីទិវាភាសាសញ្ញាអន្តរជាតិ។ ក្នុងវគ្គសិក្សានេះ នឹងធ្វើឱ្យជនប្រុសស្រីទាំងអស់ ទាំងក្នុង និងក្រៅសាលា បានឈ្វេងយល់ពីរបៀបទំនាក់ទំនង និងពន្លឿនការប្រាស្រ័យទាក់ទងជាមួយជនមានពិការភាពគថ្លង់ ល្អជាងមុននៅក្នុងសង្គមរស់នៅ។
នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀនទន្សាយ សហការជាមួយអង្គការអេដ អេ អាក់ស្យុង បានបើកវគ្គបណ្តុះបណ្តាលភាសាសញ្ញា ជាលើកដំបូងនៅសាលារៀនទន្សាយ ដោយមានសិក្ខាកាមប្រមាណ២០នាក់ចូលរួម។ ការបង្រៀននេះ បានផ្តោតសំខាន់លើថ្នាក់មូលដ្ឋាននៃភាសាសញ្ញា និងភាសាសញ្ញាប្រើប្រាស់ទូទៅប្រចាំថ្ងៃ។ ភាសាសញ្ញា ជាភាសាពិតប្រាកដមួយដែលបានចងក្រងសម្ព័ន្ធនៃពាក្យ និងវេយ្យាករណ៍ដូចភាសានានាដែរ ដោយមានកាយវិការជាសញ្ញាសម្គាល់។ ជនមានពិការភាពគថ្លង់ នឹងអាចទំនាក់ទំនងជាមួយមនុស្សធម្មតាបានស្រួលជាងមុន ហើយនេះក៏បានបញ្ជាក់ពីការមិនរើសអើងជនមានពិការភាពគថ្លង់ផងដែរ។
អ្នកស្រី ឡៅ សុខិតា អនុប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវ ព័ត៌មាន និងបណ្ណាល័យ និងជាគ្រូបង្គោល ក្នុងវគ្គបណ្តុះបណ្តាល បានផ្តោតសំខាន់លើមេរៀនថ្នាក់មូលដ្ឋានអំពីការស្វែងរកមេរៀននៃភាសាសញ្ញាដោយខ្លួនឯង ការបង្ហាញពីព្រួញចលនានៃសញ្ញា និងអត្ថន័យនៃសញ្ញានីមួយៗ ដែលសម្រាប់ប្រើប្រាស់ជាមួយជនមានពិការភាពគ ថ្លង់ ប្រចាំថ្ងៃ។ ចំពោះភាសាសញ្ញា ត្រូវការការអនុវត្តច្រើន ពិសេសអនុវត្តន៍ផ្ទាល់ជាមួយជនមានពិការភាពគថ្លង់។
លោកស្រី ឡៅ សុខិតា បានបញ្ជាក់ថា៖«ការបើកវគ្គបណ្តុះបណ្តាលដល់អាណាព្យាបាល ក៏ដូចជាគ្រូបង្រៀនកុមារពិការសតិបញ្ញា បានផ្តល់អត្ថប្រយោជន៍ជាខ្លាំង ជាពិសេសអ្នកដែលមិនធ្លាប់បានសិក្សាភាសាសញ្ញាពីមុនមក។ រយៈពេល២០ឆ្នាំលើការបង្រៀននេះ ខ្ញុំយល់ថា ភាសាសញ្ញា មានសារសំខាន់សម្រាប់ជនមានពិការភាពគថ្លង់ ដែលយើងបង្ហាញទៅគាត់ ជាការផ្តល់ព័ត៌មានទៅពួកគាត់។ ប្រសិនបើគ្មានភាសាសញ្ញានោះទេ ច្បាស់ណាស់ថា ពួកគេមិនអាចដឹងពីអ្វី ដែលអ្នករាល់គ្នាចង់ប្រាប់ទៅកាន់ពួកគាត់នោះឡើយ។»។
ក្នុងនាមជាគ្រូបង្រៀនភាសាសញ្ញា អ្នកស្រី ឡៅ សុខិតា សប្បាយចិត្តជាខ្លាំងដែលជាចំណែកមួយ បានចូលរួមបណ្តុះបណ្តាលមនុស្សនៅជុំវិញខ្លួនរបស់អ្នកស្រី ឱ្យបានចេះដឹងពីភាសាសញ្ញា។ អ្នកជំនាញរូបនេះ ក៏លើកទឹកចិត្តសាធារណជន បើកចិត្តសិក្សាពីភាសាសញ្ញានេះ។ ការយល់ដឹងពីភាសាសញ្ញា នឹងរួមចំណែកលុបបំបាត់ទង្វើរើសអើងលើជនមានពិការភាពគថ្លង់ និងជំរុញដល់ការប្រាស្រ័យទាក់ទងក្នុងសង្គម កាន់តែប្រសើរ។
កញ្ញា ហេង គឹមលី គ្រូបង្រៀនកុមារពិការសតិបញ្ញា នៅសាសារៀនទន្សាយ ក៏ជាសិក្ខាកាមមួយរូប ដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្តានេះ។ ជាលើកដំបូងរបស់កញ្ញា ដែលបានសិក្សាអំពីភាសាសញ្ញា។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះ បានរៀបរាប់ថា មូលហេតុដែលកញ្ញាចូលរៀនវគ្គបណ្តុះបណ្តាលនេះ ក៏ព្រោះកញ្ញាចង់ចេះ ដើម្បីអាចទៅទំនាក់ទំនងជាមួយជនមានពិការភាពគថ្លង់។ នៅពេលបានជួបជាមួយជនមានពិការភាពគថ្លង់ ហើយមិនចេះភាសាសញ្ញា គឺពិបាកណាស់។
កញ្ញា ហេង គឹមលី បន្តបែបនេះ៖«ខ្ញុំគិតថា បន្ទាប់ពីខ្ញុំរៀនហើយ ខ្ញុំអាចចេះភាសាខ្លះៗដើម្បីទៅទាក់ទងជាមួយជនមានពិការភាពគថ្លង់ ហើយយល់ពីគ្នាទៅវិញទៅមក។ នៅពេលខ្ញុំមិនចេះភាសាសញ្ញា គឺពិបាកណាស់។ រាល់ពេលខ្ញុំជួបពួកគាត់ ខ្ញុំចង់និយាយសួស្តីទៅពួកគាត់ សួរនាំពួកគាត់ ប៉ុន្តែខ្ញុំមិនដឹងពីរបៀបទំនាក់ទំនងបែបណា។ សម្រាប់ខ្ញុំវគ្គបណ្តុះបណ្តានេះបានជួយខ្ញុំ បានមួយផ្នែកដែរ ក្នុងការប្រាស្រ័យជាមួយជនមានពិការភាពគថ្លង់។ ក្នុងនាមជាអ្នកបានចូលរៀនភាសាសញ្ញា កញ្ញា លើកទឹកចិត្តដល់អ្នកដែលមិនធ្លាប់ចូលរៀន ប៉ុន្តែចង់ទំនាក់ទំនងជាមួយជនមានពិការភាពគថ្លង់ គួរតែឈ្វេងយល់ពីរបៀបទាក់ទង តាមរយៈភាសាសញ្ញានេះ។ សម្រាប់ជនមានពិការភាពគថ្លង់ ពេលខ្លះពួកគាត់ចង់ទំនាក់ទំនងជាមួយអ្នករាល់គ្នា ប៉ុន្តែកាយវិការមិនអាចធ្វើឱ្យអ្នកយល់បានឡើយ។ ដូច្នេះ ការរៀនពីភាសាសញ្ញា គឺអាចឱ្យអ្នកទាំងអស់គ្នា យល់ពីគោលបំណងរបស់អ្នកគថ្លង់។»។
លោក ម៉ក់ សៅឌី អាណាព្យាបាលដែលមានកូនមានបញ្ហា ដោនស៊ីនដ្រូម (Downsyndrome) ក៏បានចូលរួមនៅក្នុងវគ្គសិក្សាខ្លីនេះ តាមរយៈការផ្សព្វផ្សាយពីសាលារៀនទន្សាយ ដែលកូនរបស់លោកកំពុងទទួលការអប់រំ។ លោក សៅឌី មានការចាប់អារម្មណ៍ជាខ្លាំងអំពីមេរៀន និងរបៀបទំនាក់ទំនងជាមួយជនមានពិការភាពគថ្លង់។ លោក សៅឌី បន្តថាដោយសារលោកពិបាកទំនាក់ទំននងជាមួយជនមានពិការភាពគថ្លង់ មិនយល់ពីអ្នកគថ្លង់ ចង់ប្រាប់ជាដើម។ ឆ្លៀតពីប្រកបរបររកស៊ី លោក សៅឌី បានមកចូលរៀនពីភាសាសញ្ញា ក្នុងគោលបំណងចង់ចេះពីរបៀបឆ្លងឆ្លើយជាមួយជនមានពិការភាពគថ្លង់។
លោក ម៉ក់ សៅឌី លើកឡើងដូច្នេះ៖ «ជាលើកទីមួយហើយ ដែលខ្ញុំបានចូលរៀនភាសាសញ្ញានេះ។ ក្រោយរៀនពីភាសាសញ្ញារួច រឹតតែធ្វើឱ្យខ្ញុំមានទំនុកចិត្តក្នុងការបញ្ចេញកាយវិការ តាមរយៈត្រាប់អ្នកគ្រូណែនាំ។ នៅពេលណា បានជួបអ្នកគ ថ្លង់ យើងនឹងយកការចេះដឹងរបស់យើងខ្លះៗហ្នឹងយកទៅនិយាយជាមួយនឹងគាត់។ »
ដើម្បីឱ្យភាសាសញ្ញាប្រើប្រាស់កាន់តែទូលំទូលាយ លោក សៅឌី បានលើកទឹកចិត្តដល់អាណាព្យាបាលចូលរួមឱ្យបានច្រើន ជាពិសេសអាណាព្យាបាលដែលមានកូន មានពិការភាពគថ្លង់ ឬក្នុងគ្រួសារមានអ្នកមានពិការភាពគថ្លង់។
ការរៀបចំបង្រៀនមូលដ្ឋានគ្រឹះ ដល់គ្រូបង្រៀនកុមារពិការសតិបញ្ញា និងអាណាព្យាបាល ក៏ព្រោះសាលារៀនទន្សាយកំពុងយកចិត្តទុកដាក់លើកុមារពិការសតិបញ្ញាស្រាប់។ ដូច្នេះការបង្រៀនមនុស្សចាស់ ឱ្យទៅមានទំនាក់ទំនងជាមួយកុមារ តាមរយៈភាសាដែលមិនអាចនិយាយ ឬស្តាប់បាន វាជាការប្រសើរមួយកម្រិតទៀត។ ក្រៅពីបង្រៀនកុមារពិការសតិបញ្ញា លោកគ្រូអ្នកគ្រូ គួរតែរៀនចំណេះដឹងមួយនេះបន្ថែមទៀត ដើម្បីអាចប្រាស្រ័យជាមួយកុមារមានពិការភាពគថ្លង់ផងដែរ។
លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ បានរៀបរាប់ថា បន្ទាប់ពីសិក្ខាកាម បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ លោកយល់ថា ពួកគេនឹងចូលរួមផ្សព្វផ្សាយពីសារសំខាន់អំពីភាសាសញ្ញា សម្រាប់ទំនាក់ទំនងជាមួយជនមានពិការភាពគថ្លង់ ដែលមិនទាន់បានចូលសាលារៀន ដល់សហគមន៍។ គ្រូបង្រៀនកុមារពិការសតិបញ្ញា ក៏អាចបញ្ចូលចំណេះដឹងទាំងនេះ នៅក្នុងថ្នាក់រៀនពួកគាត់បានទៀតផង។ លើសពីនេះ ឪពុកម្តាយ ក៏ត្រូវយល់ដឹងអំពីការរៀនភាសាសញ្ញានេះ ដើម្បីឱ្យពួកគាត់នាំកូន ដែលមានពិការភាព គថ្លង់ បានចូលរៀនដូចកុមារដទៃ។
«តាមការសង្កេតមើលក្នុងរយៈពេលខ្លីនេះ យើងឃើញថាសិក្ខាកាម ក៏ដូចជាឪពុកម្តាយគួរតែបន្តរៀនបន្ថែមលើភាសាសញ្ញា ដើម្បីឱ្យយល់ស៊ីជម្រៅលើពាក្យពេចន៍ ក៏ដូចជាវិធីសាស្រ្តនៃការទំនាក់ទំនង ភាសាសញ្ញាហ្នឹង។ មនុស្សគ្រប់គ្នាទំនាក់ទំនងគ្នាបាន គឺត្រូវការភាសា។ ប្រសិនបើពួកគាត់រៀនច្រើន នោះចំណេះដឹង ក៏កាន់តែកើន អាចផ្សព្វផ្សាយទៅមនុស្សជុំវិញខ្លួន។ បើទោះវគ្គបណ្តុះបណ្តាលនេះខ្លី ប៉ុន្តែពួកគាត់ក៏អាចចេះបាន និងយល់ខ្លះហើយ។»។
ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ បានបន្ថែមថា សាលារៀនទន្សាយ និងអង្គការ អេដ អេ អាក់ស្យុង នឹងបន្តបើកវគ្គបណ្តុះបណ្តានេះ ជាបន្តបន្ទាប់ ដើម្បីផ្តល់ការអប់រំដល់គ្រូបង្រៀន ឪពុកម្តាយ ឱ្យកាន់តែទូលំទូលាយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ កន្លងមកអង្គការទន្សាយ ក្រោមការគាំទ្រពីអង្គការ អេដ អេ អាកស្យុង បានបង្កើតគម្រោងជួយកុមារក្រៅសាលា ៧០សាលារៀន ដោយបច្ចុប្បន្ន ដៃគូសហការទាំងពីរ និងបានអនុវត្តបានមួយសាលាហើយ គឺនៅសាលាបឋមសិក្សាទួលគោក។ ដូច្នេះលោក រំពឹងថាគម្រោងនេះ នឹងជួយឪពុកម្តាយអាចយល់ដឹង ហើយនាំកូន ដែលពិការសតិបញ្ញា ឬគ ថ្លង់ ចូលរៀនដូចកុមារដទៃទៀត។
សូមជម្រាបថា នាថ្ងៃទី២៣ ខែកញ្ញា គឺជាទិវាភាសាសញ្ញាអន្តរជាតិ។ ការប្រារព្ថទិវាភាសាសញ្ញាអន្តរជាតិ គឺដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសា និងភាពចម្រុះនៃវប្បធម៌ របស់ជនមានពិការភាពគថ្លង់ទាំងអស់ និងអ្នកប្រើប្រាស់ភាសាសញ្ញាផ្សេងទៀត៕
អត្ថបទដោយ៖ ហេង ស្រីលីន
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤